Friday, 21 September 2012

ពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម

2012-09-21
ក្នុង​គោល​បំណង​បញ្ជ្រាប​ពុទ្ធឱវាទ ផ្សព្វផ្សាយ​នូវ​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ទៅ​ដល់​មហាជន ដើម្បី​រួម​ចំណែក​ជួយ​អភិវឌ្ឍន៍​ប្រទេស​ជាតិ ឲ្យ​ជៀស​ផុត​ពី​អបាយមុខ​ផ្សេងៗ និង​ផ្ដល់​ចំណេះ​ដឹង​ទូទៅ​ដល់​ប្រជាពលរដ្ឋ រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា បាន​បង្កើត​កម្មវិធី "នាទី​ពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​សង្គម"។

កម្មវិធី​នេះ បាន​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍ ទាំង​រដ្ឋ និង​ឯកជន ដោយ​សង្ឃឹម​ថា​នឹង​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ប្រជាពលរដ្ឋ ឲ្យ​ត្រងត្រាប់​តាម​ពុទ្ធឱវាទ និង​មាន​ជីវភាព​រស់នៅ​ល្អ​នៅ​ក្នុង​សង្គម។
ពុទ្ធបរិស័ទ​ជាច្រើន រួម​មាន​លោក​អាចារ្យ អាចារ្យរិនី យុវ​សិស្ស បាន​ត្រងត្រាប់ និង​លើក​ដៃ​ប្រណម​ ផ្ទៀង​ស្ដាប់​ព្រះសង្ឃ​ទេសនា​អប់រំ​ចិត្ត ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ និង​មាន​គុណធម៌។ ព្រះតេជព្រះគុណ ឈឹង ប៊ុនឈា មាន​ថេរ​ដីកា​ក្នុង​នាទី​ពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​សង្គម បាន​ទូន្មាន​ទៅ​ដល់​ពុទ្ធបរិស័ទ​ថា ប្រសិន​បើ​គ្មាន​គុណធម៌​ក្នុង​ខ្លួន រមែង​ធ្វើ​ឲ្យ​មនុស្ស​រស់នៅ​មិន​បាន​ល្អ និង​ជួប​តែ​រឿង​ក្ដៅ​ក្រហាយ​ មិន​ចេះ​ចប់​មិន​ចេះ​ហើយ។
ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ផ្សព្វផ្សាយ​ពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​ សង្គម នៃ​ក្រសួង​ធម្មការ និង​កិច្ចការ​ សាសនា លោក សាន សម្ផស្ស ឲ្យ​ដឹង​ថា "គុណធម៌" គឺ​ជា​ប្រធាន​បទ​មួយ ក្នុង​ចំណោម​ប្រធាន​បទ​ជាង ៣០០ ដែល​គាត់ និង​សហការី​បាន​តាក់​តែង និង​ដាក់​ប្រគេន​ឲ្យ​ព្រះសង្ឃ​ទេសនា​រួច​មក​ហើយ ចាប់​តាំង​ពី​កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០០៩។
ប្រធាន​បទ​ដែល​ជ្រើស​រើស ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ស្ថានភាព​សង្គម​ជាក់​ស្ដែង​នៅ​កម្ពុជា រួម​មាន​ការ​ចៀស​ផុត​ពី​បញ្ហា​គ្រឿង​ញៀន ចៀស​ផុត​ពី​បញ្ហា​ក្មេង​ទំនើង ឲ្យ​ចៀស​ផុត​ពី​ការ​យល់​ខុស ចៀស​ផុត​ពី​ការ​ចាប់​រំលោភ​ផ្លូវ​ភេទ និង​អប់រំ​ស្ត្រី​មាន​គភ៌​ឲ្យ​ចេះ​រក្សា​គភ៌ ឧស្សាហ៍​ទៅ​ពិនិត្យ ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ ដើម្បី​សុវត្ថិភាព​មាតា និង​ទារក។
