Sunday, 23 September 2012

ការ​ចូល​រួម​របស់​ព្រះ​ពុទ្ធ​សាសនា ក្នុង​សង្គម​ខ្មែរ

2012-09-23
បច្ចុប្បន្ន​គេ​សង្កេតឃើញ​វត្តអារាម ព្រះសង្ឃ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​រីកចម្រើន​ទាំង​នៅ​ទីក្រុង និង​ជនបទ។ មាន​សំណួរ​សួរ​ថា ការ​រីកចម្រើន​វិស័យ​ព្រះពុទ្ធសាសនា​នេះ តើ​មាន​ឥទ្ធិពល​បែប​ណាខ្លះ​ទៅ​នឹង​ការអភិវឌ្ឍន៍​សង្គម​នៅ​ពេល​បច្ចុប្បន្ន និង​អនាគត?

រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​បាន​កំណត់​ថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ ៩០% គឺ​ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ច្រើន​ជំនាន់​កន្លង​ទៅ​និង​នា​ បច្ចុប្បន្ន​នេះ។
ជាទូទៅ ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន គោរព​ប្រតិបត្តិ​ព្រះសង្ឃ​តំណាង​ឲ្យ​ព្រះពុទ្ធសាសនា តាម​ជំនឿ និង​ទំនៀមទម្លាប់​តៗគ្នា​ពី​ដូនតា​មក។ ប្រជាពលរដ្ឋ​អ្នក​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​ចាត់​ទុក​ព្រះសង្ឃ​ជា​ទីពឹង នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដូច​ជា ត្រូវ​ការ​ព្រះសង្ឃ​ចូលរួម​បុណ្យ​ប្រពៃណី​មាន បុណ្យភ្ជុំបិណ្ឌ មាឃបូជា ពិសាខបូជា បុណ្យ​សព​ក្រុម​គ្រួសារ​សាច់ញាតិ ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់ ពេល​រៀបអាពាហ៍ពិពាហ៍ បុណ្យជាតិ​ដូចជា បុណ្យចូលឆ្នាំ បុណ្យខួប​ឯករាជ្យជាតិ និង​ពិធីបុណ្យ​ច្រើន​ទៀត ដែល​ប្រជាពលរដ្ឋ មន្ត្រីរាជការ សង្គម​ស៊ីវិល អាជីវករ សិប្បករ សុទ្ធសឹងតែ​ត្រូវការ​ព្រះសង្ឃ​នៃ​ព្រះពុទ្ធសាសនា។
ដោយសារ​ពលរដ្ឋ​ខ្មែរ​មាន​តម្រូវការ​ព្រះសង្ឃ​នៅ​គ្រប់​ការងារ​សង្គម​បែប​ នេះ មាន​សាធារណមតិ​​មួយ​ចំនួន​ធំ​បាន​លើក​តម្កើង​ថា ព្រះពុទ្ធសាសនា បាន​រួមចំណែក​ធ្វើ​ឲ្យ​សង្គម​មាន​ការ​អភិវឌ្ឍន៍ តាំងពី​អតីតកាល បច្ចុប្បន្នកាល និង​តទៅ​អនាគតកាល​ថែមទៀត។
ព្រះភិក្ខុ សុណ្ណត្ថេរោ គង់​នៅ​វត្ត​អូរ​ចេង ក្នុង​ស្រុក​កូនមុំ ខេត្ត​រតនគិរី ព្រះនាម វ៉េត សុណ្ណនី មាន​ថេរ​ដីកា​គាំទ្រ​ចំពោះ​ទស្សនៈ​ថា ព្រះពុទ្ធសាសនា​មាន​តួនាទី​សំខាន់​ធ្វើ​ឲ្យ​សង្គម​មាន​ការ​ រីកចម្រើន។ព្រះអង្គ​បាន​ពន្យល់​ថា ក្រៅពី​បាន​បំពេញ​តួនាទី​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី