Tuesday, 30 October 2012

ស្រូវ​១ម៉ឺន​ហិកតា​នៅ​កោះ​ញែក​ប្រឈម​នឹង​ស្វិត​ខូច

121030_7
​ដំណាំ​ស្រូវ​​កសិករ​​ខេត្តមណ្ឌល​គិរី​ប្រឈម​នឹង​ការ​ស្វិត​ខូច ដោយសារ​គ្រោះ​រាំ​ងស្ងួត​​។ រូប ជីវ័ន​
មណ្ឌលគិរីៈ ប្រជាកសិករ​ប្រមាណ​ជាង​៣​ពាន់​គ្រួសារ រស់​នៅ​ក្នុង​ឃុំ​ចំនួន​៦ ក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី កំពុង​ប្រឈម​នឹង​ការ​ខូច​ខាត​ដំណាំ​ស្រូវ​ប្រមាណ​ជា​១ម៉ឺន​ហិកតា ដោយសារ​តែ​ជួប​គ្រោះ​រាំង​ស្ងួត​នារដូវ​ចុង​ឆ្នាំ​ហៀប​ប្រមូល​ផល នេះ។
លោក ហួត សូនី មន្ត្រី​ស្រុក​កោះ​ញែក​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ចន្ទថា មាន​ឃុំ​ចំនួន​៦ នៅ​ស្រុក​កោះញែក​កំពុង​ជួប​គ្រោះ​រាំងស្ទួត ចាប់​ពី​ដើម​ខែ​តុលា​រហូត​មក​ដល់​ពេល​នេះ។ ឃុំ​ទាំង​៦​នោះ រួម​មាន ឃុំ​អរបួន ឃុំ​សុខ​សាន្ត ឃុំ​ស្រែ​សង្គម ឃុំណង​ឃីលឹក ឃុំ​ស្រែ​ហ៊ុយ និង ឃុំរយ៉។
លោកបញ្ជាក់​ថា​ គ្រោះ​រាំង​ស្ងួត​នេះ​អាច​បំផ្លាញ​ដំណាំ​ស្រូវ​ប្រជា​កសិករ​ទាំង​ស្រុង ប្រសិន​បើ​គ្មាន​វិធាន​ការ​ទប់​ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ នោះ។
លោកប្រាប់ ​ថា៖«មាន​ពីរ​ឃុំ​ដែល​ជួប​គ្រោះ​រាំង​ស្ងួត​ខ្លាំង ជាងគេ គឺ​ឃុំ​ស្រែ​សង្គម និង​ឃុំ​សុខ​សាន្ត ប៉ុន្តែ អាជ្ញាធរ​កំពុង​មមាញឹក​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​នេះ»។
លោក មឺល សឿន អភិបាល​ស្រុក​កោះ​ញែក បាន​ប្រាប់​ដែរ​ថា ឆ្លើយ​តប​នឹង​បញ្ហា​ខាង​លើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​តុលា គណៈ​អភិបាល ថ្នាក់​ដឹក​នាំ​ខេត្ត​មណ្ឌល​គិរី អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ​មន្ទីរ​ធនធាន​ទឹក និង​មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ចុះ​ត្រួត​ពិនិត្យ​តំបន់​រងគ្រោះ​ទាំង​៦ឃុំ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បន្ទាន់​ហើយ​ដែរ។
លោកបន្ត​ថា ឆ្លង​តាម​កិច្ច​ពិភាក្សា​រួច​ អភិបាល​ខេត្ត​មណ្ឌល​គិរី បាន​ដាក់​ចេញ​ជា​វិធានការ​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ រៀបចំ​ម៉ាស៊ីន​បូម​ទឹក ដើម្បី​ត្រៀម​អន្តរាគមន៍​បូម​ទឹក​សង្គ្រោះ​ស្រូវ​របស់​កសិករ​កុំ​ឲ្យ​ស្វិត ឬ​ស្កកខូច។
លោកអះអាង​ថា ៖ «អាជ្ញាធរ​គ្រប់​ថ្នាក់ កំពុង​តែ​ព្រួយ​បារម្ភ​ពី​បញ្ហា​នេះ​ខ្លាំង​ណាស់។ យើង​កំពុង​ប្រឹង​ប្រែង​រក​គ្រប់​វិធី ដើម្បី​ជួយ​ទប់​ស្កាត់​បញ្ហា​នេះ​ឲ្យ​អស់​ពី​លទ្ធភាព បើទោះ​ជា​ការ​រួម​ចំណែក​របស់​យើង​មិន​អាច​ជួយ​បាន​ទាំង​ស្រុង​ក្តី ប៉ុន្តែ​យ៉ាងហោច​ក៏​អាច​សង្គ្រោះ បាន​ពី​៦០​ទៅ​៧០​ភាគរយ​ដែរ។