លោក សាន សម្ផស្ស លោក​ពន្យល់​ថា ព្រះពុទ្ធ​សាសនា​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​សង្គម និង​មិន​អាច​កាត់​ផ្ដាច់​បាន ទាំង​ក្នុង​ការ​ទូន្មាន​ពុទ្ធបរិស័ទ ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ និង​អប់រំ​យុវជន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​គ្រឿង​ញៀន ការ​ប្រព្រឹត្ត​អំពើ​អសីលធម៌ និង​មិន​គោរព​ឱវាទ​ឪពុកម្ដាយ ឬ​លោកគ្រូ​អ្នកគ្រូ ឲ្យ​ងាក​ត្រឡប់​មក​ប្រព្រឹត្ត​អំពើ​ល្អ ស្គាល់​ខុស​ត្រូវ និង​ចៀស​ផុត​អំពើ​អបាយមុខ​ផ្សេងៗ ដែល​សង្គម​ស្អប់​ខ្ពើម។
លោក សាន សម្ផស្ស៖ «ប្រទេស​កម្ពុជា របស់​យើង ជា​ប្រទេស​មួយ​ដែល​ប្រជាជន​ភាគ​ច្រើន​ប្រកាន់​គោរព​ព្រះពុទ្ធ​សាសនា​ដ៏​លើស​ លប់។ ដើម្បី​បញ្ជ្រាប​នូវ​ធម៌​របស់​សម្មាសម្ពុទ្ធ​ទៅ​ដល់​មហាជន របត់​នៃ​ការ​ប្រែប្រួល​ឥរិយាបថ​របស់​យុវជន យុវនារី ដែល​ខ្លះ​ជាប់​ដោយ​គ្រឿង​ញៀន ខ្លះ​ក៏​ឪពុកម្ដាយ ឬ​ក៏​លោកគ្រូ​អ្នកគ្រូ​ស្ដី​ឲ្យ​មិន​ស្ដាប់ អ៊ីចឹង​ឃើញ​ថា​ផ្លាស់​ប្ដូរ​ច្រើន»
កម្មវិធី​ព្រះពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម ស្ថិត​ក្រោម​ក្របខ័ណ្ឌ​របស់​រដ្ឋ ដែល​មាន​គាំទ្រ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា និង​មាន​នាទី​អនុវត្ត​ផ្ទាល់​ដោយ​ក្រសួង​ធម្មការ។
លោក សាន សម្ផស្ស បន្ត​ថា កម្មវិធី​នេះ​រៀបចំ​និមន្ត​ព្រះសង្ឃ​មក​ទេសនា ដោយ​មាន​ពុទ្ធបរិស័ទ​ ចូល​រួម​ស្ដាប់ និង​កម្មវិធី​ស្មូត​ច្រៀង ដោយ​ថត​ជា​វីដេអូ និង​សំឡេង​ទុក​ចាក់​បន្ត​នៅ​តាម​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ។ លោក​បញ្ជាក់​ថា ដោយ​មាន​កិច្ចសហការ​គ្នា មាន​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​ជាង ២០ស្ថានីយ​រួច​មក​ហើយ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​យល់​ព្រម​ចាក់​ផ្សាយ​កម្មវិធី​នេះ​ដោយ​ឥត​គិត​ថ្លៃ។
លោក សាន សម្ផស្ស៖ «យើង​ចង់​រក​ម៉ោង​ណា​ល្អៗ​ដែរ ដើម្បី​បញ្ជ្រាប​នូវ​ពុទ្ធឱវាទ​របស់​ព្រះពុទ្ធ​សម្មាសម្ពុទ្ធ ដល់​ប្រជាជន​មហាជន​របស់​ពួក​យើង។ ទូរទស្សន៍​គេ​ទំនេរ​គេ​ចាក់​មួយ​វគ្គ ពីរ​វគ្គ​អ៊ីចឹង​ទៅ ដែល​អង់គ្លេស​គេ​ហៅ​ថា ពីរសូរ ឬ បីសូរ (2 show or 3 Show)»
