Tuesday, 31 July 2012

កម្ពុជា​ត្រូវ​សង់​វត្ត​បន្ថែម ឬ​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​-មន្ទីរ​ពិសោធន៍?

កម្ពុជា​ត្រូវ​សង់​វត្ត​បន្ថែម ឬ​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​-មន្ទីរ​ពិសោធន៍?

វត្តអារាម ជា​ទី​សក្ការ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៩០ % ដែល​កាន់​សាស​នា​ព្រះ​ពុទ្ធ ដែល​ជា​សាសនា​របស់​រដ្ឋ។ យើង​កត់​សម្គាល់​ឃើញ​ថា ចំនួន​ព្រះ​សង្ឃ និង​វត្ត​អារាម កំពុង​តែ​កើន​ឡើង ហើយ​ការ​សាង​សង់ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ ដោយ​រាជ​រដ្ឋា​ភិបាល និង​សប្បុរស​ជន​នានា។ តែ​បើ​ក្រឡេក​មើល​ចំនួន និង​ទំនើប​កម្ម​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ និង​មន្ទីរ​ពិសោធន៍​វិញ មិន​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ។

ឈរ​លើ​គោល​ការណ៍​អា​ ស៊ាន​ដែល​នឹង​បង្កើត​សមា​គមសេដ្ឋ​កិច្ច​អាស៊ាន (ASEAN Economic Community, AEC) ត្រឹម​ឆ្នាំ ២០១៥ និង​គោល​ការណ៍​សកល​ភា​វូប​នីយ​កម្ម កម្ពុជា​នឹង​ប្រឈម​ការ​ប្រកួត​ប្រជែង​ផលិត​ផល​ទាំង​បរិមាណ​និង​គុណភាព​នៅ​លើ ទីផ្សារ​តំបន់ និង​ពិភព​លោក។
តើ​កម្ពុជា ត្រូវ​ត្រៀម​លក្ខណៈ​បែប​ណា​ខ្លះ ដើម្បី​កែប្រែ​ការ​ប្រឈម​ឲ្យ​ទៅ​ជា​ឱកាស ពាណិជ្ជ​កម្ម និង​សេដ្ឋកិច្ច? តើ​រដ្ឋាភិ​បាល ឬ​សប្បុរស​ជន ពាណិជ្ជ​ករ គួរ​ប្រើ​ថវិកា​ខ្លះ ដើម្បី​ការ​សាង​សង់​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ និងមន្ទីរ​ពិសោធន៍​វិទ្យា​សាស្ត្រ​ដែរ​ឬ​ទេ?

ជា​ដំបូង តួនា​ទី​វត្ត​អារាម​ពិត​ជា​សំខាន់​ណាស់ សម្រាប់​ពលរដ្ឋ​ខ្មែរ​ដូច​ជា ការ​ផ្តល់​ពុទ្ធ​ដីកា និង​ដំបូន្មាន របស់​ព្រះ​សង្ឃ ដល់​ពុទ្ធ​សាស​និក និង​ជា​កន្លែង​ផ្ដល់​ចំណេះ​ដឹង។ វត្ត​អារាម​ក៏​ជា​ទី​ស្នាក់​អា​ស្រ័យ របស់​និស្សិត​បុរស ដែល​មក​ពី​ទី​ជន​បទ​ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​នៅ​ទី​ក្រុង។ អត្ថបទ​មួយ​របស់ Arnaldo Pellini (2004) ក៏​បាន​បង្ហាញ​ឧទាហរណ៍ របស់​សមាគម​វត្ត​អារាម​ក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់​ធំ ដែល​ដើរ​តួនាទី​ជា​សមាគម ថវិកា និង​ស្រូវ​សម្រាប់​ប្រជា​ពលរដ្ឋ។ បើ​តាម​ស្ថិតិ​របស់​ក្រសួង​ធម្ម​ការ និង​សាស​នា ដែល​ដក​ស្រង់​ដោយសារ​ព័ត៌​មាន Xinhua គិត​មក​ត្រឹម​ខែ​មេសា​ឆ្នាំ​២០១០ មាន​វត្ត​អា​រាម​ចំនួន ៤៣៩២ និង​ព្រះ​សង្ឃ​ច្រើន​ជាង ៥ ម៉ឺន​អង្គ ក្នុង​ប្រទេស​កម្ពុជា។ បើ​យើង​គិត​ពី​សមាមាត្រ​ភាគ​រយ​ព្រះ​សង្ឃ និងប្រជា​ជន​សរុប ១៣,៣៩៥,៦៨២ (NIS, 2008) គឺ​ស្មើ ០.៤ %។
ម្យ៉ាង​វិញ​ ទៀត ថវិកា ដែល​ត្រូវ​សាង​សង់​វិហារ និង​កុដិ ក្នុង​វត្ត នីមួយៗ​យ៉ាង​ហោច​ក៏​ត្រូវ​ចំណាយ​ពី ២០ ទៅ ៣០ ម៉ឺន​ដុល្លារ​អាមេរិក​ដែរ ហើយ​បើ​យើង​មាន​មហិច្ឆ​តា​ដើម្បី​ធ្វើ​ទំនើប​កម្ម​វត្ត​ទាំង​អស់​ដែល​មាន ស្រាប់ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ការ​ថវិកា​ជិត​មួយ​កោដិ​ដុល្លារ​អាមេរិក​ដែរ។ ការ​សាង​សង់​ទៀត​សោត ពពាក់​ពពូន​គ្នា​នៅ​តែ​តំបន់​ជិតៗ ហើយ​តំបន់​ឆ្ងាយៗ ជា​ពិសេស​តំបន់​ព្រំដែន​ដែលត្រូវ​ការ​ប្រជា​ពលរដ្ឋ​រស់​នៅ​ឲ្យ​បាន​ច្រើន​ នោះ ក៏​មិន​សូវ​ជា​មាន​ដែរ។

