ព្រះពុទ្ធសាសនា និងការអភិវឌ្ឍសង្គម
ដោយ វិជ័យ អានន្ទ
2012-09-18
ក្នុងការអភិវឌ្ឍសង្គម គេមិនអាចធ្វើទៅបាននោះទេ ប្រសិនមនុស្សក្នុងសង្គមនោះមិនសាមគ្គីគ្នា។ ដូច្នេះ ការរួបរួមគ្នារបស់ពលរដ្ឋនៃសង្គមនោះ ជាកត្តាដ៏ចម្បងសម្រាប់ជួយជំរុញប្រទេសនោះ ឬសង្គមនោះឲ្យរីកលូតលាស់ទៅមុខ។យ៉ាងណាមិញ បព្វជិតក៏ជាពលរដ្ឋដែរ ហេតុនេះព្រះអង្គ មានតួនាទីដ៏ចាំបាច់ក្នុងការចូលរួមចំណែក ដើម្បីកសាងប្រទេសជាតិ។
ដោយយល់ឃើញបែបនេះ សមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរ មានការិយាល័យកណ្ដាលស្ថិតនៅវត្តនួនមណីរាម ហៅថា វត្តថាន់ ត្រូវព្រះសង្ឃគង់នៅសហរដ្ឋអាមេរិកបង្កើតឡើង ក្នុងទិសដៅជួយសង្គ្រោះជនក្រីក្រ។
តំណាងសមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរព្រះតេជគុណ យ៉ាន់ សារុន គង់នៅវត្តនួនមណីរាម មានថេរដីកាថា ជាការឆ្លើយតបទៅនឹងស្ថានភាព និងជីវភាពរបស់ពលរដ្ឋ នៅពេលបច្ចុប្បន្ន សមាគមមានគម្រោងការណ៍ជាច្រើន ដើម្បីជួយជនក្រីក្រ។ ក្នុងនោះ សមាគមជួយជីកអណ្ដូងទឹក ជីកស្រះទឹក កសាងសាលារៀន សាងសង់ផ្ទះជូនអ្នកក្រីក្រ ជួយក្មេងកំព្រា និងព្រះសង្ឃ ខ្វះលទ្ធភាពបន្តការសិក្សា ឲ្យព្រះអង្គបានសិក្សាបន្តជាដើម។ ព្រះតេជគុណមានថេរដីកាបន្តថា ចាប់តាំងពីសមាគមបានបង្កើត នៅឆ្នាំ ២០០៤ មក សមាគមបានជីកអណ្ដូងទឹករាប់រយអណ្ដូងតាមបណ្ដាខេត្តនានា ដូចជាខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង សៀមរាប បាត់ដំបង និងបន្ទាយមានជ័យជាដើម។
ព្រះតេជគុណ យ៉ាន់ សារុន មានថេរដីកាបន្ថែមថា អណ្ដូងទឹក ជាវត្ថុចាំបាច់ណាស់ សម្រាប់ពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាលមួយចំនួន ដែលខ្វះប្រភពទឹក៖ «ការជួយនេះ សមាគមនេះ គឺជួយសំខាន់ គឺទីមួយ ប្រជាជនដែលក្រីក្រ ចាស់ជរា ដែលគ្មានទីពឹង ហើយទីពីរទៀត គឺកុមារកំព្រា សាលារៀន ដែលយើងបានធ្វើកន្លងហើយ ដូចជា អណ្ដូងទឹកជាច្រើន ហើយស្រះទឹក។ ស្រះទឹកក៏ជីកជាច្រើនដែរ នៅតាមបណ្ដាខេត្តនានា»។
លើសពីនេះ ព្រះតេជគុណបញ្ជាក់ថា សមាគមបានសាងសង់សាលារៀនមួយខ្នង ៣ បន្ទប់ នៅខេត្តសៀមរាប ដែលមានសិស្សរៀនប្រមាណ ២៦៨ នាក់ និងសាងសង់ផ្ទះសម្បែងជូនពលរដ្ឋជាច្រើនខ្នង។
