ការបញ្ចេញមតិលើបញ្ហាសង្គមគឺជាការចែករំលែកចំណេះដឹង
- Monday, 17 September 2012
- ប៉ែន មីរ៉ាន់ដា
សូម លោក ការីនិពន្ធមេត្តាអនុញ្ញាត ចុះផ្សាយលិខិតឆ្លើយតបរបស់ខ្ញុំបាទ ចំពោះលិខិតលោក សុចរិត ដែលមានចំណងជើង «ព្រះសង្ឃមិនមែនជាអ្នករុញច្រានសង្គមឲ្យធ្លាក់ចុះទេ» ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១២ និងលិខិតលោក យីន លាងគង់ ដែលមានចំណងជើង «គួរចូលរួមសង់វត្តច្រើន ឬធ្វើកិច្ចការអាណាចក្រច្រើនជាង?» ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១២ តបនឹងលិខិតដំបូងរបស់ខ្ញុំ ដែលមានចំណងជើង «កម្ពុជាត្រូវសង់វត្តបន្ថែម ឬមជ្ឈមណ្ឌលស្រាវជ្រាវ-មន្ទីរពិសោធន៍?» ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១២លើទំព័រកាសែតភ្នំពេញ បុស្តិ៍។
ជា បឋម ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកទាំងពីរ ជាពិសេសលោក យីន លាងគង់ ដែលបានចំណាយពេលដ៏មានតម្លៃ ដើម្បីចែករំលែកការយល់ឃើញ និងការគាំទ្រ។ នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសង្គមបច្ចុប្បន្ន និងជំរុញការចែករំលែកចំណេះដឹង និងការបញ្ចេញមតិ តាមរយៈសារព័ត៌មានជាមធ្យោបាយប្រាស្រ័យទាក់ទង ហើយខ្ញុំសូមអភ័យទោស ចំពោះការយឺតយ៉ាវក្នុងការឆ្លើយតប ព្រោះខ្ញុំក៏មមាញឹកសរសេរសារណាបញ្ចប់ការសិក្សារបស់ខ្ញុំផង ដែរ។
ជូនលោក សុចរិត
ខ្ញុំ សូមគាំទ្រការលើកឡើងមួយភាគធំ ក្នុងអត្ថបទរបស់លោក ហើយខ្ញុំគិតថា ចំណុចមួយចំនួនធំរបស់លោក ត្រូវបានឆ្លើយតបយ៉ាងក្បោះក្បាយ និងត្រឹមត្រូវដោយលោក យីន លាងគង់។ លិខិតតបរបស់លោក មានន័យគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា លោកផ្តោត និងវិភាគតែមួយផ្នែកនៃលិខិតដើមរបស់ខ្ញុំ។ ខ្ញុំសូមតបលិខិតរបស់លោក នូវបីចំណុចដោយសង្ខេបដូចខាងក្រោម៖
១. «ការសង់វត្តបន្ថែមមិនមានចែងក្នុងគោលនយោបាយរបស់រដ្ឋាភិបាល តែជាវិភាគទានដ៏ស្មោះស្ម័គ្រ របស់ពុទ្ធសាសនិកសុទ្ធសាធ»៖ ពិតជាត្រឹមត្រូវ តែយើងត្រូវយល់ថា បើយើងមានថវិកាតិចតួចដូចបច្ចុប្បន្ន យើងត្រូវចាយវាយដោយប្រយ័ត្នប្រយែង និងមានតុល្យភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច។ សំណួរត្រង់ថា ថវិកាសាងសង់នេះ ពិតប្រាកដ មានប្រភពមកពីណា? នរណាជាអ្នកឧបត្ថម្ភ? ពួកគេបានមកពីណា? បើបានពីការងារសុចរិតវាជាការប្រពៃ បើមិនមែនវិញ វាជាការបារម្ភមួយ។ ចំណុចមួយទៀត គួររំឭកថា លំហូរចំណាយ និងការសន្សំរបស់បុគ្គល ឬគ្រួសារនីមួយៗ សុទ្ធតែជាធាតុសំខាន់ក្នុងម៉ាក្រូសេដ្ឋកិច្ចជាតិ។ ចំពោះអ្នកមានថវិកាសន្ធឹកសន្ធាប់ហើយ ម្តេចមិនចាប់អារម្មណ៍កសាងស្នាដៃ និងកិត្តិសព្ទលើផ្នែកអាណាចក្រឲ្យបានកាន់តែច្រើន និងចំគោលដៅ? ពោលគឺលើធនធានមនុស្ស និងការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិ។ យើងពិតជាខ្សោយលើផ្នែកនេះមែនទែន ហើយវាហាក់ដូចជាមិនដើរទៅមុខសោះ។