តើ​យើង​ទទួល​បាន​អ្វី​ខ្លះ ពី​ការ​អភិវឌ្ឍ​បែប​នេះ? ពិត​ណាស់ ប្រជា​ពលរដ្ឋ មាន​ទី​វត្ត​អារាម​ទូលាយ​ស្អាត​បាត សម្រាប់​ជួប​ជុំគ្នា​ពេល​មាន​បុណ្យ​ទាន​ម្ដងៗ។ តែ​បើ​ក្រឡេក​មើល​ព្រះ​សង្ឃ​មួយ​ចំនួន​តូច បាន​បង្ហាញ​ភាព​ឡូយ​ឆាយ​ដាក់​ប្រជា​ពលរដ្ឋ និង​វាយ​ឫក​ស្មើ​គហិបតី សម័យ​ទុំ​ទាវ ដែល​នេះ ជា​ការ​ខក​ចិត្ត​របស់​ពុទ្ធ​សាស​និក ដែល​ចំណាយ​អស់​កម្លាំង​ញើស​ឈាម ដើម្បី​ឧបត្ថម្ភ វិស័យ​ពុទ្ធ​សាសនា។ ម្យ៉ាង​ទៀត បើ​ក្រឡេក​មើល​ទៅ​ព្រះ​សង្ឃ​តាម​វត្ត​អារាម​ក្នុង​ក្រុង​ភ្នំពេញ គេ​នឹង​ឃើញ​ព្រះ​សង្ឃ​ក្មេងៗ​ជា​ច្រើន​ដែល​រវល់​ជជែក​តាម​ទូរស័ព្ទ​សាធា រណៈ​ក្បែរ​របង​វត្ត។ តាម​ការ​ពិត​ទៅ វ័យ​ ១៨-៣៥ ឆ្នាំ គឺ​ជា​វ័យ​ដ៏​សស្រាក់​សស្រាំ​ក្នុង​ការ​ងារ ដើម្បី​ប្រយោជន៍​គ្រួ​សារ​និង​សង្គម​ជាតិ​ ហើយ​បើ​យើង​សម្លឹង​មើល សីល​ធម៌​សង្គម​ខ្មែរ​បច្ចុប្បន្ន ដែល​កំពុង​ធ្លាក់​ចុះ រួម​មាន​ទាំង​ការ​រំលោភ​សេព​សន្ថវ: (កាម​កិលេស) ការ​សម្លាប់​វាយ​តប់ ដែល​ករណី​ខ្លះ​ត្រឹម​តែ​មើល​មុខ​គ្នា​នោះ វា​ប្រាស​ចាក​នឹង​សីល​ប្រាំ សម្រាប់​ពុទ្ធសាស​និក​ទូទៅ​។ តាម​ពិត​ទៅ យើង​គួរ​តែមិន​មាន​ក្ដី​បារម្ភ​ ពី​បញ្ហា​សីល​ធម៌​សង្គម​ទេ ព្រោះ​យើង​មាន​ព្រះ​សង្ឃ​យ៉ាង​ច្រើន ដែល​ជា​អ្នក​ប្រដៅ​សាសនា ក្នុង​សង្គម​យើង តែ​ហេតុ​អ្វី​បាន​ជា​បទ​ល្មើស​ទាំង​នេះ នៅ​តែ​កើត​មាន​ឡើង និង​កំពុង​បន្ត​កើន​ឡើង​? ឬ​មួយ​ក៏​អ្វី​ដែល​យើង​បាន​ចំណាយ​យ៉ាង​ច្រើន​នោះ​មិន​មាន​ប្រសិទ្ធភាព​?

