Friday, 12 October 2012

បទ​ល្មើស​រំលោភ​សេព​សន្ថវៈ​គឺជា​ក្តី​បារម្ភ​នៅ​ក្នុង​ប្រទេ​សកម្ពុជា

121012_2b
រូប​ភាព​ស្រើប​ស្រាល​លើ​អ៊ីនធឺណែត​​ ហើយ​ក៏​ត្រូវ​អ្នក​ខ្លះ​ ដាក់​ក្នុងទូរស័ព្ទ​។
លោក​ការីនិពន្ធ​ជាទីរាប់អាន!
ការ រំលោភ​ផ្លូវ​ភេទ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​បារម្ភ ក្នុង​សង្គម​កម្ពុជា​នា​ទសវត្សរ៍​ចុង​ក្រោយ​នេះ ជា​ពិសេស​នៅ​តាម​មូលដ្ឋាន​ជន​បទ​។ ករណី​ដែល​គួរ​ឲ្យ​បារម្ភ​បំផុត​នោះ គឺការ​កើត​ឡើង​ចំពោះ​កុមារី និង​អនី​តិជន​ ដែល​នឹង​ប៉ះ​ពាល់ ដល់​អនាគត កិត្តិយស ការ​សិក្សា និង​វិបត្តិ​ផ្លូវ​ចិត្ត​របស់​ពួក​គេ។ ករណី​ខ្លះ មាន​ឧក្រិដ្ឋជន​ជា​ជីតា ឪពុក​បង្កើត ឪពុក​ចុង ឪពុក​មា ជា​ដើម ដែល​ទង្វើ​ពួក​គេ​ ស្មើ​នឹង​សត្វ​តិរច្ឆាន​។ តើ​ស្ថាន​ការណ៍​នេះ បញ្ជាក់​ថា​ ពួក​គេ​មាន​ជំងឺ​ផ្លូវ​ចិត្ត ឬ​យ៉ាង​ណា? ហេតុ​អ្វី​ទង្វើ​ទាំង​នេះ កំពុង​តែ​កើត​មាន​ក្នុង​សង្គម​ខ្មែរ ដែល​មាន​វប្បធម៌ ប្រពៃណី​ដ៏​ផូរ​ផង់? តើ​គួរ​មាន​ដំណោះ​ស្រាយ​បែប​ណា?
បទ ​ឧក្រិដ្ឋ​រំលោភ​ផ្លូវ​ភេទ មិន​មែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ ប្រទេស​ណា​ក៏មាន​ដែរ ​គ្រាន់​តែ​តិច ឬ​ច្រើន ហើយ​នៅ​ប្រទេស​ជឿន​លឿន បើ​បាន​កើត​មាន ឧក្រិដ្ឋជន​ច្រើន​ជា​ជន​វិកល​ចរិត ឬ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ។ វប្បធម៌​លោក​ខាង​លិច​បើក​ចំហ​ តែ​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​របស់​ពួក​គេ​បាន​រឹត​ត្បិត​ មិន​ឲ្យ​ទង្វើ​បែប​នេះ​កើត​មាន​ទេ​។
មូល​ហេតុ​ចម្បង
ខ្ញុំយល់​ថា ជន​កម្ពុជា​ ដែល​ហ៊ាន​​ប្រព្រឹត្ត​អំពើ​គម្រក់​ទាំង​នេះ ក៏​ដោយ​សារ​ពួក​គេ​មាន​ជំងឺ​​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ ឬ​រ៉ាំរ៉ៃ។ ហេតុ​ផល​ចម្បង​ពីរ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​​ផ្លូវ​ចិត្ត ដែល​ឈាន​ទៅ​ដល់​ការ​មិន​អាច​គ្រប់គ្រង​តណ្ហា​របស់​ពួក​គេ​គឺ៖
១. ការ​សេព​គ្រឿង​ស្រវឹង៖ គ្រឿង​ស្រវឹង​រួម​មាន ស្រាស ស្រា​ថ្នាំ ទឹក​ត្នោត​ជូរ និង​ស្រា​បៀរ ត្រូវ​បាន​តាំង​លក់​យ៉ាង​អនាធិបតេយ្យ​ក្នុង​តម្លៃ​ថោកៗ។ វា​ពិត​ជា​គ្រឿង​បំពុល​ ក្នុង​ចំណោម​មនុស្ស​ទាំង​នៅ​ទីក្រុង និង​ជន​បទ ដោយ​មិន​រើស​ពេល​វេលានិង​ទីក​ន្លែង​ឡើយ​។ ការ​សេព​គ្រឿង​ស្រវឹងធ្វើ​ឲ្យ​មនុស្ស​បាត់​បង់​វិញ្ញាណមិន​ដឹង​ខុស​ត្រូវ​ ។ វា​បាន​ក្លាយ​ជា​ទម្លាប់ និង​ការ​ពេញ​និយម​របស់​ក្រុម​មនុស្ស​ដោយ​សារ​សល់​ពេល​ទំនេរ​ច្រើន​ ឬ​មិន​ដឹង​ធ្វើ​អ្វី។ ពួក​គេ​ភាគ​ច្រើន ក្រោយ​ពេល​ស្រវឹង​ប្រព្រឹត្ត​អំពើ​ពាលា​អាវ៉ាសែ ដែល​ប៉ះពាល់​ដល់​សេចក្តី​សុខ សុវត្ថិភាព​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​អ្នក​ដទៃ។ ការ​ស្រវឹង​ជា​ប្រចាំ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ឈាន​ទៅ​ដល់​ជំងឺ​ផ្លូវ​ចិត្ត។
២. រូប​ភាព និង​វីដេ​អូស្រើប​ស្រាល​ ៖ ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា បាន​ធ្វើ​ឲ្យ​ជន​កម្ពុជា​ជ្រួល​ជ្រើម​ហួស​ពីការ​ស្មាន។ បើ​អ្នក​ទិញ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​ពីហាង អ្នក​លក់​សេវាកម្ម​បាន​បញ្ចូល​កម្ម​វិធី ចម្រៀង រូបភាព និង វីដេអូ និង​បញ្ចូល​រូប​ភាព និង​វីដេអូ​ស្រើបស្រាល​ ដោយ​មិន​គិត​ថ្លៃ បើ​អ្នក​មិន​បាន​ប្រាប់​ថា​ កុំ​ទេ​នោះ។ ការ​ផ្តល់​សេវាកម្ម ផ្តេស​ផ្តាស​ទាំង​នេះ មាន​សឹង​គ្រប់​ទិស​ទី​ ដោយ​គ្មាន​ការ​គ្រប់​គ្រង​ច្បាស់​លាស់ និង​ដោយ​មិន​បាន​ដឹង​ពីផល​ប៉ះ​ពាល់ ដល់​សង្គម​ខ្មែរ​ដ៏ស្អាត​ស្អំ​នោះ​ឡើយ​។ ការ​លក់​ឌីស​ចម្លងនិង​ការ​ចាក់​បញ្ចាំង​វីដេអូស្រើ​បស្រាល​ក៏​កំពុង​ រីករាល​ដាល​ផង​ដែរ។
ផល​វិបាក
ការ​បំប៉ន​តណ្ហា​ផ្លូវ​ភេទ​របស់​ខ្លួន​ ត្រឹម​ប៉ុន្មាន​នាទី វា​បាន​ធ្វើ​ឲ្យ​ជន​រង​គ្រោះ ​រង​នូវ​វិបត្តិ​ផ្លូវ​ចិត្ត​អស់​មួយ​ជីវិត។ នេះ​ជាវិធី​ចម្លង​មេរោគ​ជំងឺ​ផ្លូវ​ចិត្ត​ក្នុង​សង្គម​ខ្មែរ ដ៏​គួរ​ឲ្យ​​ភ័យ​ខ្លាច ក្រៅ​ពី​ជំងឺ​ហ៊ីវ និង​កាម​រោគ។ ការ​បែក​បាក់​ក្រុម​គ្រួសារ បាត់​បង់​សមាជិក​គ្រួសារ បាត់​បង់​អនាគត​ កិត្តិយស​បុគ្គល កម្លាំង​ការងារ​ក្នុង​សង្គម សុទ្ធ​តែ​ជា​ផល​វិបាក។
ដំណោះ​ស្រាយ
១. ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង៖ គ្រឿង​ស្រវឹង​ត្រូវ​តែ​លក់​ដល់​ជន​ណា​ដែល​មាន​អាយុ​មិន​តិច​ជាង​១៨ ឆ្នាំ។ ការ​កម្រិត​ស្តង់ដារ ការ​លើក​កម្ពស់​គុណភាព ការ​វេច​ខ្ចប់ និង​លិខិត​អនុញ្ញាតការ​ផលិត ដល់​ផលិតករ​ក្នុង​ស្រុក ​ចំពោះ គ្រឿង​ស្រវឹង ដូច​ជា ស្រាស ស្រា​ថ្នាំ ទឹក​ត្នោត​ជូរ​ គួរ​ត្រូវ​តែ​ជំរុញ។ ឧទាហរណ៍ ដូច​ជា​ គម្រោង​ស្រា​តាកែវ​របស់ JICA ជា​ដើម។ ការ​ដំឡើង​ពន្ធ​អាករ​បន្ថែម លើ​គ្រឿង​ស្រវឹង​ក៏​ជា​ដំណោះស្រាយ​ផង​ដែរ​។ ប្រយោជន៍​នៅ​ត្រង់​នេះ មាន​ពីរ ទីមួយ លើក​កម្ពស់​ផលិត​ផល​ក្នុង​ស្រុក ចំណូល​អ្នក​ផលិត និង​ថវិកា​ជាតិ ទីពីរ ផលិតផល​គ្រឿង​ស្រវឹង ដែល​មាន​តម្លៃ​ថ្លៃ​ជាង​មុន​នឹង បង្វែរ​ទិសដៅ​អតិថិជន​ពី​អ្នក​ជន​បទ និង​ក្នុង​ស្រុក ទៅ​ជា​អតិថិជន​ក្រៅ​ស្រុក និង​ទេសចរ​បរទេស។
២.វិធាន​ការ​ក្តៅ​ របស់​សមត្ថកិច្ច​កម្ចាត់​រូបភាព និង​វីដេអូ​ស្រើបស្រាល​ចេញ​ពី​សង្គម​ខ្មែរ ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដើម្បី​រក្សា​វប្បធម៌ ប្រពៃណី​ដ៏​ផូរ​ផង់​របស់​ខ្មែរ និង​ដើម្បី​ដុស​ខាត់​ការ​គិត និង​លុប​បំបាត់​ជំងឺ​ផ្លូវ​ចិត្ត ហើយ​នឹង​លើក​តម្កើង ភាព​សុខដុម​រមនា​ក្នុង​សហគមន៍​គ្រួសារ​ខ្មែរ៕
ដោយ ប៉ែន មីរ៉ាន់ដា និស្សិត​ថ្នាក់​បណ្ឌិត​ នៅ​សាកល​វិទ្យាល័យ New England នៅ​ប្រទេស​អូស្ដ្រាលី

Source: Phnom Penh Post http://postkhmer.com/index.php/national/letter-to-editor/87505-2012-10-12-04-11-31

ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នឹង​ក្លាយ​ជា​ឧបសគ្គ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា

121012_11
កសិករកំពុង​ស្ទូងស្រូវ។ វិស័យកសិកម្ម ពិសេសដំណាំស្រូវ​ងាយរងគ្រោះជាងគេពីការប្រែប្រួល​អាកាសធាតុ ។ រូបថត ម៉ៃ វីរៈ​
