ទាក់ទងនឹងការសាងសង់សាលារៀននេះ នាយកសាលាបឋមសិក្សាពន្លឺវិជ្ជាជប់ស្មាច់ លោក គង់ សម្បត្តិ ឲ្យដឹងថា ភូមិជប់ស្មាច់នៃឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាបនេះ ជាភូមិទើបកើតថ្មី។ ដូច្នេះ ដំបូងក្មេងៗ នៅក្នុងភូមិនេះ មិនមានសាលារៀនត្រឹមត្រូវនោះទេ គឺមានសាលារៀនមួយខ្នងប្រក់ស្បូវ។ ប៉ុន្តែឥឡូវ ក្មេងៗ ទាំងនោះ មានកន្លែងសម្រាប់រៀនសូត្រសមរម្យជាងមុន ហើយវាជាសមិទ្ធផលដ៏សំខាន់សម្រាប់ជួយវិស័យអប់រំ។ យ៉ាងនេះក្ដី លោក គង់ សម្បត្តិ លើកឡើងបន្ថែមថា សាលារៀនមួយខ្នងនេះ គឺមិនទាន់ឆ្លើយតបនឹងកំណើនសិស្សនោះឡើយ។
ជាមួយគ្នានេះដែរ លោកកត់សម្គាល់ថា ការចូលរួមរបស់ព្រះសង្ឃក្នុងការជួយអភិវឌ្ឍសង្គម ជារឿងមួយគួរឲ្យរីករាយណាស់ ព្រោះព្រះសង្ឃមានអ្នកជឿទុកចិត្តច្រើន ព្រះអង្គងាយទាក់ទាញសប្បុរសជនឲ្យចូលរួមកសាងសង្គមជាតិ។
លោក គង់ សម្បត្តិ៖ «ឆ្នាំនេះកុមារប្រហែលឡើងដល់ ៣០០ បើតាមជំរឿន វាមានសិស្សថ្មី និងសិស្សឡើងថ្នាក់ ចង់ឲ្យតែជួយព្រោះខ្ញុំមិនដឹងទៅពឹងពីណា បានសមាគមជួយខ្ញុំអរហើយ ខ្ញុំថាទីមួយ ដែលស្រួលជាងនោះ បង្កលក្ខណៈឲ្យកូនចៅទាំងអស់នៅជុំវិញក្នុងភូមិនេះឲ្យចូលរៀនបាន ច្រើនធ្វើឲ្យកូនក្មេងនោះចេះដឹងចង់រៀន»។
ភ្ជាប់នឹងបញ្ហានៃថវិកាទ្រទ្រង់សមាគមនេះ ព្រះតេជគុណ យ៉ាន់ សារុន មានថេរដីកាថា សមាគមទទួលគាំទ្រពីពុទ្ធបរិស័ទខ្មែរនៅក្រៅប្រទេស ដូចជា អូស្ត្រាលី កាណាដា បារាំង និងសហរដ្ឋអាមេរិក តាមរយៈប្រធានសមាគម ដែលគង់នៅសហរដ្ឋអាមេរិក គឺព្រះតេជគុណមហា យិន នឿន។
ព្រះតេជគុណ មានថេរដីកាបន្តថា បច្ចុប្បន្ន សមាគមកំពុងតែកសាងសមិទ្ធផលមួយទៀត ដែលមានទឹកប្រាក់ប្រមាណ ៦ ម៉ឺន ដុល្លារសហរដ្ឋអាមេរិក។ សមិទ្ធផលទាំងនោះ រួមមានការកសាងកាំជណ្ដើរឡើងលើភ្នំនាងកង្រី ការកសាងមជ្ឈមណ្ឌលសមាធិនៅខេត្តបន្ទាយមានជ័យ និងការកសាងព្រះពុទ្ធរូបមួយចំនួនទៀត។
ជាងនេះទៅទៀត ព្រះតេជគុណ យ៉ាន់ សារុន មានថេរដីកាបន្ថែមថា សមាគមរៀបចំបោះពុម្ពព្រះត្រៃបិដក ដែលមានតែភាសាខ្មែរសុទ្ធ ដោយមិនលាយឡំនឹងភាសាបាលី ទុកសម្រាប់ពុទ្ធបរិស័ទអាន ហើយនៅពេលឆាប់ៗ ខាងមុខ សមាគមនឹងបោះពុម្ពបទានុក្រមភាសាបាលី-ខ្មែរ ដែលមានរាប់ពាន់ទំព័រ សម្រាប់ទុកឲ្យពលរដ្ឋខ្មែរធ្វើការសិក្សាស្រាវជ្រាវ ព្រោះភាសាខ្មែរជាប់ពាក់ព័ន្ធនឹងភាសាបាលីច្រើន។ ដូច្នេះ ការបោះពុម្ពបទានុក្រមនេះ អាចជាឯកសារដ៏សំខាន់ និងជាមត៌កដ៏មានតម្លៃនៃអ្នកជំនាន់ក្រោយ។
ទន្ទឹមគ្នានេះ ព្រះតេជគុណមានថេរដីកាបញ្ជាក់ថា សមាគមនឹងរៀបចំឲ្យមានការបណ្ដុះបណ្ដាលជំនាញផ្សេងៗ ឡើងវិញ ដើម្បីផ្ដល់ចំណេះដឹងដល់កូនអ្នកក្រីក្រ ដែលគ្មានលុយបង់សាលា តែពួកគេចង់រៀន ព្រោះកន្លងមកសមាគមធ្លាប់បើកវគ្គសិក្សាជំនាញខ្លីៗ។ ប៉ុន្តែ ដោយសារសមាគមខ្វះគ្រូបង្រៀន ទើបសមាគមផ្អាកការបណ្ដុះបណ្ដាលជំនាញខ្លីៗ នោះទៅ។ កន្លងមកសមាគមបើកបង្រៀនកុំព្យូទ័រ និងភាសាអង់គ្លេសដល់កូនសិស្សក្រីក្រនៅទីក្រុងភ្នំពេញ និងសិស្សក្រីក្រមកពីខេត្តផ្សេងៗ។