បច្ចេក ​វិទ្យា​ក្នុង​អត្ថបទ​នេះ មិន​សំដៅ​ទៅ​លើ​ព័ត៌​មាន​វិទ្យា​នោះ​ទេ តែ​យើង​ចង់​ផ្ដោត​ទៅ​លើ​បច្ចេក​វិទ្យា កសិកម្ម និង​ចំណី​អា​ហារ​ដែល​ដើរ​តួ​សំខាន់​សម្រាប់​ខឿន​សេដ្ឋ​កិច្ច​ជាតិ។
សម្តេច ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា៖​«យើង​គួរ​តែ​អភិវឌ្ឍ​បច្ចេក​វិទ្យា​កសិកម្ម​របស់​ យើង​ឲ្យ​បាន​ដូច​ប្រទេស ដទៃ​។ បើ​យើង​នឹកពី​ប្រទេស​បារាំង យើង​នឹង​ស្គាល់​ស្រា​ទំពាំង​បាយ​ជូរ​ពី Bordeaux ប្រូមា និង​ថ្លើម​ក្ងាន​ដ៏​ថ្លៃ​»។

តើ​យើង​ត្រូវ​ការ​អ្វី ដើម្បី​ឈាន​ទៅ​ដល់​ការ​អភិវឌ្ឍ​ផលិត​ផល និង​ផលិត​កម្ម​ជា​ទ្រង់​ទ្រាយ​ធំ?
ចម្លើយ ​គឺ យើង​ត្រូវ​ឆ្លង​កាត់​ការស្រាវ​ជ្រាវ​និង​កែ​លម្អ​តាម​បែប​វិទ្យា​សាស្ត្រ​នៅ ក្នុង​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ ឬ​មន្ទីរ​ពិសោធន៍​។ ឧទាហរណ៍ ប្រសិន​បើ​យើង​ចង់​ផលិត​ទឹក​ដោះ​គោ ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ នៅ​ប្រទេស​កម្ពុជា ដែល​មាន​អាកាស​ធាតុ​ក្នុង​តំបន់​ត្រូ​ពិកក្ដៅ​-សើម យើង​ត្រូវ​ប្រើ​ពេល​បង្កាត់​ខ្វែង​ពូជ​គោ​ទឹក​ដោះ និង​ពូជ​ក្នុង​ស្រុក ដែល​ធន់​នឹង​ស្រេ្តស ហើយ​បើ​យើង​ចង់​បាន​សាច់​គោ ដែល​មាន​រស​ជាតិ​ឆ្ងាញ់ ផលិត​ភាព​ខ្ពស់ ប្រើ​ចំណី​តិច យើង​ក៏​ត្រូវ​បង្កាត់​សម្រាំង​ពូជ​ដោយ​ត្រូវ​ប្រើ​បច្ចេក​ទេស បង្កាត់​សិប្ប​និម្មិត ផ្ទេរ​អំប្រ៊ីយ៉ូ...។ល។ បើ​យើង ចង់​បាន​ពូជ​ដំណាំ ដែល​ធន់​នឹង​ភាព​រាំង​ស្ងួត សត្វ​ល្អិត ទិន្ន​ផល​ខ្ពស់ គុណ​ភាព​ល្អ យើង​អាច​ប្រើ​បច្ចេក​វិទ្យា Genetic Modified Organism (GMO) ការ​បណ្ដុះ ជា​លិកា...។ល។

បច្ចេក​វិទ្យា​ទាំង​នេះ ក៏​អាច​ប្រើ​ដើម្បី​ការ​ពារ​ពូជ​សត្វ​កម្រ​និង​រុក្ខ​ជាតិ​កម្រ ក្នុង​ប្រទេស​កម្ពុជា​បាន​ដែរ។ តើ​យើង​មាន​លទ្ធ​ភាព​ពេញ​លេញ​សម្រាប់​ការផ្លាស់​ប្តូរ​នេះ ឬ​នៅ? ចមើ្លយ​គឺ​ពិត​ជា​មិន​ទាន់​ទេ ហើយ​ពិត​ណាស់​ដើ​ម្បី​ធើ្វ​វា​បាន​យើង​ត្រូវ​ការ​ពេល​វេលា ថវិកា ធនធាន​មនុស្ស និងទីក​នែ្លង​។
យើង​មាន​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ ឬ​មន្ទីរ​ពិសោធន៍​វិទ្យា​សាស្រ្ត​តិច​តួច​ណាស់ ខ្លះ​មិន​ដំណើរ​ការ​ទៀត បើ​តាម​ការ​ប៉ាន់​ស្មាន ការ​សាង​សង់​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ ឬ​មន្ទីរ​ពិសោធន៍​វិទ្យា​សាស្រ្ត ដោយ​បំពាក់​ឧបករណ៍​បរិក្ខារ​ទំនើប អាច​មាន​តមៃ្ល​ថៃ្ល​ជាង​វត្ត​អារាម ពី ២ ទៅ​បី​ដង តែ​យើង​ក៏មិន​ត្រូវ​ការ​រហូត​ដល់​ទៅជិត ៥ ពាន់​កនែ្លង​នោះ​ដែរ ត្រឹម​តែ ១ ភាគ ៥០ ​នៃ​ចំនួន​នេះ វា​ច្រើន​ពេក​ទៅ​ហើយ​សម្រាប់​កម្ពុជា​។​