តូក្យូៈ លោក Jin Yong Kim ប្រធាន​ធនាគារ​ពិភព​លោក បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ប្រែប្រួល​អាកាស​ធាតុ​គឺជា​ក្តី​កង្វល់​សម្រាប់​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ី​មួយ​ចំនួន រាប់​បញ្ចូល​ទាំង​កម្ពុជា​ផង​ដែរ។
សេដ្ឋវិទូ កត់​សម្គាល់​ឃើញ​ថា បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម។
នៅសន្និសីទ ​ព័ត៌មាន​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់ IMF និងធនាគារ​ពិភព​លោក លោកJim Yong Kim បាន​លើក​ឡើង​ថា៖ «ខ្ញុំ​ពិត​ជា​ភ្ញាក់​ខ្លាំង​ណាស់ កាល​ពី ៦​ខែ​មុន ដែល​ទិន្នន័យ​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ បាន​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ័យ​ខ្លាច»។
លោកបានថ្លែង​ថា គ្រោះ​រាំង​ស្ងួត ដែល​បណ្តាល​ឲ្យ​ទំនិញ​ឡើង​ថ្លៃ គឺ​ដោយសារ​ការ​ប្រែ​ប្រួល​បរិយាកាស​ដែល​បង្ក​ឡើង​ដោយ​មនុស្ស។ ម្យ៉ាង​ទៀត អ្នក​វិទ្យាសាស្ត្រ​៩៧​ភាគរយ​ឯកភាព​ថា ការ​ប្រែប្រួល​អាកាស​ធាតុ​បង្ក​ដោយ​មនុស្ស​គួរ​ឲ្យ​ភ័យ​ខ្លាច។
លោក Kim លើក​ឡើង​ថា៖ «ខ្ញុំ​គិត​ថា យើង​ចាប់​ផ្តើម​សញ្ជឹង​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ថា តើ​ពិភព​លោក​នឹង​ទៅ​ជា​យ៉ាង​ណា​សម្រាប់​ជំនាន់​កូនៗ​របស់​ពួក​យើង។ តើ​យើង​អាច​ស្វែង​រក​មធ្យោបាយ​បង្កើត​ទីផ្សារ​ឲ្យ​កាន់​តែ​ធំ សម្រាប់​បច្ចេក​វិទ្យា​ថ្មីៗ​ដោយ​ផ្តោត​ជា​សំខាន់​លើ​ការ​កាត់​បន្ថយ​ការ ប្រែប្រួល​បរិយាកាស​នោះ? ខ្ញុំ​គិត​ថា នឹង​មាន​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ យើង​ត្រូវ​លើក​ទឹក​ចិត្ត​ក្រុម​ហ៊ុន ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន ដើម្បី​ចាប់​យក​ឱកាស​ទាំង​នោះ និង​យល់​បាន​ថា ផ្លូវ​សម្រាប់​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច អាច​ជា​ផ្លូវ​ដ៏​ល្អ ក្នុង​ការ​ស្វែង​រក​បច្ចេក​វិទ្យា​ថ្មី វិធី​សាស្ត្រ​ថ្មី​សម្រាប់​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​បរិយាកាស»។
លោក ចាន់ សុផល ប្រធាន​សមាគម​សេដ្ឋ​កិច្ច​កម្ពុជា បាន​កត់​សម្គាល់​ថា​បរិយា​កាស​បច្ចុប្បន្ន នឹង​ជាប់​ទាក់​ទង​នឹង​កំណើន​សេដ្ឋកិច្ច។ លោក​បន្ត​ថា៖ «ជា​ការ​ពិត វាជា​ក្តី​កង្វល់​ទាក់ទង​នឹង​ផល​ប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋកិច្ច ដោយ​សារ​វា​នឹង​ប៉ះ​ពាល់​ដល់​កសិករ​ដែល​ងាយ​រងគ្រោះ។ វា​ប៉ះ​ពាល់​ខ្លាំង​ដល់​វិស័យ​កសិកម្ម»។
គ្រោះរាំង​ស្ងួត​ប៉ះ​ពាល់ ដល់​ខេត្ត​ក្រុង​ចំនួន​១១ ក្នុង​ចំណោម ២៤​ខេត្ត​ក្រុង នៅ​កម្ពុជា និង​ប៉ះ​ពាល់​ដល់​សំណាប​រាប់​ពាន់​ហិកតា។ នេះ​បើ​យោង​តាមគណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ។
ដំណាំស្រូវ​ជាច្រើន​ហិកតា​នៅ​ខេត្ត​មួយ​ចំនួន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ក៏​កំពុង​រង​ផល​ប៉ះពាល់​ដោយ​គ្រោះទឹក​ជំនន់​ផងដែរ។
លោក សុផល បាន​លើក​ឡើង​ទៀត​ថា៖ «ខ្ញុំ​គិត​ថា ប្រទេស​យើង មិន​ទាន់​បាន​ដោះ​ស្រាយ​នឹង​គ្រោះ​មហន្តរាយ ធម្មតា ដូចជា ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​នៅ​ឡើយ​ទេ។ មាន​ជំនួយ​មួយ​ចំនួន​សម្រាប់​ដោះ​ស្រាយ​ភាព​ខូច​ខាត​ទាំង​នោះ។ អ្វី​ដែល​សំខាន់​យើង​ត្រូវ​ការ​ជំនួយ​ដើម្បី​ទប់​ទល់​នឹង​ផល​ប៉ះ ពាល់ ដោយ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​កសាង​ប្រព័ន្ធ​ធានា​រាសាស្ត្រ​នៅ​ពេល មាន​ទឹក​ជំនន់ ឬ​គ្រោះ​មហន្ត​រាយ ដូច្នេះ​កសិករ​អាច​ធ្វើ​កសិកម្ម​បាន​នៅ​គ្រប់​រដូវ»៕CS

Source: Phnom Penh Post http://postkhmer.com/index.php/business/2-business-news/87513-2012-10-12-04-43-27

Sunday, 23 September 2012

ការ​ចូល​រួម​របស់​ព្រះ​ពុទ្ធ​សាសនា ក្នុង​សង្គម​ខ្មែរ

2012-09-23
បច្ចុប្បន្ន​គេ​សង្កេតឃើញ​វត្តអារាម ព្រះសង្ឃ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​រីកចម្រើន​ទាំង​នៅ​ទីក្រុង និង​ជនបទ។ មាន​សំណួរ​សួរ​ថា ការ​រីកចម្រើន​វិស័យ​ព្រះពុទ្ធសាសនា​នេះ តើ​មាន​ឥទ្ធិពល​បែប​ណាខ្លះ​ទៅ​នឹង​ការអភិវឌ្ឍន៍​សង្គម​នៅ​ពេល​បច្ចុប្បន្ន និង​អនាគត?

រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​បាន​កំណត់​ថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ ៩០% គឺ​ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ច្រើន​ជំនាន់​កន្លង​ទៅ​និង​នា​ បច្ចុប្បន្ន​នេះ។
ជាទូទៅ ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន គោរព​ប្រតិបត្តិ​ព្រះសង្ឃ​តំណាង​ឲ្យ​ព្រះពុទ្ធសាសនា តាម​ជំនឿ និង​ទំនៀមទម្លាប់​តៗគ្នា​ពី​ដូនតា​មក។ ប្រជាពលរដ្ឋ​អ្នក​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​ចាត់​ទុក​ព្រះសង្ឃ​ជា​ទីពឹង នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដូច​ជា ត្រូវ​ការ​ព្រះសង្ឃ​ចូលរួម​បុណ្យ​ប្រពៃណី​មាន បុណ្យភ្ជុំបិណ្ឌ មាឃបូជា ពិសាខបូជា បុណ្យ​សព​ក្រុម​គ្រួសារ​សាច់ញាតិ ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់ ពេល​រៀបអាពាហ៍ពិពាហ៍ បុណ្យជាតិ​ដូចជា បុណ្យចូលឆ្នាំ បុណ្យខួប​ឯករាជ្យជាតិ និង​ពិធីបុណ្យ​ច្រើន​ទៀត ដែល​ប្រជាពលរដ្ឋ មន្ត្រីរាជការ សង្គម​ស៊ីវិល អាជីវករ សិប្បករ សុទ្ធសឹងតែ​ត្រូវការ​ព្រះសង្ឃ​នៃ​ព្រះពុទ្ធសាសនា។
ដោយសារ​ពលរដ្ឋ​ខ្មែរ​មាន​តម្រូវការ​ព្រះសង្ឃ​នៅ​គ្រប់​ការងារ​សង្គម​បែប​ នេះ មាន​សាធារណមតិ​​មួយ​ចំនួន​ធំ​បាន​លើក​តម្កើង​ថា ព្រះពុទ្ធសាសនា បាន​រួមចំណែក​ធ្វើ​ឲ្យ​សង្គម​មាន​ការ​អភិវឌ្ឍន៍ តាំងពី​អតីតកាល បច្ចុប្បន្នកាល និង​តទៅ​អនាគតកាល​ថែមទៀត។
ព្រះភិក្ខុ សុណ្ណត្ថេរោ គង់​នៅ​វត្ត​អូរ​ចេង ក្នុង​ស្រុក​កូនមុំ ខេត្ត​រតនគិរី ព្រះនាម វ៉េត សុណ្ណនី មាន​ថេរ​ដីកា​គាំទ្រ​ចំពោះ​ទស្សនៈ​ថា ព្រះពុទ្ធសាសនា​មាន​តួនាទី​សំខាន់​ធ្វើ​ឲ្យ​សង្គម​មាន​ការ​ រីកចម្រើន។ព្រះអង្គ​បាន​ពន្យល់​ថា ក្រៅពី​បាន​បំពេញ​តួនាទី​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី និង​បុណ្យ​នានា​ក្នុង​សង្គម​ព្រះសង្ឃ ផ្អែក​ទៅ​លើ​ទ្រឹស្ដី​ដែល​មាន​ចែង​ក្នុង​គម្ពីរ​ធម៌​របស់​ព្រះពុទ្ធ​បាន​ អប់រំ​មនុស្ស​ឲ្យ​មាន​ការ​យល់ដឹង​នៅ​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ហើយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​ធនធាន​មនុស្ស​ដ៏​សំខាន់។
ព្រះភិក្ខុ​ព្រះនាម វ៉េត សុណ្ណនី៖ «ពុទ្ធសាសនា​គឺ​ផ្ដល់​នូវ​ ការអភិវឌ្ឍន៍​ចំពោះ​ប្រទេស​កម្ពុជា​ដូចជា ផ្នែក​ខាង​អប់រំ ទៅ​តាម​ទស្សនៈ​ព្រះពុទ្ធសាសនា។ ព្រះពុទ្ធ​ជា​ម្ចាស់​ព្រះអង្គ​សំដែង​ថា ឲ្យ​មនុស្ស​ចេះ​ប្រព្រឹត្ត​នូវ​អំពើល្អ ដឹងគុណ​មាតាបិតា និង​ចេះ​សន្ដោស​ប្រោសប្រណី​ធ្វើ​សេចក្ដី​ល្អ​ចំពោះ​អ្នក​ដទៃ​ ជាដើម»។
ព្រះអង្គ​មាន​ថេរ​ដីកា​កត់សំគាល់​ថា វិស័យ​ព្រះពុទ្ធសាសនា​មិន​ត្រឹម​តែ​ធ្វើឲ្យ​មាន​ការ​រីកចម្រើន​ផ្នែក​​ ធនធានមនុស្ស និង​ការ​យល់ដឹង​នោះ​ទេ ក៏ប៉ុន្តែ​វត្តអារាម និង​ព្រះសង្ឃ​ក៏​ជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​​សង្គម​ជាក់ស្ដែង និង​ដ៏​សំខាន់​នៅ​ក្នុង​សង្គម​ខ្មែរ​ទៀត​ផង ពីព្រោះ​វត្តអារាម​ព្រះពុទ្ធសាសនា​ជាច្រើន​បាន​ផ្ដល់​ជា​ទីតាំង​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សង្គ្រោះ​ក្មេងកំព្រា មនុស្ស​អនាថា គ្មាន​ទីពឹង ហើយ​ព្រះសង្ឃ​ជាច្រើន​បាន​រួមចំណែក​ក្នុង​ការងារ​អភិវឌ្ឍន៍​សង្គម​នេះ។
ព្រះភិក្ខុ​ព្រះនាម វ៉េត សុណ្ណនី៖ «ខាង​អភិវឌ្ឍន៍​សង្គម​គឺ​ខាង​ ព្រះពុទ្ធសាសនា ព្រះសង្ឃ​ចុះ​ជួយ​អប់រំ​ ដល់​កុលបុត្រ​នៅ​ក្នុង​សាលា​ទាំង​បឋម ទាំង​អនុវិទ្យាល័យ។ ព្រះសង្ឃ​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​សង្គម​ដូចជា ការ​កសាង​ផ្លូវ កសាង​សាលា ស្ពាន មន្ទីរពេទ្យ​ជាដើម ដើម្បី​ជួយ​សម្រាល​ដល់​ការ​អភិវឌ្ឍន៍​រាជរដ្ឋាភិបាល​ហើយ​មាន​ចំណុច​ច្រើន​ បន្ថែម​ទៀត»។
នៅ​ក្នុង​សៀវភៅ​ទស្សនវិជ្ជា ព្រះពុទ្ធសាសនា​របស់​លោក​សាស្ត្រាចារ្យ ស សារុន ចេញ​ផ្សាយ​កាល​ពី​ទសវត្ស​ឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ បាន​សរសេរ​ថា ៧០% នៃ​ពលរដ្ឋ​ខ្មែរ​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​មិន​បាន​យល់ដឹង​ ស៊ីជម្រៅ​ពី​វិស័យ​ព្រះពុទ្ធសាសនា​នៅ​ឡើយ​ដូចជា និយមន័យ​ថា​អ្វី​ជា​សាសនា? អ្វី​ជា​ពុទ្ធសាសនា? ហើយ​តើ ទ្រឹស្ដី​ព្រះពុទ្ធសាសនា​ដឹកនាំ​មនុស្ស​មាន​គុណសម្បត្តិ និង​​គុណវិបត្តិ​អ្វីខ្លះ? ជាដើម។
ព្រះ​គ្រូ សុវណ្ណ កូបរាសី អនុ​គុណ ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី និង​ជា​ចៅអធិការ​វត្ត​សីលា​សុវណ្ណ​គង្គា ព្រះនាម សាយ វិចិត្រ បាន​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ក្នុង​នោះ ក៏​មាន​ព្រះសង្ឃ​មួយ​ចំនួន​ធំ ដែល​ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​នៅតែ​មិនទាន់​បាន​ប្រតិបត្តិ​ ត្រឹមត្រូវ​តាម​ការ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ ដែល​ជា​សង្គមវិទូ​មួយ​ដ៏​ធំ​នៅ​លើ​ពិភពលោក​នេះ​មែន។
ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា ការ​មិន​បាន​យល់ដឹង​ពី​ទ្រឹស្ដី​អប់រំ​របស់​ព្រះពុទ្ធសាសនា​នេះ​នឹង​ធ្វើ​ ឲ្យ​មាន​ការ​យល់​ខុស និង​ធ្វើ​ខុស​ហើយ​ប្រការ​ទាំងអស់​នេះ​ក៏​មិន​បាន​លើកស្ទួយ​វិស័យ​ ព្រះពុទ្ធសាសនា និង​ជំរុញ​ឲ្យ​មាន​ការអភិវឌ្ឍន៍​ក្នុង​សង្គម​នោះ​ទេ ផ្ទុយទៅវិញ​ការប្រតិបត្តិ​វិស័យ​ព្រះពុទ្ធសាសនា​ដោយ​ខ្វះ​ការ​យល់ដឹង​នឹង​ នាំឲ្យ​សង្គម​មាន​បញ្ហា​មិន​ប្រសើរ​មិន​រីកចម្រើន។
ចៅអធិការ​វត្ត សាយ វិចិត្រ៖ «ជឿ​កាន់​តាម​គ្នា​អញ្ចឹង​ទៅ គាត់​មិន​បាន​យល់​ពី​ការ​អប់រំ មិន​យល់​ពី​ពុទ្ធដីកា​របស់​ព្រះសម្មាសម្ពុទ្ធ​ធ្វើ​ហ្នឹង​ចេះ​តែ​ធ្វើ​តាមៗ គ្នា ឲ្យ​តែ​អ្នក​ឯង​កាន់​សាសនា​អ្វី ខ្ញុំ​កាន់​សាសនាព្រះពុទ្ធ ប៉ុន្តែ​អត់​បាន​យល់​នូវ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​ទេ។ មិន​បាន​សិក្សា​ស៊ីជម្រៅ​ផ្នែក​ពុទ្ធដីកា តាម​គម្ពីរ​ព្រះ​ត្រៃបិដក។ សូម្បី​អ្នក​ខ្លះ​អាន​អក្ខរាវិរុទ្ធ​បាលី​នៃ​ការ​សម្មា​ទាន​សីល ក៏​អាន​សឹង​មិន​ត្រូវ​ផង ម្ល៉ោះ​ហើយ​ប្រែ​ខុស​ទៅ​ការអនុវត្ត​រឹត​តែ​ខុស​ថែម​ទៀត»។
របាយការណ៍​របស់​ក្រសួងធម្មការ​និង​សាសនា​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ទូទាំង​ប្រទេស មាន​វត្ត​ព្រះពុទ្ធ​សាសនា​ជាង ៤.០០០ វត្ត និង​ព្រះសង្ឃ​ជាង ៥០.០០០ អង្គ នេះ​មិន​រាប់​វត្ត និង​ព្រះសង្ឃ​ខ្មែរ​នៅ​ឯ​បរទេស​មួយ​ចំនួន​ទៀត​នៅឡើយ។ ក្នុង​នោះ​ដែរ​ក៏​មាន​បង្កើត​ឡើងវិញ​ពុទ្ធិក​សាកលវិទ្យាល័យ​ចំនួន​៣ ពុទ្ធិកមហាវិទ្យាល័យ អនុវិទ្យាល័យ សាលា​ពុទ្ធិក​បឋមសិក្សា និង​សាលា​ធម្ម​វិន័យ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង។
អគ្គាធិការ​រង​នៃ​ពុទ្ធិកសិក្សា​ជាតិ បណ្ឌិត ឈិន ប៊ុនលី មាន​ថេរ​ដីកា​ថា ការ​រីកចម្រើន​ឡើង​វិញ​នូវ​មូលដ្ឋាន​សិក្សា​ផ្នែក​ពុទ្ធសាសនា​នេះ​មាន​ សារៈសំខាន់ ដើម្បី​ឲ្យ​ព្រះសង្ឃ​ជា​សមណ​សិស្ស​បាន​សិក្សា​ស្វែង​យល់​ត្រឹមត្រូវ​នៃ​ ពុទ្ធវចនៈ ដើម្បី​យក​មក​អប់រំ​ប្រជាពលរដ្ឋ​បង្កើន​ការ​យល់ដឹង​បាន​ត្រឹមត្រូវ​ក្នុង​ វិស័យ​ព្រះពុទ្ធសាសនា។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា សង្គម​មួយ​អាច​រីកចម្រើន​បាន​ប្រសិន​ប្រជាពលរដ្ឋ​មាន​ការ​យល់ដឹង​ត្រូវ និង​ធ្វើ​ត្រូវ ជាពិសេស​វិស័យ​ព្រះពុទ្ធសាសនា គឺ​បាន​រួម​ចំណែក​ធំធេង​ក្នុង​បញ្ហា​នេះ។
លោក ឈិន ប៊ុនលី៖ «ឥឡូវ​ពុទ្ធិក​សាកលវិទ្យាល័យ​ហ្នឹង​កំពុង​តែ​បង្កើត​ ថ្នាក់​ក្រោយ​ឧត្ដម​ទៀត​បាន​ន័យ​ថា បើក​ថ្នាក់​សញ្ញាប័ត្រ​ជាន់​ខ្ពស់ ថ្នាក់​អនុបណ្ឌិត​ចាប់ពីឆ្នាំ២០១២ ទៅ។ ព្រះសង្ឃ​កាលណា​លោក​មាន​ការ​ចេះដឹង​ហើយ​លោក​នឹង​ពន្យល់​ណែនាំ​ទ្រឹស្ដី​ ពុទ្ធិ​សាសនា​បាន​ទូលំទូលាយ និង​ស៊ីជម្រៅ ដល់​មហាជន​ឲ្យ​បាន​យល់​នូវ​ពុទ្ធវចនៈ​ហ្នឹង ការ​រីកចម្រើន​ផ្នែក​ចំណេះដឹង ខាង​ស្មារតី​រីកចម្រើន​ផ្នែក​ខាង​ការអភិវឌ្ឍន៍​វប្បធម៌​របស់​យើង»។
កាលពី​របប​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា របប​ខ្មែរ​ក្រហម​វិស័យ​ព្រះពុទ្ធសាសនា​មិន​ត្រូវ​បាន​ទទួល​ស្គាល់ និង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ប្រតិបត្តិ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វត្ត​អារាម​ព្រះសង្ឃ គម្ពីរ​ធម៌ និង​សាលា​អប់រំ​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ហេតុ​នេះ​ហើយ​គេ​សង្កេត​ឃើញ​ការអភិវឌ្ឍន៍​នៃ​សម័យ​ខ្មែរក្រហម គឺ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សំលៀកបំពាក់​គ្រប់គ្រាន់ បង្ខំ​ឲ្យ​ធ្វើ​ការងារ​ច្រើន​លើស​កម្រិត ប្រជាពលរដ្ឋ​មាន​ជំងឺ ផ្លូវ​ថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ផ្នែក​មិន​មាន​ការ​រីកចម្រើន និង​ប្រជាពលរដ្ឋ​ជាង ១ លាន​នាក់ ត្រូវ​គេ​កាប់​សម្លាប់៕

Radio Free Asia (RFA in Khmer) http://www.rfa.org/khmer/indepth/religion-09222012235917.html

Friday, 21 September 2012

ពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម

2012-09-21
ក្នុង​គោល​បំណង​បញ្ជ្រាប​ពុទ្ធឱវាទ ផ្សព្វផ្សាយ​នូវ​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ទៅ​ដល់​មហាជន ដើម្បី​រួម​ចំណែក​ជួយ​អភិវឌ្ឍន៍​ប្រទេស​ជាតិ ឲ្យ​ជៀស​ផុត​ពី​អបាយមុខ​ផ្សេងៗ និង​ផ្ដល់​ចំណេះ​ដឹង​ទូទៅ​ដល់​ប្រជាពលរដ្ឋ រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា បាន​បង្កើត​កម្មវិធី "នាទី​ពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​សង្គម"។

