Friday, 12 October 2012

បទ​ល្មើស​រំលោភ​សេព​សន្ថវៈ​គឺជា​ក្តី​បារម្ភ​នៅ​ក្នុង​ប្រទេ​សកម្ពុជា

121012_2b
រូប​ភាព​ស្រើប​ស្រាល​លើ​អ៊ីនធឺណែត​​ ហើយ​ក៏​ត្រូវ​អ្នក​ខ្លះ​ ដាក់​ក្នុងទូរស័ព្ទ​។
លោក​ការីនិពន្ធ​ជាទីរាប់អាន!
ការ រំលោភ​ផ្លូវ​ភេទ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​បារម្ភ ក្នុង​សង្គម​កម្ពុជា​នា​ទសវត្សរ៍​ចុង​ក្រោយ​នេះ ជា​ពិសេស​នៅ​តាម​មូលដ្ឋាន​ជន​បទ​។ ករណី​ដែល​គួរ​ឲ្យ​បារម្ភ​បំផុត​នោះ គឺការ​កើត​ឡើង​ចំពោះ​កុមារី និង​អនី​តិជន​ ដែល​នឹង​ប៉ះ​ពាល់ ដល់​អនាគត កិត្តិយស ការ​សិក្សា និង​វិបត្តិ​ផ្លូវ​ចិត្ត​របស់​ពួក​គេ។ ករណី​ខ្លះ មាន​ឧក្រិដ្ឋជន​ជា​ជីតា ឪពុក​បង្កើត ឪពុក​ចុង ឪពុក​មា ជា​ដើម ដែល​ទង្វើ​ពួក​គេ​ ស្មើ​នឹង​សត្វ​តិរច្ឆាន​។ តើ​ស្ថាន​ការណ៍​នេះ បញ្ជាក់​ថា​ ពួក​គេ​មាន​ជំងឺ​ផ្លូវ​ចិត្ត ឬ​យ៉ាង​ណា? ហេតុ​អ្វី​ទង្វើ​ទាំង​នេះ កំពុង​តែ​កើត​មាន​ក្នុង​សង្គម​ខ្មែរ ដែល​មាន​វប្បធម៌ ប្រពៃណី​ដ៏​ផូរ​ផង់? តើ​គួរ​មាន​ដំណោះ​ស្រាយ​បែប​ណា?
បទ ​ឧក្រិដ្ឋ​រំលោភ​ផ្លូវ​ភេទ មិន​មែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ ប្រទេស​ណា​ក៏មាន​ដែរ ​គ្រាន់​តែ​តិច ឬ​ច្រើន ហើយ​នៅ​ប្រទេស​ជឿន​លឿន បើ​បាន​កើត​មាន ឧក្រិដ្ឋជន​ច្រើន​ជា​ជន​វិកល​ចរិត ឬ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ។ វប្បធម៌​លោក​ខាង​លិច​បើក​ចំហ​ តែ​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​របស់​ពួក​គេ​បាន​រឹត​ត្បិត​ មិន​ឲ្យ​ទង្វើ​បែប​នេះ​កើត​មាន​ទេ​។
មូល​ហេតុ​ចម្បង
ខ្ញុំយល់​ថា ជន​កម្ពុជា​ ដែល​ហ៊ាន​​ប្រព្រឹត្ត​អំពើ​គម្រក់​ទាំង​នេះ ក៏​ដោយ​សារ​ពួក​គេ​មាន​ជំងឺ​​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ ឬ​រ៉ាំរ៉ៃ។ ហេតុ​ផល​ចម្បង​ពីរ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​​ផ្លូវ​ចិត្ត ដែល​ឈាន​ទៅ​ដល់​ការ​មិន​អាច​គ្រប់គ្រង​តណ្ហា​របស់​ពួក​គេ​គឺ៖
១. ការ​សេព​គ្រឿង​ស្រវឹង៖ គ្រឿង​ស្រវឹង​រួម​មាន ស្រាស ស្រា​ថ្នាំ ទឹក​ត្នោត​ជូរ និង​ស្រា​បៀរ ត្រូវ​បាន​តាំង​លក់​យ៉ាង​អនាធិបតេយ្យ​ក្នុង​តម្លៃ​ថោកៗ។ វា​ពិត​ជា​គ្រឿង​បំពុល​ ក្នុង​ចំណោម​មនុស្ស​ទាំង​នៅ​ទីក្រុង និង​ជន​បទ ដោយ​មិន​រើស​ពេល​វេលានិង​ទីក​ន្លែង​ឡើយ​។ ការ​សេព​គ្រឿង​ស្រវឹងធ្វើ​ឲ្យ​មនុស្ស​បាត់​បង់​វិញ្ញាណមិន​ដឹង​ខុស​ត្រូវ​ ។ វា​បាន​ក្លាយ​ជា​ទម្លាប់ និង​ការ​ពេញ​និយម​របស់​ក្រុម​មនុស្ស​ដោយ​សារ​សល់​ពេល​ទំនេរ​ច្រើន​ ឬ​មិន​ដឹង​ធ្វើ​អ្វី។ ពួក​គេ​ភាគ​ច្រើន ក្រោយ​ពេល​ស្រវឹង​ប្រព្រឹត្ត​អំពើ​ពាលា​អាវ៉ាសែ ដែល​ប៉ះពាល់​ដល់​សេចក្តី​សុខ សុវត្ថិភាព​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​អ្នក​ដទៃ។ ការ​ស្រវឹង​ជា​ប្រចាំ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ឈាន​ទៅ​ដល់​ជំងឺ​ផ្លូវ​ចិត្ត។