អគ្គនាយក​រង​ស្ថានីយ​ទូរទស្សន៍​ស៊ី.ធី.អិន (CTN) និង​ទូរទស្សន៍​ស៊ី.អិន.ស៊ី (CNC) លោក សោម ឆាយា លោក​ប្រាប់​ថា ស្ថានីយ​ទូរទស្សន៍​របស់​គាត់​មិន​ចង់​ចំណេញ ឬ​រក​ចំណូល​អ្វី​ពី​នាទី​ព្រះពុទ្ធ​សាសនា​នោះ​ទេ ក្រៅ​តែ​ពី​ការ​ជួយ​ក្នុង​ន័យ​ពង្រឹង​វិស័យ​សាសនា​របស់​រដ្ឋ និង​សង្គម ដោយ​មើល​ឃើញ​ថា ការ​អប់រំ​តាម​បែប​ព្រះពុទ្ធ​សាសនា វា​ជា​ផ្លូវ​មួយ​បែប​ទៀត​សម្រាប់​យុវជន ក៏​ដូច​ជា​ពុទ្ធសាសនិកជន​ផ្សេង​ទៀត​បាន​ជ្រួតជ្រាប និង​អនុវត្ត​តាម​ដំបូន្មាន​ពុទ្ធឱវាទ។
លោក សោម ឆាយា៖ «យើង​មើល​ឃើញ​ថា វា​ជា​ការ​ល្អ ដើម្បី​បញ្ជ្រាប​នូវ​ព្រះពុទ្ធ​សាសនា ឲ្យ​ប្រជាជន​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត វា​ជា​សាសនា​របស់​រដ្ឋ ហើយ​ក៏​យើង​ត្រូវ​ការ​ឲ្យ​ប្រជាជន​របស់​យើង​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​ សាសនា ឲ្យ​មាន​ការ​យល់​ដឹង​រឿង​ព្រះពុទ្ធ​សាសនា​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត»
កន្លង​មក កម្មវិធី​ព្រះពុទ្ធ​សាសនា គេ​កម្រ​នឹង​ឃើញ​ចាក់​ផ្សាយ​តាម​បណ្ដាញ​ស្ថានីយ​ទូរទស្សន៍ ឬ​វិទ្យុ ដោយ​កម្មវិធី​នេះ​មិន​សូវ​មាន​ម្ចាស់​ឧបត្ថម្ភ។ វា​លែងតែ​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ​ជាតិ​ប៉ុណ្ណោះ ដែល​ចាក់​ផ្សាយ​នៅ​ពេល​មាន​កម្មវិធី​បុណ្យ ឬ​ថ្ងៃ​សីល​ជាដើម។
ប៉ុន្តែ​បច្ចុប្បន្ន កម្មវិធី​ព្រះពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​សង្គម ប្រែ​ជា​ផ្លាស់​ប្ដូរ​ទម្លាប់​ចាក់​ផ្សាយ​ស្ទើរ​រាល់​ថ្ងៃ និង​ស្ទើរ​គ្រប់​ស្ថានីយ​ទូរទស្សន៍ និង​វិទ្យុ។ ក្នុង​នោះ ក៏​មាន​ស្ថានីយ និង​វិទ្យុ​ខ្លះ​ទៀត បាន​បង្កើត​កម្មវិធី​ព្រះពុទ្ធ​សាសនា​ដោយ​ខ្លួន​ឯង​តែ​ម្ដង បន្ទាប់​ពី​មាន​ការ​គាំទ្រ​ពី​ពុទ្ធសាសនិកជន។
តែ​ទោះ​ជា​យ៉ាង​ណា កម្មវិធី​នាទី​ព្រះពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់​នឹង​ការ​អប់រំ ត្រូវ​បាន​បង្កើត​ឡើង​រៀង​រាល់​ថ្ងៃ​សីល ឬ​មាន​ន័យ​ថា មាន ៤ដង​ក្នុង​មួយ​ខែ។ ជួន​កាល​កម្មវិធី​នេះ អាក់​ខាន​ថត​ខ្លះ​ដែរ ទៅ​តាម​ពេល​វេលា និង​កាលៈទេសៈ​ជាក់​ស្ដែង​របស់​អ្នក​គ្រប់គ្រង​កម្មវិធី។