កម្មវិធី​នេះ បាន​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ ទាំង​រដ្ឋ និង​ឯកជន ដោយ​សង្ឃឹម​ថា​នឹង​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ប្រជាពលរដ្ឋ ឲ្យ​ត្រងត្រាប់​តាម​ពុទ្ធឱវាទ និង​មាន​ជីវភាព​រស់នៅ​ល្អ​នៅ​ក្នុង​សង្គម។
ពុទ្ធបរិស័ទ​ជាច្រើន រួម​មាន​លោក​អាចារ្យ អាចារ្យរិនី យុវ​សិស្ស បាន​ត្រងត្រាប់ និង​លើក​ដៃ​ប្រណម​ ផ្ទៀង​ស្ដាប់​ព្រះសង្ឃ​ទេសនា​អប់រំ​ចិត្ត ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ និង​មាន​គុណធម៌។ ព្រះតេជព្រះគុណ ឈឹង ប៊ុនឈា មាន​ថេរ​ដីកា​ក្នុង​នាទី​ពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​សង្គម បាន​ទូន្មាន​ទៅ​ដល់​ពុទ្ធបរិស័ទ​ថា ប្រសិន​បើ​គ្មាន​គុណធម៌​ក្នុង​ខ្លួន រមែង​ធ្វើ​ឲ្យ​មនុស្ស​រស់នៅ​មិន​បាន​ល្អ និង​ជួប​តែ​រឿង​ក្ដៅ​ក្រហាយ​ មិន​ចេះ​ចប់​មិន​ចេះ​ហើយ។
ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ផ្សព្វផ្សាយ​ពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​ សង្គម នៃ​ក្រសួង​ធម្មការ និង​កិច្ចការ​ សាសនា លោក សាន សម្ផស្ស ឲ្យ​ដឹង​ថា "គុណធម៌" គឺ​ជា​ប្រធាន​បទ​មួយ ក្នុង​ចំណោម​ប្រធាន​បទ​ជាង ៣០០ ដែល​គាត់ និង​សហការី​បាន​តាក់​តែង និង​ដាក់​ប្រគេន​ឲ្យ​ព្រះសង្ឃ​ទេសនា​រួច​មក​ហើយ ចាប់​តាំង​ពី​កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០០៩។
ប្រធាន​បទ​ដែល​ជ្រើស​រើស ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ស្ថានភាព​សង្គម​ជាក់​ស្ដែង​នៅ​កម្ពុជា រួម​មាន​ការ​ចៀស​ផុត​ពី​បញ្ហា​គ្រឿង​ញៀន ចៀស​ផុត​ពី​បញ្ហា​ក្មេង​ទំនើង ឲ្យ​ចៀស​ផុត​ពី​ការ​យល់​ខុស ចៀស​ផុត​ពី​ការ​ចាប់​រំលោភ​ផ្លូវ​ភេទ និង​អប់រំ​ស្ត្រី​មាន​គភ៌​ឲ្យ​ចេះ​រក្សា​គភ៌ ឧស្សាហ៍​ទៅ​ពិនិត្យ ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ ដើម្បី​សុវត្ថិភាព​មាតា និង​ទារក។
លោក សាន សម្ផស្ស លោក​ពន្យល់​ថា ព្រះពុទ្ធ​សាសនា​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​សង្គម និង​មិន​អាច​កាត់​ផ្ដាច់​បាន ទាំង​ក្នុង​ការ​ទូន្មាន​ពុទ្ធបរិស័ទ ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ និង​អប់រំ​យុវជន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​គ្រឿង​ញៀន ការ​ប្រព្រឹត្ត​អំពើ​អសីលធម៌ និង​មិន​គោរព​ឱវាទ​ឪពុកម្ដាយ ឬ​លោកគ្រូ​អ្នកគ្រូ ឲ្យ​ងាក​ត្រឡប់​មក​ប្រព្រឹត្ត​អំពើ​ល្អ ស្គាល់​ខុស​ត្រូវ និង​ចៀស​ផុត​អំពើ​អបាយមុខ​ផ្សេងៗ ដែល​សង្គម​ស្អប់​ខ្ពើម។
លោក សាន សម្ផស្ស៖ «ប្រទេស​កម្ពុជា របស់​យើង ជា​ប្រទេស​មួយ​ដែល​ប្រជាជន​ភាគ​ច្រើន​ប្រកាន់​គោរព​ព្រះពុទ្ធ​សាសនា​ដ៏​លើស​ លប់។ ដើម្បី​បញ្ជ្រាប​នូវ​ធម៌​របស់​សម្មាសម្ពុទ្ធ​ទៅ​ដល់​មហាជន របត់​នៃ​ការ​ប្រែប្រួល​ឥរិយាបថ​របស់​យុវជន យុវនារី ដែល​ខ្លះ​ជាប់​ដោយ​គ្រឿង​ញៀន ខ្លះ​ក៏​ឪពុកម្ដាយ ឬ​ក៏​លោកគ្រូ​អ្នកគ្រូ​ស្ដី​ឲ្យ​មិន​ស្ដាប់ អ៊ីចឹង​ឃើញ​ថា​ផ្លាស់​ប្ដូរ​ច្រើន»
កម្មវិធី​ព្រះពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម ស្ថិត​ក្រោម​ក្របខ័ណ្ឌ​របស់​រដ្ឋ ដែល​មាន​គាំទ្រ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា និង​មាន​នាទី​អនុវត្ត​ផ្ទាល់​ដោយ​ក្រសួង​ធម្មការ។
លោក សាន សម្ផស្ស បន្ត​ថា កម្មវិធី​នេះ​រៀបចំ​និមន្ត​ព្រះសង្ឃ​មក​ទេសនា ដោយ​មាន​ពុទ្ធបរិស័ទ​ ចូល​រួម​ស្ដាប់ និង​កម្មវិធី​ស្មូត​ច្រៀង ដោយ​ថត​ជា​វីដេអូ និង​សំឡេង​ទុក​ចាក់​បន្ត​នៅ​តាម​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ។ លោក​បញ្ជាក់​ថា ដោយ​មាន​កិច្ចសហការ​គ្នា មាន​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​ជាង ២០ស្ថានីយ​រួច​មក​ហើយ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​យល់​ព្រម​ចាក់​ផ្សាយ​កម្មវិធី​នេះ​ដោយ​ឥត​គិត​ថ្លៃ។
លោក សាន សម្ផស្ស៖ «យើង​ចង់​រក​ម៉ោង​ណា​ល្អៗ​ដែរ ដើម្បី​បញ្ជ្រាប​នូវ​ពុទ្ធឱវាទ​របស់​ព្រះពុទ្ធ​សម្មាសម្ពុទ្ធ ដល់​ប្រជាជន​មហាជន​របស់​ពួក​យើង។ ទូរទស្សន៍​គេ​ទំនេរ​គេ​ចាក់​មួយ​វគ្គ ពីរ​វគ្គ​អ៊ីចឹង​ទៅ ដែល​អង់គ្លេស​គេ​ហៅ​ថា ពីរសូរ ឬ បីសូរ (2 show or 3 Show)»
អគ្គនាយក​រង​ស្ថានីយ​ទូរទស្សន៍​ស៊ី.ធី.អិន (CTN) និង​ទូរទស្សន៍​ស៊ី.អិន.ស៊ី (CNC) លោក សោម ឆាយា លោក​ប្រាប់​ថា ស្ថានីយ​ទូរទស្សន៍​របស់​គាត់​មិន​ចង់​ចំណេញ ឬ​រក​ចំណូល​អ្វី​ពី​នាទី​ព្រះពុទ្ធ​សាសនា​នោះ​ទេ ក្រៅ​តែ​ពី​ការ​ជួយ​ក្នុង​ន័យ​ពង្រឹង​វិស័យ​សាសនា​របស់​រដ្ឋ និង​សង្គម ដោយ​មើល​ឃើញ​ថា ការ​អប់រំ​តាម​បែប​ព្រះពុទ្ធ​សាសនា វា​ជា​ផ្លូវ​មួយ​បែប​ទៀត​សម្រាប់​យុវជន ក៏​ដូច​ជា​ពុទ្ធសាសនិកជន​ផ្សេង​ទៀត​បាន​ជ្រួតជ្រាប និង​អនុវត្ត​តាម​ដំបូន្មាន​ពុទ្ធឱវាទ។
លោក សោម ឆាយា៖ «យើង​មើល​ឃើញ​ថា វា​ជា​ការ​ល្អ ដើម្បី​បញ្ជ្រាប​នូវ​ព្រះពុទ្ធ​សាសនា ឲ្យ​ប្រជាជន​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត វា​ជា​សាសនា​របស់​រដ្ឋ ហើយ​ក៏​យើង​ត្រូវ​ការ​ឲ្យ​ប្រជាជន​របស់​យើង​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​ សាសនា ឲ្យ​មាន​ការ​យល់​ដឹង​រឿង​ព្រះពុទ្ធ​សាសនា​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត»
កន្លង​មក កម្មវិធី​ព្រះពុទ្ធ​សាសនា គេ​កម្រ​នឹង​ឃើញ​ចាក់​ផ្សាយ​តាម​បណ្ដាញ​ស្ថានីយ​ទូរទស្សន៍ ឬ​វិទ្យុ ដោយ​កម្មវិធី​នេះ​មិន​សូវ​មាន​ម្ចាស់​ឧបត្ថម្ភ។ វា​លែងតែ​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​ជាតិ​ប៉ុណ្ណោះ ដែល​ចាក់​ផ្សាយ​នៅ​ពេល​មាន​កម្មវិធី​បុណ្យ ឬ​ថ្ងៃ​សីល​ជាដើម។
ប៉ុន្តែ​បច្ចុប្បន្ន កម្មវិធី​ព្រះពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​សង្គម ប្រែ​ជា​ផ្លាស់​ប្ដូរ​ទម្លាប់​ចាក់​ផ្សាយ​ស្ទើរ​រាល់​ថ្ងៃ និង​ស្ទើរ​គ្រប់​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ។ ក្នុង​នោះ ក៏​មាន​ស្ថានីយ និង​វិទ្យុ​ខ្លះ​ទៀត បាន​បង្កើត​កម្មវិធី​ព្រះពុទ្ធ​សាសនា​ដោយ​ខ្លួន​ឯង​តែ​ម្ដង បន្ទាប់​ពី​មាន​ការ​គាំទ្រ​ពី​ពុទ្ធសាសនិកជន។
តែ​ទោះ​ជា​យ៉ាង​ណា កម្មវិធី​នាទី​ព្រះពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​នឹង​ការ​អប់រំ ត្រូវ​បាន​បង្កើត​ឡើង​រៀង​រាល់​ថ្ងៃ​សីល ឬ​មាន​ន័យ​ថា មាន ៤ដង​ក្នុង​មួយ​ខែ។ ជួន​កាល​កម្មវិធី​នេះ អាក់​ខាន​ថត​ខ្លះ​ដែរ ទៅ​តាម​ពេល​វេលា និង​កាលៈទេសៈ​ជាក់​ស្ដែង​របស់​អ្នក​គ្រប់គ្រង​កម្មវិធី។
ពុទ្ធបរិស័ទ​ម្នាក់​ឈ្មោះ មាស លី អាយុ ៧០ឆ្នាំ ដែល​គាំទ្រ​នាទី​នេះ បាន​ពន្យល់​ថា វា​ជា​នាទី​មួយ​មាន​សារសំខាន់​សម្រាប់​អប់រំ​ផ្លូវ​ចិត្ត និង​ដំបូន្មាន​ល្អៗ​ពី​ពុទ្ធឱវាទ ដែល​ភ្ជាប់​នឹង​បញ្ហា​គ្រឿង​ញៀន ស្រី ស្រា ល្បែង​ស៊ីសង និង​ក្រុម​ក្មេង​ទំនើង ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​ខ្មែរ។ តែ​កម្មវិធី​ព្រះពុទ្ធ​សាសនា​នេះ វា​ហាក់​ស្ថិត​នៅ​ឆ្ងាយ​ពី​ចំណាប់​អារម្មណ៍​របស់​យុវជន និង​យុវតី​នៅ​ឡើយ។
លោក មាស លី៖ «ការ​អប់រំ​របស់​ក្រសួង​អប់រំ លោក​ឲ្យ​បញ្ចូល​នូវ​ធម៌​ព្រះពុទ្ធ​លើក​ដៃ​ឡើង​ក្នុង​ដំបូង​ក្នុង​ថ្នាក់​ទី១ ថា ខ្ញុំ​សូម​មនសិការ​លើក​ហត្ថា បង្គំ​គុណ​ទាំង​បី​រហូត​អ៊ីចឹង​ទៅ យើង​សំពះ​គ្រូ​ឈរ អង្គុយ​ចុះ គ្រូ​គាត់​បញ្ជា​ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​គ្រូ​អ៊ីចឹង​ទៅ ដូច្នេះ​សុភាពរាបសារ​ហៅ​ថា ចរិយា​ធម៌ និង​សីលធម៌ វា​កើត​មាន​ក្នុង​ការ​អប់រំ​របស់​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​អាណាចក្រ»
លោក មាស លី បន្ត​ថា ប្រសិន​បើ​មាន​ការ​ដាក់​បញ្ចូល​នូវ​កម្មវិធី​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​ កម្មវិធី​អប់រំ​ ឲ្យ​បាន​ច្រើន យុវជន​អាច​ចេះ​ផ្នែក​អក្សរសាស្ត្រ សីល​សាស្ត្រ និង​វិទ្យាសាស្ត្រ តាម​ផ្នែក​ព្រះពុទ្ធ​សាសនា ដែល​បណ្ដុះ​ឲ្យ​មនុស្ស​មិន​មាន​ការ​ឆ្គាំឆ្គង និង​គ្មាន​ទំនាស់​ជាមួយ​អ្នក​ផង​ទាំង​ឡាយ។ ម្យ៉ាង​វិញ​ទៀត ធ្វើ​ឲ្យ​យុវជន​ចាប់​អារម្មណ៍​វិស័យ​ព្រះពុទ្ធ​សាសនា មាន​សុជីវធម៌​ល្អ និង​សង្គម​រីក​ចម្រើន។
វិល​ទៅ​លោក សាន សម្ផស្ស ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ផ្សព្វផ្សាយ​ពុទ្ធសាសនា​ផ្សារ​ភ្ជាប់​សង្គម នៃ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា​វិញ លោក​ថា យុវជន​គួរ​យក​ពេល​វេលា​ត្រងត្រាប់​ការ​អប់រំ​របស់​មាតាបិតា គ្រូ សាស្ត្រាចារ្យ និង​គោរព​ការ​ទូន្មាន​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​សាសនា ជា​ជាង​ការ​ យក​ពេល​វេលា និង​យក​ខ្លួន​បៀត​នឹង​គ្រឿង​ញៀន និង​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ៕