និង​បុណ្យ​នានា​ក្នុង​សង្គម​ព្រះសង្ឃ ផ្អែក​ទៅ​លើ​ទ្រឹស្ដី​ដែល​មាន​ចែង​ក្នុង​គម្ពីរ​ធម៌​របស់​ព្រះពុទ្ធ​បាន​ អប់រំ​មនុស្ស​ឲ្យ​មាន​ការ​យល់ដឹង​នៅ​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ហើយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​ធនធាន​មនុស្ស​ដ៏​សំខាន់។
ព្រះភិក្ខុ​ព្រះនាម វ៉េត សុណ្ណនី៖ «ពុទ្ធសាសនា​គឺ​ផ្ដល់​នូវ​ ការអភិវឌ្ឍន៍​ចំពោះ​ប្រទេស​កម្ពុជា​ដូចជា ផ្នែក​ខាង​អប់រំ ទៅ​តាម​ទស្សនៈ​ព្រះពុទ្ធសាសនា។ ព្រះពុទ្ធ​ជា​ម្ចាស់​ព្រះអង្គ​សំដែង​ថា ឲ្យ​មនុស្ស​ចេះ​ប្រព្រឹត្ត​នូវ​អំពើល្អ ដឹងគុណ​មាតាបិតា និង​ចេះ​សន្ដោស​ប្រោសប្រណី​ធ្វើ​សេចក្ដី​ល្អ​ចំពោះ​អ្នក​ដទៃ​ ជាដើម»។
ព្រះអង្គ​មាន​ថេរ​ដីកា​កត់សំគាល់​ថា វិស័យ​ព្រះពុទ្ធសាសនា​មិន​ត្រឹម​តែ​ធ្វើឲ្យ​មាន​ការ​រីកចម្រើន​ផ្នែក​​ ធនធានមនុស្ស និង​ការ​យល់ដឹង​នោះ​ទេ ក៏ប៉ុន្តែ​វត្តអារាម និង​ព្រះសង្ឃ​ក៏​ជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​​សង្គម​ជាក់ស្ដែង និង​ដ៏​សំខាន់​នៅ​ក្នុង​សង្គម​ខ្មែរ​ទៀត​ផង ពីព្រោះ​វត្តអារាម​ព្រះពុទ្ធសាសនា​ជាច្រើន​បាន​ផ្ដល់​ជា​ទីតាំង​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សង្គ្រោះ​ក្មេងកំព្រា មនុស្ស​អនាថា គ្មាន​ទីពឹង ហើយ​ព្រះសង្ឃ​ជាច្រើន​បាន​រួមចំណែក​ក្នុង​ការងារ​អភិវឌ្ឍន៍​សង្គម​នេះ។
ព្រះភិក្ខុ​ព្រះនាម វ៉េត សុណ្ណនី៖ «ខាង​អភិវឌ្ឍន៍​សង្គម​គឺ​ខាង​ ព្រះពុទ្ធសាសនា ព្រះសង្ឃ​ចុះ​ជួយ​អប់រំ​ ដល់​កុលបុត្រ​នៅ​ក្នុង​សាលា​ទាំង​បឋម ទាំង​អនុវិទ្យាល័យ។ ព្រះសង្ឃ​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​សង្គម​ដូចជា ការ​កសាង​ផ្លូវ កសាង​សាលា ស្ពាន មន្ទីរពេទ្យ​ជាដើម ដើម្បី​ជួយ​សម្រាល​ដល់​ការ​អភិវឌ្ឍន៍​រាជរដ្ឋាភិបាល​ហើយ​មាន​ចំណុច​ច្រើន​ បន្ថែម​ទៀត»។
នៅ​ក្នុង​សៀវភៅ​ទស្សនវិជ្ជា ព្រះពុទ្ធសាសនា​របស់​លោក​សាស្ត្រាចារ្យ ស សារុន ចេញ​ផ្សាយ​កាល​ពី​ទសវត្ស​ឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ បាន​សរសេរ​ថា ៧០% នៃ​ពលរដ្ឋ​ខ្មែរ​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​មិន​បាន​យល់ដឹង​ ស៊ីជម្រៅ​ពី​វិស័យ​ព្រះពុទ្ធសាសនា​នៅ​ឡើយ​ដូចជា និយមន័យ​ថា​អ្វី​ជា​សាសនា? អ្វី​ជា​ពុទ្ធសាសនា? ហើយ​តើ ទ្រឹស្ដី​ព្រះពុទ្ធសាសនា​ដឹកនាំ​មនុស្ស​មាន​គុណសម្បត្តិ និង​​គុណវិបត្តិ​អ្វីខ្លះ? ជាដើម។
