Thursday, 23 August 2012

ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត និង​ការ​ប្រឈម


ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត និង​ការ​ប្រឈម

ដាក់បញ្ចូលថ្ងៃ 23 August 2012, 16:57 AEST
 
ការ​សិក្សា​ស្រាវ​ជ្រាវ​ ផ្នែក​វិទ្យា​សាស្រ្ត​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​គ្រឹះ​ស្ថាន​ឧត្តម​ សិក្សា​នៅ​តាម​បណ្តា​ប្រ​ទេស​ទាំង​ឡាយ​នៅ​ទូ​ទាំង​ពិភព​លោក​ប្រយោជន៍​ដើម្បី ​ធ្វើ​ការ​អភិវឌ្ឍ​ និ​ងដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដែល​ប្រទេស​កំពុង​ជួប​ប្រទះ​ និង​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត។ ជា​ធម្ម​តា​នៅ​ពេល​ដែល​ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​នូវ​អ្វីដែល​ថ្មី​ និង​ប្លែក អ្នក​ស្រាវ​ជ្រាវ​តែង​តែ​យក​មក​ធ្វើ​ការ​ចែក​រំលែក និង​ផ្សព្វ​ផ្សាយ​នៅ​តាម​បណ្តា​សន្និ​សីទ​ផ្សេងៗ​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស។


ជា​មួយ​គ្នា​នេះ​ដែរ​ សមា​គម​គីមី​កម្ពុជា​ដែល​មាន​សមាជិក​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​ វិទ្យា​សាស្រ្ត​នៅ​តាម​បណ្តា​សាកល​វិទ្យា​ល័យ​ផ្សេងៗ​​ក៏​នឹង​រៀប​ចំ​នូវ​ សន្និ​សីទ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ នៅថ្ងៃ​ទី ២៤-២៥ ខែ សីហា​ នេះ​ក្រោម​ប្រធាន​បទ​ "​គីមី និង​ជីវិត" ដោយ​មាន​ការ​ចូល​រួម​ពី​សមា​ជិកសមា​គម ព្រម​ទាំង​អ្នក​សិក្សា​ស្រាវ​ជ្រាវ​មក​ពីប្រទេស​បារាំង អា​ឡឺម៉ង់ និង​បារាំង​ជា​ដើម។