Radio Free Asia (RFA in Khmer) http://www.rfa.org/khmer/indepth/media_broadcast_on_buddhist_program-09212012024039.html

Tuesday, 18 September 2012

ព្រះពុទ្ធសាសនា និង​ការ​អភិវឌ្ឍ​សង្គម

2012-09-18
ក្នុង​ការ​អភិវឌ្ឍ​សង្គម គេ​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ ប្រសិន​មនុស្ស​ក្នុង​សង្គម​នោះ​មិន​សាមគ្គី​គ្នា។ ដូច្នេះ ការ​រួបរួម​គ្នា​របស់​ពលរដ្ឋ​នៃ​សង្គម​នោះ ជា​កត្តា​ដ៏​ចម្បង​សម្រាប់​ជួយ​ជំរុញ​ប្រទេស​នោះ ឬ​សង្គម​នោះ​ឲ្យ​រីក​លូតលាស់​ទៅ​មុខ។

យ៉ាង​ណា​មិញ បព្វជិត​ក៏​ជា​ពលរដ្ឋ​ដែរ ហេតុ​នេះ​ព្រះអង្គ មាន​តួនាទី​ដ៏​ចាំបាច់​ក្នុង​ការ​ចូលរួម​ចំណែក ដើម្បី​កសាង​ប្រទេស​ជាតិ។
ដោយ​យល់​ឃើញ​បែប​នេះ សមាគម​ព្រះពុទ្ធ​សាសនា​ជួយ​សង្គ្រោះ​ខ្មែរ មាន​ការិយាល័យ​កណ្ដាល​ស្ថិត​នៅ​វត្ត​នួន​មណី​រាម ហៅ​ថា វត្ត​ថាន់ ត្រូវ​ព្រះសង្ឃ​គង់​នៅ​សហរដ្ឋ​អាមេរិក​បង្កើត​ឡើង ក្នុង​ទិសដៅ​ជួយ​សង្គ្រោះ​ជន​ក្រីក្រ។
តំណាង​សមាគម​ព្រះពុទ្ធ​សាសនា​ជួយ​សង្គ្រោះ​ខ្មែរ​ព្រះ​តេជគុណ យ៉ាន់ សារុន គង់​នៅ​វត្ត​នួន​មណី​រាម មាន​ថេរ​ដីកា​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព និង​ជីវភាព​របស់​ពលរដ្ឋ​ នៅ​ពេល​បច្ចុប្បន្ន សមាគម​មាន​គម្រោង​ការណ៍​ជា​ច្រើន ដើម្បី​ជួយ​ជន​ក្រីក្រ។ ក្នុង​នោះ សមាគម​ជួយ​ជីក​អណ្ដូង​ទឹក ជីក​ស្រះ​ទឹក កសាង​សាលារៀន សាងសង់​ផ្ទះ​ជូន​អ្នក​ក្រីក្រ ជួយ​ក្មេង​កំព្រា និង​ព្រះសង្ឃ ខ្វះ​លទ្ធភាព​បន្ត​ការ​សិក្សា ឲ្យ​ព្រះ​អង្គ​បាន​សិក្សា​បន្ត​ជា​ដើម។ ព្រះ​តេជ​គុណ​មាន​ថេរ​ដីកា​បន្ត​ថា ចាប់​តាំង​ពី​សមាគម​បាន​បង្កើត នៅ​ឆ្នាំ ២០០៤ មក សមាគម​បាន​ជីក​អណ្ដូង​ទឹក​រាប់​រយ​អណ្ដូង​តាម​បណ្ដា​ខេត្ត​នានា ដូច​ជា​ខេត្ត​តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង សៀមរាប បាត់ដំបង និង​បន្ទាយ​មានជ័យ​ជា​ដើម។
ព្រះ​តេជ​គុណ យ៉ាន់ សារុន មាន​ថេរ​ដីកា​បន្ថែម​ថា អណ្ដូង​ទឹក ជា​វត្ថុ​ចាំបាច់​ណាស់ សម្រាប់​ពលរដ្ឋ នៅ​តាម​តំបន់​ដាច់​ស្រយាល​មួយ​ចំនួន ដែល​ខ្វះ​ប្រភព​ទឹក៖ «ការ​ជួយ​នេះ សមាគម​នេះ គឺ​ជួយ​សំខាន់ គឺ​ទី​មួយ ប្រជាជន​ដែល​ក្រីក្រ ចាស់​ជរា ដែល​គ្មាន​ទីពឹង ហើយ​ទី​ពីរ​ទៀត គឺ​កុមារ​កំព្រា សាលារៀន ដែល​យើង​បាន​ធ្វើ​កន្លង​ហើយ ដូច​ជា អណ្ដូង​ទឹក​ជា​ច្រើន ហើយ​ស្រះ​ទឹក។ ស្រះ​ទឹក​ក៏​ជីក​ជា​ច្រើន​ដែរ នៅ​តាម​បណ្ដា​ខេត្ត​នានា»។
លើស​ពី​នេះ ព្រះ​តេជ​គុណ​បញ្ជាក់​ថា សមាគម​បាន​សាងសង់​សាលារៀន​មួយ​ខ្នង ៣ បន្ទប់ នៅ​ខេត្ត​សៀមរាប ដែល​មាន​សិស្ស​រៀន​ប្រមាណ ២៦៨ នាក់ និង​សាងសង់​ផ្ទះ​សម្បែង​ជូន​ពលរដ្ឋ​ជា​ច្រើន​ខ្នង។
ទាក់ទង​នឹង​ការ​សាងសង់​សាលា​រៀន​នេះ នាយក​សាលា​បឋម​សិក្សា​ពន្លឺ​វិជ្ជា​ជប់​ស្មាច់ លោក គង់ សម្បត្តិ ឲ្យ​ដឹង​ថា ភូមិ​ជប់​ស្មាច់​នៃ​ឃុំ​តា​យ៉ែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប​នេះ ជា​ភូមិ​ទើប​កើត​ថ្មី។ ដូច្នេះ ដំបូង​ក្មេងៗ នៅ​ក្នុង​ភូមិ​នេះ មិន​មាន​សាលារៀន​ត្រឹមត្រូវ​នោះ​ទេ គឺ​មាន​សាលារៀន​មួយ​ខ្នង​ប្រក់​ស្បូវ។ ប៉ុន្តែ​ឥឡូវ ក្មេងៗ ទាំង​នោះ មាន​កន្លែង​សម្រាប់​រៀន​សូត្រ​សមរម្យ​ជាង​មុន ហើយ​វា​ជា​សមិទ្ធផល​ដ៏​សំខាន់​សម្រាប់​ជួយ​វិស័យ​អប់រំ។ យ៉ាង​នេះ​ក្ដី លោក គង់ សម្បត្តិ លើក​ឡើង​បន្ថែម​ថា សាលារៀន​មួយ​ខ្នង​នេះ គឺ​មិន​ទាន់​ឆ្លើយ​តប​នឹង​កំណើន​សិស្ស​នោះ​ឡើយ។
ជាមួយ​គ្នា​នេះ​ដែរ លោក​កត់​សម្គាល់​ថា ការ​ចូលរួម​របស់​ព្រះសង្ឃ​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សង្គម ជា​រឿង​មួយ​គួរ​ឲ្យ​រីករាយ​ណាស់ ព្រោះ​ព្រះសង្ឃ​មាន​អ្នក​ជឿ​ទុក​ចិត្ត​ច្រើន  ព្រះអង្គ​ងាយ​ទាក់ទាញ​សប្បុរស​ជន​ឲ្យ​ចូលរួម​កសាង​សង្គម​ជាតិ។
លោក គង់ សម្បត្តិ៖ «ឆ្នាំ​នេះ​កុមារ​ប្រហែល​ឡើង​ដល់ ៣០០ បើ​តាម​ជំរឿន វា​មាន​សិស្ស​ថ្មី និង​សិស្ស​ឡើង​ថ្នាក់ ចង់​ឲ្យ​តែ​ជួយ​ព្រោះ​ខ្ញុំ​មិន​ដឹង​ទៅ​ពឹង​ពី​ណា បាន​សមាគម​ជួយ​ខ្ញុំ​អរ​ហើយ ខ្ញុំ​ថា​ទី​មួយ ដែល​ស្រួល​ជាង​នោះ បង្ក​លក្ខណៈ​ឲ្យ​កូន​ចៅ​ទាំង​អស់​នៅ​ជុំវិញ​ក្នុង​ភូមិ​នេះ​ឲ្យ​ចូល​រៀន​បាន ​ច្រើន​ធ្វើ​ឲ្យ​កូន​ក្មេង​នោះ​ចេះ​ដឹង​ចង់​រៀន»។
ភ្ជាប់​នឹង​បញ្ហា​នៃ​ថវិកា​ទ្រទ្រង់​សមាគម​នេះ ព្រះ​តេជគុណ យ៉ាន់ សារុន មាន​ថេរ​ដីកា​ថា សមាគម​ទទួល​គាំទ្រ​ពី​ពុទ្ធ​បរិស័ទ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដូច​ជា អូស្ត្រាលី កាណាដា បារាំង និង​សហរដ្ឋ​អាមេរិក តាម​រយៈ​ប្រធាន​សមាគម ដែល​គង់​នៅ​សហរដ្ឋ​អាមេរិក គឺ​ព្រះ​តេជគុណ​មហា យិន នឿន។
