ស្រូវ១ម៉ឺនហិកតានៅកោះញែកប្រឈមនឹងស្វិតខូច
- Tuesday, 30 October 2012
- ឃួន លក្ខិណា
![121030_7](http://postkhmer.com/images/stories/news/national_pk/2012/121030/121030_7.jpg)
ដំណាំស្រូវកសិករខេត្តមណ្ឌលគិរីប្រឈមនឹងការស្វិតខូច ដោយសារគ្រោះរាំងស្ងួត។ រូប ជីវ័ន
លោក ហួត សូនី មន្ត្រីស្រុកកោះញែកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃចន្ទថា មានឃុំចំនួន៦ នៅស្រុកកោះញែកកំពុងជួបគ្រោះរាំងស្ទួត ចាប់ពីដើមខែតុលារហូតមកដល់ពេលនេះ។ ឃុំទាំង៦នោះ រួមមាន ឃុំអរបួន ឃុំសុខសាន្ត ឃុំស្រែសង្គម ឃុំណងឃីលឹក ឃុំស្រែហ៊ុយ និង ឃុំរយ៉។
លោកបញ្ជាក់ថា គ្រោះរាំងស្ងួតនេះអាចបំផ្លាញដំណាំស្រូវប្រជាកសិករទាំងស្រុង ប្រសិនបើគ្មានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេ នោះ។
លោកប្រាប់ ថា៖«មានពីរឃុំដែលជួបគ្រោះរាំងស្ងួតខ្លាំង ជាងគេ គឺឃុំស្រែសង្គម និងឃុំសុខសាន្ត ប៉ុន្តែ អាជ្ញាធរកំពុងមមាញឹកយកចិត្តទុកដាក់លើការងារនេះ»។
លោក មឺល សឿន អភិបាលស្រុកកោះញែក បានប្រាប់ដែរថា ឆ្លើយតបនឹងបញ្ហាខាងលើ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា គណៈអភិបាល ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អាជ្ញាធរដែនដី មន្ត្រីជំនាញមន្ទីរធនធានទឹក និងមន្ត្រីជំនាញមន្ទីរកសិកម្មខេត្ត បានចុះត្រួតពិនិត្យតំបន់រងគ្រោះទាំង៦ឃុំ ដើម្បីស្វែងរកដំណោះស្រាយបន្ទាន់ហើយដែរ។
លោកបន្តថា ឆ្លងតាមកិច្ចពិភាក្សារួច អភិបាលខេត្តមណ្ឌលគិរី បានដាក់ចេញជាវិធានការជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវ រៀបចំម៉ាស៊ីនបូមទឹក ដើម្បីត្រៀមអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់កសិករកុំឲ្យស្វិត ឬស្កកខូច។
លោកអះអាងថា ៖ «អាជ្ញាធរគ្រប់ថ្នាក់ កំពុងតែព្រួយបារម្ភពីបញ្ហានេះខ្លាំងណាស់។ យើងកំពុងប្រឹងប្រែងរកគ្រប់វិធី ដើម្បីជួយទប់ស្កាត់បញ្ហានេះឲ្យអស់ពីលទ្ធភាព បើទោះជាការរួមចំណែករបស់យើងមិនអាចជួយបានទាំងស្រុងក្តី ប៉ុន្តែយ៉ាងហោចក៏អាចសង្គ្រោះ បានពី៦០ទៅ៧០ភាគរយដែរ។
លោក មឺល សឿន បានបន្តឲ្យដឹងដែរថា បច្ចុប្បន្នអាជ្ញាធរខេត្តនៅមិនទាន់មានគោលការណ៍ ត្រៀមស្រូវពូជសម្រាប់ផ្តល់ឲ្យកសិករនៅឡើយ ព្រោះថា ការផ្តល់ស្រូវពូជអាចធ្វើទៅបាននៅក្រោយពេលប្រមូលផលស្រូវ នៅចុងខែធ្នូ ឆ្នាំ២០១២ ដែលនៅពេលនោះអាចនឹងសរុបទិន្នន័យពីផលស្រូវដែលទទួលបានប្រចាំ ឆ្នាំនេះ និងការខូចខាតហើយនិងតម្រូវការពូជបន្ថែមទៀត។
លោក ចាន់ យឿន អភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៨ ខែតុលានេះថា បានចេញបញ្ជាឲ្យអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ ត្រូវរៀបចំដាក់ម៉ាស៊ីនបូមទឹកឲ្យបានគ្រប់កន្លែងក្នុងឃុំទាំង៦ ដើម្បីជួយសង្គ្រោះស្រូវប្រជាកសិករដើម្បីឆ្លើយតបតាមការ ស្នើសុំរបស់ពួកគាត់ដែលកំពុងតែជួបការលំបាកឲ្យបានជាបន្ទាន់ បំផុតតាមដែលអាចធ្វើទៅបាន។
លោក ធន អ៊ន់ មេឃុំស្រែសង្គមឲ្យដឹងថា ឃុំស្រែសង្គម គឺជាតំបន់ដែលជួបគ្រោះរាំងស្ងួតខ្លាំងជាងគេ ដូច្នេះនៅពេលធ្លាក់ខ្យល់និងមានកំដៅថ្ងៃខ្លាំង ដីនៅតំបន់នេះបានប្រេះបែកក្រហែង រីឯស្រូវដែលកំពុងចេញកួរក៏ប្រែជាស្កកដោយអន្លើៗដែរ។ លោកបន្តថា កាលពីព្រឹកម្សិលមិញ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋរួបរួមកម្លាំងគ្នាលើកប្រឡាយទឹកឲ្យ បាន៧ខ្សែថែមពីលើ ប្រឡាយ២ខ្សែដែលមានស្រាប់ សម្រាប់ជាប្រភពទឹកស្រោចស្រពដំណាំស្រូវពេលជួបគ្រោះរាំង ស្ងួត។ លោកបន្តថា៖ «ពលរដ្ឋភាគច្រើនក្រីក្រ ពឹងតែដំណាំស្រូវផ្គត់ផ្គង់ក្រុមគ្រួសារតែបើស្រូវពួកគាត់ ខូចខាត ច្បាស់ជាអាចបង្កឲ្យមានបញ្ហាធំសម្រាប់យើងទាំងអស់គ្នា»។
លោក គួយ ពុំ ប្រធានរដ្ឋបាលសាលាស្រុកកោះញែកបានប្រាប់ដែរថា លោកបានស្នើឲ្យអាជ្ញាធរឃុំត្រូវចុះស្រង់ស្ថិតិអ្នករងគ្រោះឲ្យ បានច្បាស់ ដើម្បីងាយស្រួលឲ្យដឹងពីការខូចខាតពិត ហើយថា គិតដល់រសៀលថ្ងៃចន្ទ អាជ្ញាធរបានត្រៀមម៉ាស៊ីនបូមទឹកចំនួន៨០គ្រឿង អន្តរាគមន៍នៅឃុំស្រែសង្គមមុនគេ។ លោករំពឹងដែរថា ៖«ការប្រើប្រាស់ម៉ាស៊ីនបូមទឹកអាចនឹងមានចំនួនច្រើនជាងនេះទៀត»៕
Source: The Phnom Penh Post http://postkhmer.com/index.php/national/1-national-news/88132-2012-10-30-03-46-48