លោក មឺល សឿន បាន​បន្ត​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​មាន​គោល​ការណ៍ ត្រៀម​ស្រូវ​ពូជ​សម្រាប់​ផ្តល់​ឲ្យ​កសិករ​នៅ​ឡើយ ព្រោះ​ថា ការ​ផ្តល់​ស្រូវ​ពូជ​អាច​ធ្វើ​ទៅ​បាន​នៅ​ក្រោយ​ពេល​ប្រមូល​ផលស្រូវ នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២​ ដែល​នៅ​ពេល​នោះ​អាច​នឹង​សរុប​ទិន្នន័យ​ពី​ផល​ស្រូវ​ដែល​ទទួល​បាន​ប្រចាំ​ ឆ្នាំ​នេះ និង​ការ​ខូច​ខាត​ហើយ​និង​តម្រូវ​ការ​ពូជ​បន្ថែម​ទៀត។
លោក ចាន់ យឿន អភិបាល​ខេត្ត​មណ្ឌល​គិរី កាល​ពី​ថ្ងៃទី​២៨​ ខែ​តុលា​នេះ​ថា បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​និង​មន្ត្រី​ពាក់​ព័ន្ធ ត្រូវ​រៀបចំ​ដាក់​ម៉ាស៊ីន​បូម​ទឹក​ឲ្យ​បាន​គ្រប់​កន្លែង​ក្នុង​ឃុំ​ទាំង​៦ ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​ប្រជាកសិករ​ដើម្បី​ឆ្លើយ​តប​តាម​ការ ស្នើសុំ​របស់​ពួកគាត់​ដែល​កំពុង​តែ​ជួប​ការ​លំបាក​ឲ្យ​បាន​ជា​បន្ទាន់ បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។
លោក ធន អ៊ន់ មេឃុំ​ស្រែ​សង្គម​ឲ្យ​ដឹង​ថា ឃុំ​ស្រែ​សង្គម គឺជា​តំបន់​ដែល​ជួប​គ្រោះ​រាំង​ស្ងួត​ខ្លាំង​ជាងគេ ដូច្នេះ​នៅ​ពេល​ធ្លាក់​ខ្យល់​និង​មាន​កំដៅ​ថ្ងៃ​ខ្លាំង ដី​នៅ​តំបន់​នេះ​បាន​ប្រេះបែក​ក្រហែង រីឯ​ស្រូវ​ដែល​កំពុង​ចេញ​កួរ​ក៏​ប្រែ​ជាស្កក​ដោយ​អន្លើៗ​ដែរ។ លោក​បន្តថា កាល​ពី​ព្រឹក​ម្សិល​មិញ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​រួបរួម​កម្លាំង​គ្នា​លើក​ប្រឡាយ​ទឹក​ឲ្យ ​បាន​៧​ខ្សែ​ថែម​ពី​លើ ប្រឡាយ​២​ខ្សែ​ដែល​មាន​ស្រាប់ សម្រាប់​ជា​ប្រភព​ទឹក​ស្រោច​ស្រព​ដំណាំ​ស្រូវ​ពេល​ជួប​គ្រោះរាំង ស្ងួត។ លោក​បន្ត​ថា៖ ​«ពលរដ្ឋ​ភាគ​ច្រើន​ក្រីក្រ ពឹង​តែ​ដំណាំ​ស្រូវ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​តែ​បើ​ស្រូវ​ពួកគាត់ ខូចខាត ច្បាស់​ជា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ធំ​សម្រាប់​យើង​ទាំង​អស់​គ្នា»។
លោក គួយ ពុំ ប្រធាន​រដ្ឋបាល​សាលា​ស្រុក​កោះញែក​បាន​ប្រាប់​ដែរ​ថា លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ឃុំ​ត្រូវ​ចុះ​ស្រង់​ស្ថិតិ​អ្នក​រងគ្រោះ​ឲ្យ បាន​ច្បាស់ ដើម្បី​ងាយ​ស្រួល​ឲ្យ​ដឹង​ពី​ការ​ខូច​ខាត​ពិត ហើយ​ថា គិត​ដល់​រសៀល​ថ្ងៃ​ចន្ទ អាជ្ញាធរ​បាន​ត្រៀម​ម៉ាស៊ីន​បូម​ទឹក​ចំនួន​៨០​គ្រឿង អន្តរាគមន៍​នៅ​ឃុំ​ស្រែ​សង្គម​មុនគេ។ លោក​រំពឹង​ដែរថា ៖«ការ​ប្រើប្រាស់​ម៉ាស៊ីន​បូម​ទឹក​អាច​នឹង​មាន​ចំនួន​ច្រើន​ជាង​នេះទៀត»៕

Source: The Phnom Penh Post http://postkhmer.com/index.php/national/1-national-news/88132-2012-10-30-03-46-48

No comments:

Post a Comment