ព្រះ​តេជ​គុណ មាន​ថេរ​ដីកា​បន្ត​ថា បច្ចុប្បន្ន សមាគម​កំពុង​តែ​កសាង​សមិទ្ធផល​មួយ​ទៀត ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ៦ ម៉ឺន ដុល្លារ​សហរដ្ឋ​អាមេរិក។ សមិទ្ធផល​ទាំង​នោះ រួម​មាន​ការ​កសាង​កាំ​ជណ្ដើរ​ឡើង​លើ​ភ្នំ​នាង​កង្រី ការ​កសាង​មជ្ឈមណ្ឌល​សមាធិ​នៅ​ខេត្ត​បន្ទាយមានជ័យ និង​ការ​កសាង​ព្រះពុទ្ធ​រូប​មួយ​ចំនួន​ទៀត។
ជាង​នេះ​ទៅ​ទៀត ព្រះ​តេជ​គុណ យ៉ាន់ សារុន មាន​ថេរ​ដីកា​បន្ថែម​ថា សមាគម​រៀបចំ​បោះពុម្ព​ព្រះ​ត្រៃបិដក ដែល​មាន​តែ​ភាសា​ខ្មែរ​សុទ្ធ ដោយ​មិន​លាយ​ឡំ​នឹង​ភាសា​បាលី ទុក​សម្រាប់​ពុទ្ធបរិស័ទ​អាន ហើយ​នៅ​ពេល​ឆាប់ៗ ខាង​មុខ សមាគម​នឹង​បោះពុម្ព​បទានុក្រម​ភាសា​បាលី-ខ្មែរ ដែល​មាន​រាប់​ពាន់​ទំព័រ សម្រាប់​ទុក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ព្រោះ​ភាសា​ខ្មែរ​ជាប់​ពាក់ព័ន្ធ​នឹង​ភាសា​បាលី​ច្រើន។ ដូច្នេះ ការ​បោះពុម្ព​បទានុក្រម​នេះ អាច​ជា​ឯកសារ​ដ៏​សំខាន់ និង​ជា​មត៌ក​ដ៏​មាន​តម្លៃ​នៃ​អ្នក​ជំនាន់​ក្រោយ។
ទន្ទឹម​គ្នា​នេះ ព្រះ​តេជ​គុណ​មាន​ថេរ​ដីកា​បញ្ជាក់​ថា សមាគម​នឹង​រៀបចំ​ឲ្យ​មាន​ការ​បណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ ឡើង​វិញ ដើម្បី​ផ្ដល់​ចំណេះ​ដឹង​ដល់​កូន​អ្នក​ក្រីក្រ ដែល​គ្មាន​លុយ​បង់​សាលា តែ​ពួក​គេ​ចង់​រៀន ព្រោះ​កន្លង​មក​សមាគម​ធ្លាប់​បើក​វគ្គ​សិក្សា​ជំនាញ​ខ្លីៗ។ ប៉ុន្តែ ដោយសារ​សមាគម​ខ្វះ​គ្រូ​បង្រៀន ទើប​សមាគម​ផ្អាក​ការ​បណ្ដុះបណ្ដាល​ជំនាញ​ខ្លីៗ នោះ​ទៅ។ កន្លង​មក​សមាគម​បើក​បង្រៀន​កុំព្យូទ័រ និង​ភាសា​អង់គ្លេស​ដល់​កូន​សិស្ស​ក្រីក្រ​នៅ​ទីក្រុង​ភ្នំពេញ និង​សិស្ស​ក្រីក្រ​មក​ពី​ខេត្ត​ផ្សេងៗ។
ទោះ​យ៉ាង​ណា​ក៏​ដោយ ព្រះ​តេជគុណ យ៉ាន់ សារុន មាន​ថេរ​ដីកា​បន្ថែម​ថា អ្វី​ដែល​សមាគម​កំពុង​ធ្វើ​ពុំ​ទាន់​ឆ្លើយតប​ទាំង​ស្រុង ចំពោះ​តម្រូវ​ការ​របស់​ពលរដ្ឋ​ក្រីក្រ​ទាំង​នោះ​នៅ​ឡើយ។
ទាក់ទង​នឹង​សកម្មភាព​របស់​សមាគម​នេះ​ដែរ សមណ​និស្សិត​អនុបណ្ឌិត​ផ្នែក​អប់រំ នៃ​សាកល​វិទ្យាល័យ ព្រះ​សីហ​មុនី​រាជា ព្រះ​តេជ​គុណ អ៊ឹម សំអាត មាន​ថេរ​ដីកា​ថា ព្រះ​សង្ឃ​ទាំង​អស់ ដែល​បាន​បួស​រៀន​ចេះ​ដឹង​ហើយ ព្រះ​អង្គ​ទាំង​អស់​នោះ គួរ​រៀន​យក​តម្រាប់​តាម​ថ្នាក់​ដឹក​នាំ​នៃ​សមាគម​ព្រះពុទ្ធ​សាសនា ដើម្បី​សង្គ្រោះ​ខ្មែរ ព្រោះ​សកម្មភាព​របស់​ថ្នាក់​ដឹក​នាំ​សមាគម និង​សមាជិក​នៃ​សមាគម ដែល​កំពុង​ធ្វើ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ទឹក​ព្រះទ័យ​ប្រកប​ដោយ​ករុណា​ធម៌ ចំពោះ​បរិស័ទ​ក្រីក្រ ដែល​ព្រះសង្ឃ​គួរ​ធ្វើ។
ម្យ៉ាង​ទៀត ទំនាក់ទំនង​រវាង​ព្រះ​សង្ឃ និង​ឧបាសក ឧបាសិកា មិន​អាច​កាត់​ផ្ដាច់​ពី​គ្នា​បាន​នោះ​ទេ ព្រោះ​ព្រះសង្ឃ និង​ឧបាសក ឧបាសិកា ត្រូវ​ចេះ​ជួយ​យក​អាសា​គ្នា​ទៅវិញ​ទៅ​មក ទើប​ជួយ​អភិវឌ្ឍ​សង្គម​ឲ្យ​មាន​ការ​រីក​ចម្រើន​បាន​ឆាប់​រហ័ស។
ថេរ​ដីកា​ព្រះ​តេជ​គុណ អ៊ឹម សំអាត៖ «ព្រះសង្ឃ លោក​គួរ​តែ​រួម​ចំណែក​ផ្អែក​ខាង​មតិ​យោបល់ ការ​ផ្ដល់​យោបល់ ការ​ផ្ដល់​គំនិត​សំខាន់ៗ នានា ទៅ​តាម​ការ​សិក្សា​នូវ​ពុទ្ធ​ឱវាទ​របស់​ព្រះ​សម្មាសម្ពុទ្ធ​ជា​ច្រើន ដែល​ព្រះ​អង្គ​ទ្រង់​សម្ដែង​មក ហើយ​ឧបាសក​ហ្នឹង​គួរ​អនុវត្ត​នៅ​សកម្មភាព​ជាក់​ស្ដែង​ទាំង​ឡាយ ទាំង​ពួង​នោះ ដូច​ជា ការ​អភិវឌ្ឍ ការ​សន្ដោស​ប្រោស​ប្រណី ឬ​ការ​កសាង​ប្រទេស​ជាតិ ការ​ដឹក​នាំ​ប្រទេស​ជាតិ ប្រកប​ដោយ​សង្គហៈ ប្រកប​ដោយ​នាយក​ធម៌ ប្រកប​ដោយ​ទស​ពិធ​រាជ​ធម៌​អី​ជា​ដើម»។
បន្ថែម​លើ​នេះ​ទៀត ព្រះ​តេជ​គុណ អ៊ឹម សំអាត មាន​ថេរ​ដីកា​បញ្ជាក់​បន្ថែម​ថា ការ​ធ្វើ​អំពើ​ល្អ និង​អំពើ​ទាំង​ឡាយ​ណា ដែល​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​ទទួល​បាន​សេចក្ដី​សុខ គឺ​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធ។
មួយ​វិញ​ទៀត ព្រះ​តេជ​គុណ​មាន​ថេរ​ដីកា​ថា កន្លង​មក ព្រះ​សង្ឃ​មាន​តួ​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​សង្គម ដូច​ជា ការ​ធ្វើ​គ្រូ​បង្រៀន ការ​ទេសនា​អប់រំ​ពុទ្ធបរិស័ទ​ទាក់ទង​នឹង​សីលធម៌​រស់​នៅ​ប្រចាំ​ថ្ងៃ ការ​ទ្រទ្រង់​អក្សរ​សាស្ត្រ​ជាតិ​ជា​ដើម។ ដូច្នេះ ព្រះ​សង្ឃ​នៅ​ពេល​បច្ចុប្បន្ន ក៏​គួរ​ធ្វើ​អ្វី​មួយ ដែល​ជា​ប្រយោជន៍​ដល់​សង្គម ដូច​បុព្វ​សង្ឃ​មុនៗ ដែរ៕