ពុទ្ធបរិស័ទ​ម្នាក់​ឈ្មោះ មាស លី អាយុ ៧០ឆ្នាំ ដែល​គាំទ្រ​នាទី​នេះ បាន​ពន្យល់​ថា វា​ជា​នាទី​មួយ​មាន​សារសំខាន់​សម្រាប់​អប់រំ​ផ្លូវ​ចិត្ត និង​ដំបូន្មាន​ល្អៗ​ពី​ពុទ្ធឱវាទ ដែល​ភ្ជាប់​នឹង​បញ្ហា​គ្រឿង​ញៀន ស្រី ស្រា ល្បែង​ស៊ីសង និង​ក្រុម​ក្មេង​ទំនើង ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​ខ្មែរ។ តែ​កម្មវិធី​ព្រះពុទ្ធ​សាសនា​នេះ វា​ហាក់​ស្ថិត​នៅ​ឆ្ងាយ​ពី​ចំណាប់​អារម្មណ៍​របស់​យុវជន និង​យុវតី​នៅ​ឡើយ។
លោក មាស លី៖ «ការ​អប់រំ​របស់​ក្រសួង​អប់រំ លោក​ឲ្យ​បញ្ចូល​នូវ​ធម៌​ព្រះពុទ្ធ​លើក​ដៃ​ឡើង​ក្នុង​ដំបូង​ក្នុង​ថ្នាក់​ទី១ ថា ខ្ញុំ​សូម​មនសិការ​លើក​ហត្ថា បង្គំ​គុណ​ទាំង​បី​រហូត​អ៊ីចឹង​ទៅ យើង​សំពះ​គ្រូ​ឈរ អង្គុយ​ចុះ គ្រូ​គាត់​បញ្ជា​ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​គ្រូ​អ៊ីចឹង​ទៅ ដូច្នេះ​សុភាពរាបសារ​ហៅ​ថា ចរិយា​ធម៌ និង​សីលធម៌ វា​កើត​មាន​ក្នុង​ការ​អប់រំ​របស់​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​អាណាចក្រ»
លោក មាស លី បន្ត​ថា ប្រសិន​បើ​មាន​ការ​ដាក់​បញ្ចូល​នូវ​កម្មវិធី​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​ កម្មវិធី​អប់រំ​ ឲ្យ​បាន​ច្រើន យុវជន​អាច​ចេះ​ផ្នែក​អក្សរសាស្ត្រ សីល​សាស្ត្រ និង​វិទ្យាសាស្ត្រ តាម​ផ្នែក​ព្រះពុទ្ធ​សាសនា ដែល​បណ្ដុះ​ឲ្យ​មនុស្ស​មិន​មាន​ការ​ឆ្គាំឆ្គង និង​គ្មាន​ទំនាស់​ជាមួយ​អ្នក​ផង​ទាំង​ឡាយ។ ម្យ៉ាង​វិញ​ទៀត ធ្វើ​ឲ្យ​យុវជន​ចាប់​អារម្មណ៍​វិស័យ​ព្រះពុទ្ធ​សាសនា មាន​សុជីវធម៌​ល្អ និង​សង្គម​រីក​ចម្រើន។
វិល​ទៅ​លោក សាន សម្ផស្ស ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ផ្សព្វផ្សាយ​ពុទ្ធសាសនា​ផ្សារ​ភ្ជាប់​សង្គម នៃ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា​វិញ លោក​ថា យុវជន​គួរ​យក​ពេល​វេលា​ត្រងត្រាប់​ការ​អប់រំ​របស់​មាតាបិតា គ្រូ សាស្ត្រាចារ្យ និង​គោរព​ការ​ទូន្មាន​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​សាសនា ជា​ជាង​ការ​ យក​ពេល​វេលា និង​យក​ខ្លួន​បៀត​នឹង​គ្រឿង​ញៀន និង​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ៕

Radio Free Asia (RFA in Khmer) http://www.rfa.org/khmer/indepth/media_broadcast_on_buddhist_program-09212012024039.html

No comments:

Post a Comment