២. រូប​ភាព និង​វីដេ​អូស្រើប​ស្រាល​ ៖ ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា បាន​ធ្វើ​ឲ្យ​ជន​កម្ពុជា​ជ្រួល​ជ្រើម​ហួស​ពីការ​ស្មាន។ បើ​អ្នក​ទិញ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​ពីហាង អ្នក​លក់​សេវាកម្ម​បាន​បញ្ចូល​កម្ម​វិធី ចម្រៀង រូបភាព និង វីដេអូ និង​បញ្ចូល​រូប​ភាព និង​វីដេអូ​ស្រើបស្រាល​ ដោយ​មិន​គិត​ថ្លៃ បើ​អ្នក​មិន​បាន​ប្រាប់​ថា​ កុំ​ទេ​នោះ។ ការ​ផ្តល់​សេវាកម្ម ផ្តេស​ផ្តាស​ទាំង​នេះ មាន​សឹង​គ្រប់​ទិស​ទី​ ដោយ​គ្មាន​ការ​គ្រប់​គ្រង​ច្បាស់​លាស់ និង​ដោយ​មិន​បាន​ដឹង​ពីផល​ប៉ះ​ពាល់ ដល់​សង្គម​ខ្មែរ​ដ៏ស្អាត​ស្អំ​នោះ​ឡើយ​។ ការ​លក់​ឌីស​ចម្លងនិង​ការ​ចាក់​បញ្ចាំង​វីដេអូស្រើ​បស្រាល​ក៏​កំពុង​ រីករាល​ដាល​ផង​ដែរ។
ផល​វិបាក
ការ​បំប៉ន​តណ្ហា​ផ្លូវ​ភេទ​របស់​ខ្លួន​ ត្រឹម​ប៉ុន្មាន​នាទី វា​បាន​ធ្វើ​ឲ្យ​ជន​រង​គ្រោះ ​រង​នូវ​វិបត្តិ​ផ្លូវ​ចិត្ត​អស់​មួយ​ជីវិត។ នេះ​ជាវិធី​ចម្លង​មេរោគ​ជំងឺ​ផ្លូវ​ចិត្ត​ក្នុង​សង្គម​ខ្មែរ ដ៏​គួរ​ឲ្យ​​ភ័យ​ខ្លាច ក្រៅ​ពី​ជំងឺ​ហ៊ីវ និង​កាម​រោគ។ ការ​បែក​បាក់​ក្រុម​គ្រួសារ បាត់​បង់​សមាជិក​គ្រួសារ បាត់​បង់​អនាគត​ កិត្តិយស​បុគ្គល កម្លាំង​ការងារ​ក្នុង​សង្គម សុទ្ធ​តែ​ជា​ផល​វិបាក។
ដំណោះ​ស្រាយ
១. ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង៖ គ្រឿង​ស្រវឹង​ត្រូវ​តែ​លក់​ដល់​ជន​ណា​ដែល​មាន​អាយុ​មិន​តិច​ជាង​១៨ ឆ្នាំ។ ការ​កម្រិត​ស្តង់ដារ ការ​លើក​កម្ពស់​គុណភាព ការ​វេច​ខ្ចប់ និង​លិខិត​អនុញ្ញាតការ​ផលិត ដល់​ផលិតករ​ក្នុង​ស្រុក ​ចំពោះ គ្រឿង​ស្រវឹង ដូច​ជា ស្រាស ស្រា​ថ្នាំ ទឹក​ត្នោត​ជូរ​ គួរ​ត្រូវ​តែ​ជំរុញ។ ឧទាហរណ៍ ដូច​ជា​ គម្រោង​ស្រា​តាកែវ​របស់ JICA ជា​ដើម។ ការ​ដំឡើង​ពន្ធ​អាករ​បន្ថែម លើ​គ្រឿង​ស្រវឹង​ក៏​ជា​ដំណោះស្រាយ​ផង​ដែរ​។ ប្រយោជន៍​នៅ​ត្រង់​នេះ មាន​ពីរ ទីមួយ លើក​កម្ពស់​ផលិត​ផល​ក្នុង​ស្រុក ចំណូល​អ្នក​ផលិត និង​ថវិកា​ជាតិ ទីពីរ ផលិតផល​គ្រឿង​ស្រវឹង ដែល​មាន​តម្លៃ​ថ្លៃ​ជាង​មុន​នឹង បង្វែរ​ទិសដៅ​អតិថិជន​ពី​អ្នក​ជន​បទ និង​ក្នុង​ស្រុក ទៅ​ជា​អតិថិជន​ក្រៅ​ស្រុក និង​ទេសចរ​បរទេស។
២.វិធាន​ការ​ក្តៅ​ របស់​សមត្ថកិច្ច​កម្ចាត់​រូបភាព និង​វីដេអូ​ស្រើបស្រាល​ចេញ​ពី​សង្គម​ខ្មែរ ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដើម្បី​រក្សា​វប្បធម៌ ប្រពៃណី​ដ៏​ផូរ​ផង់​របស់​ខ្មែរ និង​ដើម្បី​ដុស​ខាត់​ការ​គិត និង​លុប​បំបាត់​ជំងឺ​ផ្លូវ​ចិត្ត ហើយ​នឹង​លើក​តម្កើង ភាព​សុខដុម​រមនា​ក្នុង​សហគមន៍​គ្រួសារ​ខ្មែរ៕
ដោយ ប៉ែន មីរ៉ាន់ដា និស្សិត​ថ្នាក់​បណ្ឌិត​ នៅ​សាកល​វិទ្យាល័យ New England នៅ​ប្រទេស​អូស្ដ្រាលី

Source: Phnom Penh Post http://postkhmer.com/index.php/national/letter-to-editor/87505-2012-10-12-04-11-31

No comments:

Post a Comment