Radio Free Asia (RFA in Khmer) http://www.rfa.org/khmer/indepth/religion-09182012053653.html

Monday, 17 September 2012

ការ​បញ្ចេញ​មតិ​លើ​បញ្ហា​សង្គម​គឺជា​ការ​ចែក​រំលែក​ចំណេះ​ដឹង

ការ​បញ្ចេញ​មតិ​លើ​បញ្ហា​សង្គម​គឺជា​ការ​ចែក​រំលែក​ចំណេះ​ដឹង

លោក​ការីនិពន្ធ​ជា​ទីរាប់អាន!
សូម ​លោក ការី​និពន្ធ​មេត្តា​អនុញ្ញាត ចុះ​ផ្សាយ​លិខិត​ឆ្លើយ​តប​របស់​ខ្ញុំ​បាទ ​ចំពោះ​លិខិត​លោក​ សុចរិត ដែល​មាន​ចំណង​ជើង ​«ព្រះ​សង្ឃ​មិន​មែន​ជា​អ្នក​រុញ​ច្រាន​សង្គម​ឲ្យ​ធ្លាក់​ចុះ​ទេ» ចុះ​ថ្ងៃ​ទី០៧ ខែ​សីហា ឆ្នាំ​២០១២​ និង​លិខិត​លោក យីន លាង​គង់ ដែល​មាន​ចំណង​ជើង «គួរ​ចូល​រួម​សង់​វត្ត​ច្រើន ឬ​ធ្វើ​កិច្ចការ​អាណាចក្រ​ច្រើន​ជាង?»​ ចុះ​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ ២០១២ តប​នឹង​លិខិត​ដំបូង​របស់​ខ្ញុំ​ ដែល​មាន​ចំណង​ជើង «កម្ពុជា​ត្រូវ​សង់​វត្ត​បន្ថែម ឬ​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ-មន្ទីរ​ពិសោធន៍​?»​ ចុះ​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០១២​លើ​ទំព័រ​កាសែត​ភ្នំពេញ បុស្តិ៍។
ជា បឋម​ ខ្ញុំ​បាទ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​លោក​ទាំង​ពីរ ជា​ពិសេស​លោក យីន លាងគង់ ដែល​បាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​ ដើម្បី​ចែក​រំលែក​ការ​យល់​ឃើញ​ និង​ការ​គាំទ្រ។​ នេះ​ស​បញ្ជាក់​​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ លើ​បញ្ហា​សង្គម​បច្ចុប្បន្ន និង​ជំរុញ​ការ​ចែក​រំលែក​ចំណេះ​ដឹង​ និង​ការ​បញ្ចេញ​មតិ​ តាម​រយៈ​សារ​ព័ត៌​មាន​ជា​មធ្យោបាយ​ប្រាស្រ័យ​ទាក់​ទង​ ហើយ​ខ្ញុំ​សូម​អភ័យ​ទោស​ ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​ ព្រោះ​ខ្ញុំ​ក៏​មមាញឹក​សរសេរ​សារណា​បញ្ចប់​ការ​សិក្សា​របស់​ខ្ញុំ​ផង ដែរ។
ជូនលោក សុចរិត
ខ្ញុំ ​សូម​គាំទ្រ​ការ​លើក​ឡើង​មួយ​ភាគ​ធំ​ ក្នុង​អត្ថបទ​របស់​លោក​ ហើយ​ខ្ញុំ​គិត​ថា​ ចំណុច​មួយ​ចំនួន​ធំ​របស់​លោក ត្រូវ​បាន​ឆ្លើយ​តប​យ៉ាង​ក្បោះ​ក្បាយ និង​ត្រឹម​ត្រូវ​ដោយ​លោក យីន លាង​គង់។ លិខិត​តប​របស់​លោក​ មាន​ន័យ​គ្រប់​គ្រាន់​ ដើម្បី​បញ្ជាក់​ថា លោក​ផ្តោត និង​វិភាគ​តែ​មួយ​ផ្នែក​នៃ​លិខិត​ដើម​របស់​ខ្ញុំ​។ ខ្ញុំ​សូម​តប​លិខិត​របស់​លោក នូវ​បី​ចំណុច​ដោយ​សង្ខេប​ដូច​ខាង​ក្រោម​៖
១­. «ការ​សង់​វត្ត​បន្ថែម​មិន​មាន​ចែង​ក្នុង​គោល​នយោបាយ​របស់​រដ្ឋាភិបាល តែ​ជា​វិភាគ​ទាន​ដ៏​ស្មោះ​ស្ម័គ្រ​ របស់​ពុទ្ធសាស​និក​សុទ្ធសាធ»៖ ពិត​ជា​ត្រឹម​ត្រូវ តែ​យើង​ត្រូវ​យល់​ថា បើ​យើង​មាន​ថវិកា​តិច​តួច​ដូច​បច្ចុប្បន្ន យើង​ត្រូវ​ចាយ​វាយ​ដោយ​ប្រយ័ត្ន​ប្រយែង និង​មាន​តុល្យភាព និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច។ សំណួរ​ត្រង់​ថា ថវិកា​សាង​សង់​នេះ ពិត​ប្រាកដ មាន​ប្រភព​មក​ពីណា? នរណា​ជា​អ្នក​ឧបត្ថម្ភ​? ពួក​គេ​បាន​មក​ពីណា​?​ បើ​បាន​ពី​ការ​ងារ​សុចរិត​វាជា​ការ​ប្រពៃ បើ​មិន​មែន​វិញ វា​ជា​ការ​បារម្ភ​មួយ​។ ចំណុច​មួយ​ទៀត គួរ​រំឭក​ថា លំហូរ​ចំណាយ និង​ការ​សន្សំ​របស់​បុគ្គល​ ឬ​គ្រួសារ​នីមួយៗ​ សុទ្ធ​តែ​ជា​ធាតុ​សំខាន់​ក្នុង​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ​។​ ចំពោះ​អ្នក​មាន​ថវិកា​សន្ធឹក​សន្ធាប់​ហើយ ម្តេច​មិន​ចាប់​អារម្មណ៍​កសាង​ស្នាដៃ និង​កិត្តិសព្ទ​លើ​ផ្នែក​អាណាចក្រ​ឲ្យ​បាន​កាន់​តែ​ច្រើន និង​ចំគោល​ដៅ​? ពោល​គឺ​លើ​ធនធាន​មនុស្ស និង​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ។ យើង​ពិត​ជា​ខ្សោយ​លើ​ផ្នែក​នេះ​មែន​ទែន ​ហើយ​វា​ហាក់​ដូច​ជា​មិន​ដើរ​ទៅ​មុខ​សោះ​។
២.«តើ​នេះ​មិន​បង្ហាញ​ឱ្យ​ ឃើញ ​ពី​ប្រព័ន្ធ​គ្រប់គ្រង​សង្គម​មួយ​ ដែល​កាន់​តែ​ខ្សោយ​ទៅៗ មាន​ការ​កែ​ទម្រង់​តិច​តួច ដែល​ពិបាក​នឹង​ស្តារ​ឡើង​វិញ​បាន​ទេឬ? » ខ្ញុំ​មិន​យល់​ដូច​ជា​លោក​ទេ ជាក់​ស្តែង​ប្រព័ន្ធ​គ្រប់​គ្រង​សង្គម​សព្វ​ថ្ងៃ មិន​មែន​កាន់​តែ​ខ្សោយ​ទៅៗ​ទេ​ វា​ដើរ​ទៅ​មុខ គ្រាន់​តែ​លឿន ឬ​យឺត​ វា​អា​ស្រ័យ​លើក​ត្តា​ជា​ច្រើន​ដែល​កំណត់​ឆន្ទៈ មន្ត្រី​ដែល​បំពេញ​ការ​ងារ​ទាំង​នោះ​។ ម្យ៉ាង​ទៀត​បើ​លោក​ក៏​យល់​ថា«ព្រះ​សង្ឃ​ក៏​ចូល​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ ជាតិ​ តាម​រយៈ​ព្រះ​ពុទ្ធសាសនា​យ៉ាង​សកម្ម​ដែរ» នោះ​ចំណុច​យើង​ត្រូវ​ការ​មាន​តែ​មួយ​គត់​សព្វ​ថ្ងៃ​គឺ ឆន្ទៈ​ព្រះ​សង្ឃ ដូច​សម័យ​អាណា​និគម​បារាំង ដែល​ព្រះសង្ឃ​ចូល​រួម​យ៉ាង​សកម្ម​វាយ​បំបែក​បញ្ហា​សង្គម​។ ចំណុច​ដែល​លោក យល់​ថា «មិន​ថា​ ក្នុង​អតីត​កាល បច្ចុប្បន្ន​កាល និង​អនាគត​កាល​ទេ មនុស្ស​ត្រូវ​តែ​ជឿ​លើ​ព្រះ»ខ្ញុំ​មិន​មាន​ចំណេះ​ដឹង​ផ្នែក​ពុទ្ធ​ចក្រ​ដូច លោក​ទេ តែ​តាម​ខ្ញុំ​យល់ ពុទ្ធ​ឱវាទ​មិន​ដែល​ប្រដៅ​មនុស្ស​ឲ្យ​​ជឿ​លើ​ព្រះ​ទេ ជឿ​លើ​ខ្លួន​ឯង ប្រព្រឹត្ត​ខ្លួន​ឯង ទទួល​ផល​ខ្លួន​ឯង​ ព្រះ​អង្គ​គ្រាន់​តែ​ប្រៀន​ប្រដៅ និង​បង្ហាញ​ផ្លូវ។
៣. ខ្ញុំ​សូម​ឯកភាព​ជា​មួយ​លោក លើ​ចំណុច​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឈាន​ ទៅ​សហគមន៍​អាស៊ាន ​ឆ្នាំ​២០១៥​ តែ​ចំណុច​ទាំង​នោះ ​វា​ហាក់​បី​ដូច​ជា​ទូទៅ​ពេក​ ម្យ៉ាង​រដ្ឋាភិបាល ក៏បាន​និង​កំពុង​អនុវត្ត តាម​រយៈ​យុទ្ធសាស្រ្ត​ចតុកោណ​ដូច​មាន​ស្រាប់​ដែរ​។ ពិត​ណាស់​អត្ថបទ​ដ៏​ខ្លី​របស់​ខ្ញុំ ក៏​ដូច​ជារ​បស់​លោក​ មិន​អាច​ក្តោប​អត្ថន័យ​​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ទាំង​មូល​បាន​ទេ តែ​វា​អាច​បង្ហាញ​ភាព​ចន្លោះ​ប្រហោង​ណា​មួយ។
ជូន​លោក យីន លាងគង់
ខ្ញុំ សូម​ថ្លែង​អំណរ​គុណ​អស់​ពី​ដួង​ចិត្ត ចំពោះ​ការ​ចែក​រំលែក​ការ​វិភាគ​ និង​ការ​គាំទ្រ​របស់​លោក​។​ លោក​ពិត​ជា​កំពុង​មើល​តថភាព​សង្គម ដូច​អ្វី​ដែល​ខ្ញុំ​កំពុង​មើល​ឃើញ​ដូច​គ្នា​។​ ខ្ញុំ​សូម​គាំ​ទ្រ​ទាំង​ស្រុង ចំពោះ​ការ​បក​ស្រាយ​ក្នុង​លិខិត​របស់​លោក ហើយ​បាន​បង្ហាញ​ការ​ពិត​បន្ថែម​ទៀត​ ដែល​បាន​កើត​ឡើង​ហើយ​ដែល​មនុស្ស​មួយ​ចំនួន​មិន​ដែល​បាន​ដឹង​។
ខ្ញុំ​ សូម​ អភ័យ​ទោស​រាល់​កំហុស​ឆ្គង​បើ​សិន​ជា​មាន​។ សូម​លោក​សុច​រិត និង​លោក យីន លាង​គង់ ទទួល​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់​អំពី​ខ្ញុំ​៕
ដោយ ប៉ែន មីរ៉ាន់ដា និស្សិត​ថ្នាក់​បណ្ឌិត​ នៅ​សាកល​វិទ្យាល័យ New England នៅ​ប្រទេស​អូស្ដ្រាលី

Source: The Phnom Penh Post http://postkhmer.com/index.php/national/letter-to-editor/85932-2012-09-17-04-21-43

Friday, 7 September 2012

តួនាទី​ព្រះពុទ្ធសាសនា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា

2012-09-07
ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​មាន​រហូត​ទៅ​ ៩៥% ប៉ុន្តែ​អ្នក​ដែល​បដិបត្តិ​តាម​ធម៌​វិន័យ​របស់​ព្រះសម្មាសម្ពុទ្ធ​ភាគ​ច្រើន មាន​តែ​ទៅ​លើ​មនុស្ស​ចាស់ ដែល​ជា​អ្នក​កាន់​សីល។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​គេ​មាន​ការ​ព្រួយបារម្ភ​ទៅ​លើ​ក្រុម​យុវជន​នៅ​ក្នុង ​ប្រទេស​កម្ពុជា។