២.«តើនេះមិនបង្ហាញឱ្យ ឃើញ ពីប្រព័ន្ធគ្រប់គ្រងសង្គមមួយ ដែលកាន់តែខ្សោយទៅៗ មានការកែទម្រង់តិចតួច ដែលពិបាកនឹងស្តារឡើងវិញបានទេឬ? » ខ្ញុំមិនយល់ដូចជាលោកទេ ជាក់ស្តែងប្រព័ន្ធគ្រប់គ្រងសង្គមសព្វថ្ងៃ មិនមែនកាន់តែខ្សោយទៅៗទេ វាដើរទៅមុខ គ្រាន់តែលឿន ឬយឺត វាអាស្រ័យលើកត្តាជាច្រើនដែលកំណត់ឆន្ទៈ មន្ត្រីដែលបំពេញការងារទាំងនោះ។ ម្យ៉ាងទៀតបើលោកក៏យល់ថា«ព្រះសង្ឃក៏ចូលរួមចំណែកអភិវឌ្ឍប្រទេស ជាតិ តាមរយៈព្រះពុទ្ធសាសនាយ៉ាងសកម្មដែរ» នោះចំណុចយើងត្រូវការមានតែមួយគត់សព្វថ្ងៃគឺ ឆន្ទៈព្រះសង្ឃ ដូចសម័យអាណានិគមបារាំង ដែលព្រះសង្ឃចូលរួមយ៉ាងសកម្មវាយបំបែកបញ្ហាសង្គម។ ចំណុចដែលលោក យល់ថា «មិនថា ក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលទេ មនុស្សត្រូវតែជឿលើព្រះ»ខ្ញុំមិនមានចំណេះដឹងផ្នែកពុទ្ធចក្រដូច លោកទេ តែតាមខ្ញុំយល់ ពុទ្ធឱវាទមិនដែលប្រដៅមនុស្សឲ្យជឿលើព្រះទេ ជឿលើខ្លួនឯង ប្រព្រឹត្តខ្លួនឯង ទទួលផលខ្លួនឯង ព្រះអង្គគ្រាន់តែប្រៀនប្រដៅ និងបង្ហាញផ្លូវ។
៣. ខ្ញុំសូមឯកភាពជាមួយលោក លើចំណុចដែលត្រូវយកចិត្តទុកដាក់សម្រាប់អភិវឌ្ឍប្រទេសកម្ពុជាឈាន ទៅសហគមន៍អាស៊ាន ឆ្នាំ២០១៥ តែចំណុចទាំងនោះ វាហាក់បីដូចជាទូទៅពេក ម្យ៉ាងរដ្ឋាភិបាល ក៏បាននិងកំពុងអនុវត្ត តាមរយៈយុទ្ធសាស្រ្តចតុកោណដូចមានស្រាប់ដែរ។ ពិតណាស់អត្ថបទដ៏ខ្លីរបស់ខ្ញុំ ក៏ដូចជារបស់លោក មិនអាចក្តោបអត្ថន័យសម្រាប់ការអភិវឌ្ឍប្រទេសទាំងមូលបានទេ តែវាអាចបង្ហាញភាពចន្លោះប្រហោងណាមួយ។
ជូនលោក យីន លាងគង់
ខ្ញុំ សូមថ្លែងអំណរគុណអស់ពីដួងចិត្ត ចំពោះការចែករំលែកការវិភាគ និងការគាំទ្ររបស់លោក។ លោកពិតជាកំពុងមើលតថភាពសង្គម ដូចអ្វីដែលខ្ញុំកំពុងមើលឃើញដូចគ្នា។ ខ្ញុំសូមគាំទ្រទាំងស្រុង ចំពោះការបកស្រាយក្នុងលិខិតរបស់លោក ហើយបានបង្ហាញការពិតបន្ថែមទៀត ដែលបានកើតឡើងហើយដែលមនុស្សមួយចំនួនមិនដែលបានដឹង។
ខ្ញុំ សូម អភ័យទោសរាល់កំហុសឆ្គងបើសិនជាមាន។ សូមលោកសុចរិត និងលោក យីន លាងគង់ ទទួលការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ៕
ដោយ ប៉ែន មីរ៉ាន់ដា និស្សិតថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ New England នៅប្រទេសអូស្ដ្រាលី
Source: The Phnom Penh Post http://postkhmer.com/index.php/national/letter-to-editor/85932-2012-09-17-04-21-43
No comments:
Post a Comment