ការប្រែប្រួលអាកាសធាតុនឹងក្លាយជាឧបសគ្គដល់កំណើនសេដ្ឋកិច្ចកម្ពុជា
- Friday, 12 October 2012
- ម៉ៃ គុណមករា
![121012_11](http://postkhmer.com/images/stories/news/national_pk/2012/121012/121012_11.jpg)
កសិករកំពុងស្ទូងស្រូវ។ វិស័យកសិកម្ម ពិសេសដំណាំស្រូវងាយរងគ្រោះជាងគេពីការប្រែប្រួលអាកាសធាតុ ។ រូបថត ម៉ៃ វីរៈ
តូក្យូៈ លោក Jin Yong Kim ប្រធានធនាគារពិភពលោក បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រែប្រួលអាកាសធាតុគឺជាក្តីកង្វល់សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីមួយចំនួន រាប់បញ្ចូលទាំងកម្ពុជាផងដែរ។
សេដ្ឋវិទូ កត់សម្គាល់ឃើញថា បញ្ហានេះនឹងធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្ម។
នៅសន្និសីទ ព័ត៌មានក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ IMF និងធនាគារពិភពលោក លោកJim Yong Kim បានលើកឡើងថា៖ «ខ្ញុំពិតជាភ្ញាក់ខ្លាំងណាស់ កាលពី ៦ខែមុន ដែលទិន្នន័យស្តីពីការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យយើងមានការភ័យខ្លាច»។
លោកបានថ្លែងថា គ្រោះរាំងស្ងួត ដែលបណ្តាលឲ្យទំនិញឡើងថ្លៃ គឺដោយសារការប្រែប្រួលបរិយាកាសដែលបង្កឡើងដោយមនុស្ស។ ម្យ៉ាងទៀត អ្នកវិទ្យាសាស្ត្រ៩៧ភាគរយឯកភាពថា ការប្រែប្រួលអាកាសធាតុបង្កដោយមនុស្សគួរឲ្យភ័យខ្លាច។
លោក Kim លើកឡើងថា៖ «ខ្ញុំគិតថា យើងចាប់ផ្តើមសញ្ជឹងគិតយ៉ាងយកចិត្តទុកដាក់ថា តើពិភពលោកនឹងទៅជាយ៉ាងណាសម្រាប់ជំនាន់កូនៗរបស់ពួកយើង។ តើយើងអាចស្វែងរកមធ្យោបាយបង្កើតទីផ្សារឲ្យកាន់តែធំ សម្រាប់បច្ចេកវិទ្យាថ្មីៗដោយផ្តោតជាសំខាន់លើការកាត់បន្ថយការ ប្រែប្រួលបរិយាកាសនោះ? ខ្ញុំគិតថា នឹងមានលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល។ យើងត្រូវលើកទឹកចិត្តក្រុមហ៊ុន ក៏ដូចជាប្រទេសមួយចំនួន ដើម្បីចាប់យកឱកាសទាំងនោះ និងយល់បានថា ផ្លូវសម្រាប់ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច អាចជាផ្លូវដ៏ល្អ ក្នុងការស្វែងរកបច្ចេកវិទ្យាថ្មី វិធីសាស្ត្រថ្មីសម្រាប់កាត់បន្ថយការប្រែប្រួលបរិយាកាស»។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានកត់សម្គាល់ថាបរិយាកាសបច្ចុប្បន្ន នឹងជាប់ទាក់ទងនឹងកំណើនសេដ្ឋកិច្ច។ លោកបន្តថា៖ «ជាការពិត វាជាក្តីកង្វល់ទាក់ទងនឹងផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ដោយសារវានឹងប៉ះពាល់ដល់កសិករដែលងាយរងគ្រោះ។ វាប៉ះពាល់ខ្លាំងដល់វិស័យកសិកម្ម»។
គ្រោះរាំងស្ងួតប៉ះពាល់ ដល់ខេត្តក្រុងចំនួន១១ ក្នុងចំណោម ២៤ខេត្តក្រុង នៅកម្ពុជា និងប៉ះពាល់ដល់សំណាបរាប់ពាន់ហិកតា។ នេះបើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ដំណាំស្រូវជាច្រើនហិកតានៅខេត្តមួយចំនួននៅពេលបច្ចុប្បន្ននេះក៏កំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ផងដែរ។
លោក សុផល បានលើកឡើងទៀតថា៖ «ខ្ញុំគិតថា ប្រទេសយើង មិនទាន់បានដោះស្រាយនឹងគ្រោះមហន្តរាយ ធម្មតា ដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួតនៅឡើយទេ។ មានជំនួយមួយចំនួនសម្រាប់ដោះស្រាយភាពខូចខាតទាំងនោះ។ អ្វីដែលសំខាន់យើងត្រូវការជំនួយដើម្បីទប់ទល់នឹងផលប៉ះ ពាល់ ដោយតម្រូវឲ្យរដ្ឋាភិបាលត្រូវកសាងប្រព័ន្ធធានារាសាស្ត្រនៅពេល មានទឹកជំនន់ ឬគ្រោះមហន្តរាយ ដូច្នេះកសិករអាចធ្វើកសិកម្មបាននៅគ្រប់រដូវ»៕CS
Source: Phnom Penh Post http://postkhmer.com/index.php/business/2-business-news/87513-2012-10-12-04-43-27
No comments:
Post a Comment