ព្រះ​គ្រូ សុវណ្ណ កូបរាសី អនុ​គុណ ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី និង​ជា​ចៅអធិការ​វត្ត​សីលា​សុវណ្ណ​គង្គា ព្រះនាម សាយ វិចិត្រ បាន​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ក្នុង​នោះ ក៏​មាន​ព្រះសង្ឃ​មួយ​ចំនួន​ធំ ដែល​ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​នៅតែ​មិនទាន់​បាន​ប្រតិបត្តិ​ ត្រឹមត្រូវ​តាម​ការ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ ដែល​ជា​សង្គមវិទូ​មួយ​ដ៏​ធំ​នៅ​លើ​ពិភពលោក​នេះ​មែន។
ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា ការ​មិន​បាន​យល់ដឹង​ពី​ទ្រឹស្ដី​អប់រំ​របស់​ព្រះពុទ្ធសាសនា​នេះ​នឹង​ធ្វើ​ ឲ្យ​មាន​ការ​យល់​ខុស និង​ធ្វើ​ខុស​ហើយ​ប្រការ​ទាំងអស់​នេះ​ក៏​មិន​បាន​លើកស្ទួយ​វិស័យ​ ព្រះពុទ្ធសាសនា និង​ជំរុញ​ឲ្យ​មាន​ការអភិវឌ្ឍន៍​ក្នុង​សង្គម​នោះ​ទេ ផ្ទុយទៅវិញ​ការប្រតិបត្តិ​វិស័យ​ព្រះពុទ្ធសាសនា​ដោយ​ខ្វះ​ការ​យល់ដឹង​នឹង​ នាំឲ្យ​សង្គម​មាន​បញ្ហា​មិន​ប្រសើរ​មិន​រីកចម្រើន។
ចៅអធិការ​វត្ត សាយ វិចិត្រ៖ «ជឿ​កាន់​តាម​គ្នា​អញ្ចឹង​ទៅ គាត់​មិន​បាន​យល់​ពី​ការ​អប់រំ មិន​យល់​ពី​ពុទ្ធដីកា​របស់​ព្រះសម្មាសម្ពុទ្ធ​ធ្វើ​ហ្នឹង​ចេះ​តែ​ធ្វើ​តាមៗ គ្នា ឲ្យ​តែ​អ្នក​ឯង​កាន់​សាសនា​អ្វី ខ្ញុំ​កាន់​សាសនាព្រះពុទ្ធ ប៉ុន្តែ​អត់​បាន​យល់​នូវ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​ទេ។ មិន​បាន​សិក្សា​ស៊ីជម្រៅ​ផ្នែក​ពុទ្ធដីកា តាម​គម្ពីរ​ព្រះ​ត្រៃបិដក។ សូម្បី​អ្នក​ខ្លះ​អាន​អក្ខរាវិរុទ្ធ​បាលី​នៃ​ការ​សម្មា​ទាន​សីល ក៏​អាន​សឹង​មិន​ត្រូវ​ផង ម្ល៉ោះ​ហើយ​ប្រែ​ខុស​ទៅ​ការអនុវត្ត​រឹត​តែ​ខុស​ថែម​ទៀត»។
របាយការណ៍​របស់​ក្រសួងធម្មការ​និង​សាសនា​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ទូទាំង​ប្រទេស មាន​វត្ត​ព្រះពុទ្ធ​សាសនា​ជាង ៤.០០០ វត្ត និង​ព្រះសង្ឃ​ជាង ៥០.០០០ អង្គ នេះ​មិន​រាប់​វត្ត និង​ព្រះសង្ឃ​ខ្មែរ​នៅ​ឯ​បរទេស​មួយ​ចំនួន​ទៀត​នៅឡើយ។ ក្នុង​នោះ​ដែរ​ក៏​មាន​បង្កើត​ឡើងវិញ​ពុទ្ធិក​សាកលវិទ្យាល័យ​ចំនួន​៣ ពុទ្ធិកមហាវិទ្យាល័យ អនុវិទ្យាល័យ សាលា​ពុទ្ធិក​បឋមសិក្សា និង​សាលា​ធម្ម​វិន័យ​ស្ទើរ​គ្រប់​ខេត្ត​ក្រុង។