លោក​ ស្រី​បណ្ឌិត​ សៀង ហ៊ុយ ប្រ​ធាន​ប្រតិបត្តិ​សមា​គម​គីមី​កម្ពុជា​បាន​លើក​ឡើង​ពី​គោល​បំណង​នៃ​ការ​ រៀប​ចំ​សន្និ​សីទ​ប្រចាំ​ឆ្នាំ​​ថា​ ការ​រៀប​ចំ​សន្និ​សីទ​នេះ​មាន​គោល​បំណង​ដើម្បី​លើក​កំពស់​ការ​យល់​ដឹង​ជា​ ទូទៅ​លើ​ការ​អភិវឌ្ឍន៍​វិទ្យា​សាស្រ្ត បច្ចេក​វិទ្យា​ ការ​អនុវត្ត និង​ការ​អប់រំ​ទាក់​ទង​នឹង​ផ្នែក​គីមី​ ព្រម​ទាំង​ការ​ចែក​រំលែក​បទ​ពិ​សោធន៍ផ្សេងៗ។
ជា​មួយ​ គ្នា​នេះ​ដែរ​លោក​ស្រី​ក៏បាន​បញ្ជាក់​ពី​សារៈ​ សំខាន់​ក្នុង​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​​ដើម្បី​ដោះ​ស្រាយ ឬ​រក​ឲ្យ​ឃើញ​នូវ​បញ្ហា​ដែល​សង្គម​កំពុង​ជួប​ប្រទះ។
(​សំឡេង​លោក​ស្រី​បណ្ឌិត សៀង ហ៊ុយ)
ប្រ ​សិន​បើ​គេ​ក្រ​ឡេក​មើល​ពី​ការ​ស្រាវ​ជ្រាវ​វិទ្យា​ សាស្រ្ត​នៅ​តាម​បណ្តា​សាកល​វិទ្យា​ល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ គេ​សង្កេត​ឃើញ​ថា​មាន​តែ​សាកល​វិទ្យា​ល័យ​រដ្ឋ​ប៉ុណ្ណោះ​ដែល​មាន​ការ​សិក្សា ​ស្រាវ​ជ្រាវ​ផ្នែក​វិទ្យា​សាស្រ្ត​​ តែ​សាកល​វិទ្យា​ល័យ​ឯក​ជន​គេ​ពុំ​សូវ​ឃើញ​មាន​ការ​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល ឬ​ស្រាវ​ជ្រាវ​វិទ្យា​​សាស្រ្តនោះ​ទេ។ ចំណែក​ឯ​ការ​ស្រាវ​ជ្រាវ​ទៀត​សោត​ភាគ​ច្រើន​ជា​ការ​សិក្សា​ស្រាវ​ជ្រាវ​ ក្នុង​គម្រោង​សហ​ប្រតិបត្តិ​ការ​ជា​មួយ​បណ្តា​ប្រទេស​ដទៃ​ទៀត ចំណែក​រដ្ឋា​ភិបាល​ក៏​គ្មាន​​កញ្ចប់​ថវិកា​សម្រាប់​ការ​ស្រាវ​ជ្រាវ​នោះ​ដែរ ទោះ​បី​ជា​ក្រសួង​អប់រំ​យុវជន​ និ​ងកីឡា​បាន​ចេញ​សេចក្តីណែ​នាំ​ជំរុញ និ​ងលើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ស្រាវ​ជ្រាវ​នៅ​តាម​បណ្តា​គ្រឹះ​ស្ថាន​ សិក្សា​ផ្សេងៗ​ក្តី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កញ្ញា​ ឡុង​ សូលី​ដា​ សា​ស្រ្តា​ចារ្យ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ។ ទោះ​ជា​មាន​កា​រ​រីក​ចម្រើន​ទាក់​ទង​ទៅ​នឹង​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត ​ក៏​ដោយ​ ក៏​ការ​ស្រាវ​ជ្រាវ​នេះ​មិន​អាច​ប្រៀប​ធៀប​ទៅនឹង​បណ្តា​ប្រទេស​ដែល​នៅក្នុង​ តំបន់​អា​ស៊ាន​បាន​ដែរ។
ជាមួយ​គ្នា​នេះ​ការ​ស្រាវ​ ជ្រាវ​វិទ្យា​សាស្រ្ត​ក៏​នៅ​ ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា​កង្វះ​ខាត​ថវិកា សម្រាប់​ដំណើរ​ការ​ស្រាវ​ជ្រាវ ព្រម​ទាំង​​ការ​បោះ​ពុម្ព​ផ្សាយ​នូវ​លទ្ធ​ផល​ស្រាវ​ជ្រាវ​ជា​ដើម។
(សំ​ឡេង​ កញ្ញា​ ឡុង សូ​លីដា)
សរុប ​មក​ទោះ​បី​ជា​ការ​ស្រាវ​ជ្រាវ​ហាក់​បី​ដូច​ជា​មាន​ ការ​រីក​ចម្រើន​ក៏​ដោយ នេះ​បើ​តាម​ការ​អះ​អាង​របស់​លោក​ស្រីប្រធាន​សមា​គម​គីមី ក៏​ប៉ុន្តែ​បញ្ហា​ប្រឈម​ដូច​ជា​កង្វះ​ខាត​ថវិកា​នៅ​តែ​ជា​ឧបសគ្គ​នៅ​ឡើយ៕​​

ABC Radio Australia http://www.radioaustralia.net.au/khmer/radio/onairhighlights/1004700
 

No comments:

Post a Comment