ទោះយ៉ាងណាក៏ដោយ ព្រះតេជគុណ យ៉ាន់ សារុន មានថេរដីកាបន្ថែមថា អ្វីដែលសមាគមកំពុងធ្វើពុំទាន់ឆ្លើយតបទាំងស្រុង ចំពោះតម្រូវការរបស់ពលរដ្ឋក្រីក្រទាំងនោះនៅឡើយ។
ទាក់ទងនឹងសកម្មភាពរបស់សមាគមនេះដែរ សមណនិស្សិតអនុបណ្ឌិតផ្នែកអប់រំ នៃសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ព្រះតេជគុណ អ៊ឹម សំអាត មានថេរដីកាថា ព្រះសង្ឃទាំងអស់ ដែលបានបួសរៀនចេះដឹងហើយ ព្រះអង្គទាំងអស់នោះ គួររៀនយកតម្រាប់តាមថ្នាក់ដឹកនាំនៃសមាគមព្រះពុទ្ធសាសនា ដើម្បីសង្គ្រោះខ្មែរ ព្រោះសកម្មភាពរបស់ថ្នាក់ដឹកនាំសមាគម និងសមាជិកនៃសមាគម ដែលកំពុងធ្វើនេះ បានបង្ហាញយ៉ាងច្បាស់ពីទឹកព្រះទ័យប្រកបដោយករុណាធម៌ ចំពោះបរិស័ទក្រីក្រ ដែលព្រះសង្ឃគួរធ្វើ។
ម្យ៉ាងទៀត ទំនាក់ទំនងរវាងព្រះសង្ឃ និងឧបាសក ឧបាសិកា មិនអាចកាត់ផ្ដាច់ពីគ្នាបាននោះទេ ព្រោះព្រះសង្ឃ និងឧបាសក ឧបាសិកា ត្រូវចេះជួយយកអាសាគ្នាទៅវិញទៅមក ទើបជួយអភិវឌ្ឍសង្គមឲ្យមានការរីកចម្រើនបានឆាប់រហ័ស។
ថេរដីកាព្រះតេជគុណ អ៊ឹម សំអាត៖ «ព្រះសង្ឃ លោកគួរតែរួមចំណែកផ្អែកខាងមតិយោបល់ ការផ្ដល់យោបល់ ការផ្ដល់គំនិតសំខាន់ៗ នានា ទៅតាមការសិក្សានូវពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាច្រើន ដែលព្រះអង្គទ្រង់សម្ដែងមក ហើយឧបាសកហ្នឹងគួរអនុវត្តនៅសកម្មភាពជាក់ស្ដែងទាំងឡាយ ទាំងពួងនោះ ដូចជា ការអភិវឌ្ឍ ការសន្ដោសប្រោសប្រណី ឬការកសាងប្រទេសជាតិ ការដឹកនាំប្រទេសជាតិ ប្រកបដោយសង្គហៈ ប្រកបដោយនាយកធម៌ ប្រកបដោយទសពិធរាជធម៌អីជាដើម»។
បន្ថែមលើនេះទៀត ព្រះតេជគុណ អ៊ឹម សំអាត មានថេរដីកាបញ្ជាក់បន្ថែមថា ការធ្វើអំពើល្អ និងអំពើទាំងឡាយណា ដែលញ៉ាំងអ្នកដទៃឲ្យទទួលបានសេចក្ដីសុខ គឺជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ។
មួយវិញទៀត ព្រះតេជគុណមានថេរដីកាថា កន្លងមក ព្រះសង្ឃមានតួសំខាន់ខ្លាំងណាស់ ក្នុងការជួយអភិវឌ្ឍន៍សង្គម ដូចជា ការធ្វើគ្រូបង្រៀន ការទេសនាអប់រំពុទ្ធបរិស័ទទាក់ទងនឹងសីលធម៌រស់នៅប្រចាំថ្ងៃ ការទ្រទ្រង់អក្សរសាស្ត្រជាតិជាដើម។ ដូច្នេះ ព្រះសង្ឃនៅពេលបច្ចុប្បន្ន ក៏គួរធ្វើអ្វីមួយ ដែលជាប្រយោជន៍ដល់សង្គម ដូចបុព្វសង្ឃមុនៗ ដែរ៕
Radio Free Asia (RFA in Khmer) http://www.rfa.org/khmer/indepth/religion-09182012053653.html
No comments:
Post a Comment