បញ្ហា​ មួយ​ទៀត ជម្រើស​របស់​និសិ្សត សម្រាប់​ការ​រៀន​វិស័យ​កសិកម្ម ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន​តិច​ទៅ​ទៀត ខណៈ​ដែល​កម្ពុជា ជា​ប្រទេស​កសិកម្ម​ស្រាប់។ ដូច​ដែល​ធ្លាប់​ឮ​មក​ហើយ ឪពុក​ម្តាយ បាន​ឲ្យ​ដំបូន្មាន​ទៅ​កូន​សម្រាប់​ការ​ជ្រើស​រើស​រៀន​វិស័យ​ណា ដែល​ពេល​ចេញ​ទៅ​ធ្វើ​ការ មាន​ម៉ាស៊ីន​ត្រជាក់ មិន​ហាល​ថ្ងៃ​និង​ភ្លៀង និង​កាប់ គាស់​ដី។

ជា​លទ្ធផល រៀង​រាល់​ឆ្នាំ មាន​និសិ្សត​ដែល​បញ្ចប់​ឧត្តម​សិក្សា​ផ្នែក​គ្រប់​គ្រង ព័ត៌​មាន​វិទ្យា ធនាគារ ដែល​ធ្វើ​ការ​មិន​ប្រើ​ជំនាញ​ទាំង​នេះ។ ដូច្នោះ ការ​កសាង និង​បង្កើន​ចំនួន​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ និង​មន្ទីរ​ពិសោធន៍​វិទ្យា​សាស្រ្ត​ជា​ភាព​ចាំ​បាច់ ដែល​នឹង​បង្កើត​ការ​ងារ​បន្ថែម​ដល់​និស្សិត និង​ជួយ​ជំរុញ​ស្តង់​ដារ វិទ្យា​សាស្រ្ត និង​គុណ​ភាព​ផលិត​ផល ដើម្បី​ប្រកួត​ប្រជែង ជាមួយ​ប្រជា​ជាតិ​ដទៃ។

សរុប​សេចក្តី​មក ការ​បង្កើន​សន្ទុះ​ការ​សាង​សង់​វត្ត​អារាម ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន គួរ​តែ​មិន​មាន​ភាព​ចាំ​បាច់ ជាង​ការ​អភិវឌ្ឍ និង​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត លើ​ផ្នែក​កសិកម្ម​ទេ។ សិស្ស និង​និសិ្សត​ក៏​គួរ​តែ​មិន​ចាំ​បាច់​បារម្ភ និង​រារែក​ចំពោះ​ការ​ជ្រើស​រើស និង​ប្រឡូក​ក្នុង​វិស័យ​កសិកម្ម និង​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត លើ​ផ្នែក​នេះ​ដែរ។ វា​ជា​ខឿន​សេដ្ឋកិច្ច​ដ៏​ចម្បង របស់​ប្រទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនា​គត ហើយ​យើង​គួរ​តែ​ត្រៀម​ខ្លួន ពង្រឹង​សមត្ថភាព​បន្ថែម​លើ​វិស័យ​នេះ ដែល​យើង​បាន​ឈាន​ជើង​ចូល​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក (WTO) ហើយ​នឹង​ឈាន​ជើង​ចូល​សមាគម​សេដ្ឋកិច្ច​អាស៊ាន (AEC) នា​ពេល​ខាង​មុខ៕

ដោយ ប៉ែន មីរ៉ាន់ដា និស្សិត​ថ្នាក់​បណ្ឌិត​ នៅ​សាកល​វិទ្យា​ល័យ New England នៅ​ប្រទេស​អូស្ដ្រាលី
The Phnom Penh Post http://postkhmer.com/index.php/national/letter-to-editor/83132-2012-07-31-05-11-36

No comments:

Post a Comment