អគ្គាធិការ​រង​នៃ​ពុទ្ធិកសិក្សា​ជាតិ បណ្ឌិត ឈិន ប៊ុនលី មាន​ថេរ​ដីកា​ថា ការ​រីកចម្រើន​ឡើង​វិញ​នូវ​មូលដ្ឋាន​សិក្សា​ផ្នែក​ពុទ្ធសាសនា​នេះ​មាន​ សារៈសំខាន់ ដើម្បី​ឲ្យ​ព្រះសង្ឃ​ជា​សមណ​សិស្ស​បាន​សិក្សា​ស្វែង​យល់​ត្រឹមត្រូវ​នៃ​ ពុទ្ធវចនៈ ដើម្បី​យក​មក​អប់រំ​ប្រជាពលរដ្ឋ​បង្កើន​ការ​យល់ដឹង​បាន​ត្រឹមត្រូវ​ក្នុង​ វិស័យ​ព្រះពុទ្ធសាសនា។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា សង្គម​មួយ​អាច​រីកចម្រើន​បាន​ប្រសិន​ប្រជាពលរដ្ឋ​មាន​ការ​យល់ដឹង​ត្រូវ និង​ធ្វើ​ត្រូវ ជាពិសេស​វិស័យ​ព្រះពុទ្ធសាសនា គឺ​បាន​រួម​ចំណែក​ធំធេង​ក្នុង​បញ្ហា​នេះ។
លោក ឈិន ប៊ុនលី៖ «ឥឡូវ​ពុទ្ធិក​សាកលវិទ្យាល័យ​ហ្នឹង​កំពុង​តែ​បង្កើត​ ថ្នាក់​ក្រោយ​ឧត្ដម​ទៀត​បាន​ន័យ​ថា បើក​ថ្នាក់​សញ្ញាប័ត្រ​ជាន់​ខ្ពស់ ថ្នាក់​អនុបណ្ឌិត​ចាប់ពីឆ្នាំ២០១២ ទៅ។ ព្រះសង្ឃ​កាលណា​លោក​មាន​ការ​ចេះដឹង​ហើយ​លោក​នឹង​ពន្យល់​ណែនាំ​ទ្រឹស្ដី​ ពុទ្ធិ​សាសនា​បាន​ទូលំទូលាយ និង​ស៊ីជម្រៅ ដល់​មហាជន​ឲ្យ​បាន​យល់​នូវ​ពុទ្ធវចនៈ​ហ្នឹង ការ​រីកចម្រើន​ផ្នែក​ចំណេះដឹង ខាង​ស្មារតី​រីកចម្រើន​ផ្នែក​ខាង​ការអភិវឌ្ឍន៍​វប្បធម៌​របស់​យើង»។
កាលពី​របប​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា របប​ខ្មែរ​ក្រហម​វិស័យ​ព្រះពុទ្ធសាសនា​មិន​ត្រូវ​បាន​ទទួល​ស្គាល់ និង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ប្រតិបត្តិ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វត្ត​អារាម​ព្រះសង្ឃ គម្ពីរ​ធម៌ និង​សាលា​អប់រំ​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ហេតុ​នេះ​ហើយ​គេ​សង្កេត​ឃើញ​ការអភិវឌ្ឍន៍​នៃ​សម័យ​ខ្មែរក្រហម គឺ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សំលៀកបំពាក់​គ្រប់គ្រាន់ បង្ខំ​ឲ្យ​ធ្វើ​ការងារ​ច្រើន​លើស​កម្រិត ប្រជាពលរដ្ឋ​មាន​ជំងឺ ផ្លូវ​ថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ផ្នែក​មិន​មាន​ការ​រីកចម្រើន និង​ប្រជាពលរដ្ឋ​ជាង ១ លាន​នាក់ ត្រូវ​គេ​កាប់​សម្លាប់៕

Radio Free Asia (RFA in Khmer) http://www.rfa.org/khmer/indepth/religion-09222012235917.html

No comments:

Post a Comment