ព្រះពុទ្ធសាសនា​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​ ប្រទេស​កម្ពុជា។ នៅ​ពេល​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​មាន​ព្រះសង្ឃ​ជាច្រើន​អង្គ កំពុង​ចូល​រួម​ធ្វើ​សកម្មភាព​ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​ ក្នុង​សង្គម​កម្ពុជា តាម​រយៈ​ការ​ចុះ​អប់រំ​ផ្ទាល់​នៅ​តាម​សហគមន៍ និង​បាន​ទេសនា​អប់រំ​ធម៌​វិន័យ និង​សីលធម៌​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​ដូច​ជា វិទ្យុ ទូរទស្សន៍ ជាដើម។
ព្រះសង្ឃ​ព្រះនាម ទុយ លីណា គង់​នៅ​វត្ត​ពិភិទ្ធារាម មាន​ថេរ​ដីកា​ថា ក្រៅ​ពី​ព្រះអង្គ​បួស​ជា​សង្ឃ​គង់​នៅ​ក្នុង​វត្ត ព្រះអង្គ​បាន​ស្ម័គ្រចិត្ត​ចូល​រួម​ចំណែក​លើ​ការងារ​អភិវឌ្ឍន៍​សង្គម។ ក្នុង​នោះ​ព្រះអង្គ​បាន​ចូល​ប្រឡូក​ក្នុង​ការងារ​សហគមន៍ ទស្សនៈ​សីលធម៌​ព្រះពុទ្ធសាសនា និង​បាន​សម្ដែង​ធម្មទេសនា​តាម​វិទ្យុ។
ព្រះអង្គ​ស្ម័គ្រចិត្ត​ដោយ​បាន​បើក​វគ្គ​បណ្ដុះ​បណ្ដាល និង​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ហើយ​និង​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា៖ «បើក​វគ្គ​បណ្ដុះ​ បណ្ដាល​លើក​ឡើង​អំពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ក៏​ដូច​ជា ដំណោះ​ស្រាយ ការ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ និង​យុវជន​ទាំង​អស់​រស់នៅ​ក្នុង​ឃុំ​គោល​ដៅ​ហ្នឹង ឲ្យ​គាត់​មាន​ការ​ភ្ញាក់​រលឹក​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ គ្រឿង​ស្រវឹង មាន​ការ​បើក​សិក្ខាសាលា អញ្ជើញ​វាគ្មិន​ចូល​រួម ដើម្បី​បកស្រាយ​អំពី​បញ្ហា​ហ្នឹង ហើយ​មាន​ការ​ចូល​រួម​ប្រជុំ​តាម​សហគមន៍ ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់»
នៅ​ក្នុង​សកម្មភាព​នេះ ព្រះអង្គ​បាន​ជំរុញ​ឲ្យ​មេឃុំ ចៅសង្កាត់ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ មេភូមិ ឲ្យ​មាន​ការ​កោះ​អញ្ជើញ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​ចូល​រួម ដើម្បី​ប្រជុំ​ផ្សព្វផ្សាយ​ស្វែង​យល់​ពី​ការងារ​សង្គម ដែល​ជា​បញ្ហា​ប្រឈម​ជាច្រើន​ទៀត នៅ​ក្នុង​សង្គម​កម្ពុជា។ ព្រះអង្គ​បន្ត​ថា នៅ​ពេល​ព្រះអង្គ​និមន្ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ តែង​តែ​ឃើញ​នូវ​ទិដ្ឋភាព​នៃ​ការ​ប្រើ​អំពើ​ហិង្សា ដែល​កើត​ចេញ​ដោយ​សារ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង។ នៅ​ក្នុង​ព្រះពុទ្ធសាសនា ព្រះអង្គ​បាន​សម្ដែង​ធម៌​ផ្ដោត​ទៅ​លើ​ការ​ដឹកនាំ​សត្វ ឲ្យ​រួច​ផុត​ពី​ទុក្ខ​ក៏​ពិត​មែន ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ ព្រះអង្គ​បាន​បន្សល់​នូវ​ទ្រឹស្ដី​មួយ​ចំនួន​សម្រាប់​អ្នក​រស់នៅ​ក្នុង​ បច្ចុប្បន្នភាព។
ព្រះអង្គ​បាន​លើក​យក​ទ្រឹស្ដី​មួយ​ដែល​ព្រះសម្មាសម្ពុទ្ធ​សម្ដែង​ទាក់​ ទិន​ទៅ​សីល​ប្រាំ នៅ​ក្នុង​ចំណុច​សីល​ប្រាំ ព្រះអង្គ​ហាម​ការ​បៀតបៀន​អាយុ​ជីវិត​គ្នា ការ​កាប់​សម្លាប់​គ្នា នេះ​ជា​ទ្រឹស្ដី​មួយ​ដែល​ព្រះអង្គ​បាន​សម្ដែង​ទុក សម្រាប់​មនុស្ស​ទាំង​អស់​គ្នា​ដែល​រស់នៅ៖ «នេះ​ជា​ទ្រឹស្ដី​ដែល​ព្រះអង្គ ​សម្ដែង​ចូល​រួម​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ហ្នឹង។ ពីព្រោះ បើ​សិន​ជា​មនុស្ស​ទាំង​អស់​អនុវត្តន៍ គោរព​តាម​ពាក្យពេចន៍​ទ្រឹស្ដី​របស់​ព្រះអង្គ ដែល​បាន​បន្សល់​ទុក​ហ្នឹង​មក អត់​មាន​ការ​ផឹក​ស្រា អំពើ​ហិង្សា​កើត​ឡើង​ដោយ​សារ​គ្រឿង​ស្រវឹង​ទាំង​អស់»
អ្នក​សម្រប​សម្រួល​របស់​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (ភីឌីភី) សាខា​ខេត្ត​បាត់ដំបង អ្នកស្រី កែវ ឈូក បាន​ថ្លែង​ថា វិស័យ​ព្រះពុទ្ធសាសនា​កំពុង​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​ កម្ពុជា។ នៅ​តាម​ទីអារាម​ជា​កន្លែង​បណ្ដុះ​ធនធាន​មនុស្ស និង​ជួយ​ដល់​សិស្ស និស្សិត ដើម្បី​ស្នាក់នៅ​រៀន​សូត្រ។ ព្រះពុទ្ធសាសនា​បាន​ជួយ​អភិវឌ្ឍន៍​ផ្នែក​ស្មារតី តាម​រយៈ​ព្រះសង្ឃ​ទេសនា ការ​ផ្សព្វផ្សាយ​នៅ​តាម​វិទ្យុ និង​ទូរទស្សន៍ អំពី​ដំបូន្មាន​ល្អ ដែល​ធ្វើ​អោយ​មនុស្ស​កាត់​បន្ថយ​ហិង្សា ធ្វើ​ឲ្យ​មនុស្ស​ចេះ​ស្រឡាញ់​រាប់អាន​គ្នា៖ «ក្រៅ​ពី​ហ្នឹង ព្រះសង្ឃ​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​បង្ហាត់​បង្រៀន​អក្សរសាស្ត្រ ជាក់ស្ដែង​ដូច​នៅ​បាត់ដំបង យើង​នេះ មាន​សកលវិទ្យាល័យ​ពុទ្ធិក​ព្រះសីហនុ មិន​ថា​ព្រះ​សង្ឃ​ទេ​ដែល​អាច​បន្ត​ការ​សិក្សា​បាន សូម្បីតែ​និស្សិត​ជា​គ្រហស្ថ​ក៏​អាច​បន្ត​ការ​សិក្សា​បាន ដូច​ថា សាលា​មាន​វិន័យ​បង្ហាត់​បង្រៀន​អក្សរសាស្ត្រ​ច្បាស់​លាស់»
លោក គឹម ងួន ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​ធម្មការ​ខេត្ត​បាត់ដំបង លោក​បាន​មាន​ប្រសាសន៍​ថា ព្រះពុទ្ធសាសនា​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម ដើម្បី​ជួយ​ដល់​ការងារ​អភិវឌ្ឍន៍​សង្គម​កម្ពុជា។ ក្នុង​នោះ ព្រះសង្ឃ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ព្រះធម៌ អប់រំ​សីលធម៌​សង្គម តាម​វិទ្យុ ទូរទស្សន៍ និង​នៅ​តាម​សាលារៀន។ នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​ដោយ​ទឹក​ជំនន់ ដោយ​ខ្យល់​ព្យុះ គឺ​វត្ត​អារាម​បាន​ជួយ​ជា​ថវិកា ជា​សម្ភារៈ និង​កម្លាំង​កាយ ដើម្បី​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើង​វិញ ក្រោយ​ពី​រង​ការ​ខូច​ខាត៖ «នៅ​ តាម​វត្ត​អារាម ព្រះសង្ឃ​បាន​ជួយ​ការងារ​សង្គម ពិសេស​ជួយ​ដល់​កូន​ចៅ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​អត់​មាន​កន្លែង​ស្នាក់នៅ​រៀន​សូត្រ។ វត្ត​អារាម​បាន​ក្លាយ​ជា​ទីតាំង​យ៉ាង​សំខាន់ សម្រាប់​ជួយ​អោយ​សិស្ស​ស្នាក់​នៅ ដើម្បី​សិក្សា​រៀន​សូត្រ អនាគត​ក្មេង​ក្លាយ​ជា​ធនធាន​មនុស្ស​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ជាតិ​យើង»
មនុស្ស​ចាស់​ជរា ស្ត្រី​មេម៉ាយ​ក្រីក្រ ព្រះសង្ឃ​បាន​ជួយ​ផ្ដល់​ជា​ម្ហូប​អាហារ ជា​សំលៀកបំពាក់។ ក្រៅពី​នេះ ព្រះសង្ឃ​ជួយ​ដល់​មជ្ឈមណ្ឌល​ផ្ដាច់​គ្រឿង​ញៀន ផ្ដល់​ជា​សម្ភារៈ ម្ហូប​អាហារ និង​ឱវាទ​សម្រាប់​ឲ្យ​អ្នក​ញៀន​ថ្នាំ​ញៀន មាន​ការ​កែប្រែ​តាម​រយៈ​ការ​អប់រំ។ ទន្ទឹម​គ្នា​នេះ ព្រះសង្ឃ​បាន​ចូល​ទៅ​អប់រំ​ទណ្ឌិត​នៅ​តាម​ពន្ធនាគារ។ ទាំង​នេះ សុទ្ធ​តែ​ជា​សកម្មភាព​របស់​ព្រះពុទ្ធសាសនា ដើម្បី​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម។
លោក គឹម ងួន៖ «នៅ​កន្លែង​យើង​នេះ យើង​មាន​មណ្ឌល​វិបស្សនា​នៅ​ទូទាំង​ខេត្ត​បាត់ដំបង មាន​៧​ទីតាំង ជាពិសេស​សកម្មភាព​ខ្លាំង គឺ​នៅ​ខាង​ស្រុក​បាណន់ ទ្រុង​មាន់ ទ្រុង​ទា អា​ហ្នឹង​គឺ​ពុទ្ធបរិស័ទ​ដែល​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ចូល​ទៅ​ក្នុង​ហ្នឹង។ យើង​មាន​ឲ្យ​ធ្វើ​វិបស្សនា​កម្មដ្ឋាន​ទៅ​តាម​កម្រិត មាន​កម្រិត​បឋម មធ្យម និង​ឧត្ដម យើង​សិក្សា​រយៈពេល​១០វគ្គ មួយ​វគ្គ​១០​ថ្ងៃ មួយ​វគ្គ​មាន​តាំង​ពី​កុមារ​អី​ក៏​មាន​ដែរ​នៅ​ក្នុង​ហ្នឹង។ យើង​មាន​មណ្ឌល​វិបស្សនា​ដែល​ជា​សកម្មភាព​ជួយ​ខាង​ផ្នែក​ផ្លូវ​ចិត្ត គេ​ហៅ​ថា មណ្ឌល​វិបស្សនា​លទ្ធិកា»
ក្រៅ​ពី​នេះ ព្រះសង្ឃ​បាន​បើក​អង្គការ​សម្រាប់​ជួយ​កុមារ​កំព្រា។ ព្រះសង្ឃ​បាន​យក​ក្មេងៗ​ទាំង​នោះ ទៅ​ចិញ្ចឹម ដោយ​បាន​បណ្ដុះ​បណ្ដាល​ពួក​គេ​ឲ្យ​រៀន រៀន​អក្សរសាស្ត្រ​ខ្មែរ រៀន​ជំនាញ​កាត់​ដេរ។
ព្រះសង្ឃ​ព្រះនាម ទុយ លីណា គង់​នៅ​វត្ត​ពិភិទ្ធារាម បាន​ថេរ​ដីកា​ថា នៅ​ប្រទេស​កម្ពុជា មាន​ប្រជាពលរដ្ឋ​ខ្មែរ​៩៤​ទៅ​៩៥% ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ប៉ុន្តែ​មាន​អ្នក​បដិបត្តិ​តាម​ធម៌​ព្រះពុទ្ធ​មាន​តិចតួច​ណាស់។ ក្រុម​យុវជន​នៅ​កម្ពុជា ពុំ​បាន​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ទេ បញ្ហា​នេះ​គឺ​ជា​ការងារ​រួម​ទាំង​អស់​គ្នា ទាំង​វិស័យ​ព្រះពុទ្ធសាសនា និង​អាណាចក្រ ដែល​ចូល​រួម​អប់រំ​ទប់ស្កាត់៖ «នៅ​ក្នុង​សង្គម​ខ្មែរ​យើង​ នា​ពេល​បច្ចុប្បន្ន យុវជន​អត់​សូវ​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​សិក្សា​រៀន​សូត្រ​អី​ប៉ុន្មាន​ទេ គ្រាន់​សប្បាយ​ច្រើន គាត់​មិន​ទាន់​មាន​វ័យ​អី​គ្រប់គ្រាន់​ផង គាត់​មាន​ស្នេហា​អ៊ីចឹង​ទៅ ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ធនធាន​មនុស្ស។ បញ្ហា​ដ៏​សំខាន់​មួយ​ទៀត គឺ​យុវជន​តែង​តែ​ផឹក​នូវ​គ្រឿង​ស្រវឹង​ដែល​បញ្ហា​ហ្នឹង​កើត​ឡើង​ដោយ​សារ​ការ ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៃ​គ្រឿង​ស្រវឹង ហើយ​ជំរុញ​ឲ្យ​យុវជន​ហ្នឹង​អ្ហែង ផឹក​នូវ​គ្រឿង​ស្រវឹង ហើយ​ជាពិសេស​នៅ​ក្នុង​ស្រុក​ខ្មែរ ស្នើ​គ្រប់​ទីកន្លែង​ទាំង​អស់ គ្រប់​ផ្ទាំង​ប៉ាណូ​ទាក់​ទង​ទៅ​នឹង​ផ្លាក​យីហោ​គ្រឿង​ស្រវឹង​មាន​គ្រប់​ ទីកន្លែង​ទាំង​អស់»
ព្រះអង្គ​បន្ត​ថា កម្ពុជា​មាន​យុវជន​៣០% ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រហែល​១៥​លាន​នាក់។ កម្ពុជា ជា​ប្រទេស​មួយ​ដែល​សម្បូរ​ទៅ​ដោយ​កម្លាំង​ពលកម្ម ដែល​ពួក​អ្នក​វិនិយោគទុន​ក្រៅ​ប្រទេស​សម្លឹង​ឃើញ​ថា អាច​ដាក់​ទុន​ទៅ​បាន ព្រោះ​មាន​កម្លាំង​ពលកម្ម ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គេ​មាន​ការ​បារម្ភ​ពី​ប្រទេស​កម្ពុជា ដោយ​គេ​យល់​ថា កម្ពុជា​ទៅ​អនាគត​ពុំ​មាន​ធនធាន​មនុស្ស ដោយ​សារ​យុវជន​ខ្មែរ​ពុល​ទៅ​នឹង​គ្រឿង​ស្រវឹង៕

Radio Free Asia (RFA in Khmer) http://www.rfa.org/khmer/indepth/buddhism_in_developing_country-09072012063531.html