Wednesday, 8 August 2012

គួរ​ចូល​រួម​សង់​វត្ត​ច្រើន ឬ​ធ្វើ​កិច្ចការ​អាណាចក្រ​ច្រើន​ជាង?

គួរ​ចូល​រួម​សង់​វត្ត​ច្រើន ឬ​ធ្វើ​កិច្ចការ​អាណាចក្រ​ច្រើន​ជាង?

ជូនលោក​ការីនិពន្ធ

ក្រោយ​ពី​មាន​ការ​ឆ្លើយ​ឆ្លង​រវាង​លោក​បេក្ខ​ជន​ បណ្ឌិត​ប៉ែន មីរ៉ាន់ដា និង​លោក​ សុចរិត ខ្ញុំ​បាទ​សូម​ចូល​រួម​ចែក​រំលែក​ចំណេះ​ដឹង​ដ៏​តិច​តួច​ស្តួច​ស្តើង​របស់ ​ខ្ញុំ ដើម្បី​ទុក​ជា​ការ​ពិចារណា​ទាំង​អស់​គ្នា។
ជា​ដំបូង​ខ្ញុំ​គាំទ្រ​ទាំង​ស្រុង​ចំពោះ​អត្ថបទ​របស់​បេក្ខជន​បណ្ឌិត​យ៉ាង​ពេញ​ទំហឹង ដោយ​សារមូល​ហេតុ​ពីរ៖
ទី ១ ប្រជា​ពលរដ្ឋ​ខ្មែរ​ គួរ​ទុក​ប្រាក់​កសាង​វត្ត​នីមួយៗ​ពី​ ២០ ទៅ​ ៣០​ ម៉ឺន​ដុល្លារ ​យក​មក​អភិវឌ្ឍ​វិស័យ​អាណាចក្រ​ប្រសើរ​ជាង ព្រោះ​បច្ចុប្បន្ន​ វិស័យ​អាណាចក្រ មិន​ទាន់​រីក​ចម្រើន មាន​តុល្យភាព​ជាមួយ​វិស័យ​ពុទ្ធចក្រ​នៅ​ទ្បើយ​។
ទី ២ គួរ​ទុក​ប្រាក់​ទាំង​នោះ​សាង​សង់​មន្ទីរ​ពិសោធន៍ ឬ​បណ្ណាល័យ ដើម្បី​ពង្រីក​ចំណេះ​ដឹង​ដល់​សិស្សានុសិស្ស​និង​តាម​សហគមន៍​ប្រជា​ពលរដ្ឋ​ ខ្មែរ​រស់​នៅ។

នៅ​កម្ពុជា​ មាន​វត្ត​អារាម​ជាង​៤០០០​ កន្លែង និង​មាន​ព្រះ​សង្ឃ​ជាង ​៥០០០០ ​អង្គ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ដែល​វត្ត​ជាង​ ៩០​ភាគ​រយ ​មាន​ក្បូរ​ក្បាច់​រចនា​ល្អ​វិចិត្រ ស័ក្ខិ​សម​ជា​ទីអារាម​ពិតៗ ប៉ុន្តែ​បើ​យើង​ក្រទ្បេក​មើល​ទៅ ខាង​ក្រោយ​វត្ត​ ឬ​បរិវេណ​ជុំវិញ​វត្ត យើង​ឃើញ​ផ្ទះ​របស់​ពុទ្ធបរិស័ទ​ខ្លះ មិន​មាន​ដំបូល​ប្រក់​ផ្ទះ​ត្រឹម​ត្រូវ​គត់​មត់​ទេ​ កូនៗ​របស់​ពួក​គេ​មិន​មាន​ខោ​អាវ​ស្លៀក​ពាក់​បាន​សមរម្យ​ទេ​ និង​មួយ​ចំនួន​ មិន​បាន​ទាំង​ចូល​សាលារៀន​ផង។

ខ្ញុំ​ធ្លាប់​ចេញ​ទៅ​ប្រទេស​មួយ​ចំនួន ដែល​នៅ​ក្បែរ​ខាង​កម្ពុជា ដូច​ជា ប្រទេស​ថៃ ទ្បាវនិង​ប្រទេស​ស្រី​លង្កា​ជាដើម។ ប្រជា​ពលរដ្ឋ​ប្រទេស​ទាំង​នោះ គោរព​ព្រះពុទ្ធ​សាសនា​និកាយ​ហិន​យាន​(យាន​តូច)​ដូច​យើង​ដែរ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ទាំង​នោះ មិន​មាន​សង់​វត្ត​អារាម​ស្អេក​ស្កះ​ច្រើន​សន្ធឹក​សន្ធាប់​ដូច​នៅ​កម្ពុជា​ ទេ ប៉ុន្តែ​សង្គម​គេ​មាន​ការ​រីក​ចម្រើន និង​ប្រជា​ជន​គេ​មាន​សីលធ៌ម​រស់​នៅ​ល្អ​ជាង​កម្ពុជា។ នៅ​រាជធានី​ភ្នំពេញ បើ​ជិះ​រថយន្ត​ពី​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​មក​កាន់​មាត់​ទន្លេ ​មួយ​ជុំ យើង​ឃើញ​វិហារ​ដ៏​ស្កឹម​ស្កៃ​មិន​តិច​ជាង​ ១០​ កន្លែង​នោះ​ទេ។

ការ ​កសាង​វត្ត​អារាម​ជា​ច្រើន​ដែល​លោក សុចរិត បាន​លើក​ទ្បើង​ថា ជា​សទ្ធា​របស់​ពុទ្ធបរិស័ទ​ពិត​ជា​ត្រឹម​ត្រូវ ប៉ុន្តែ​សួរ​ថា​ តើ​ព្រះ​សង្ឃ​ បាន​និង​កំពុង​ដើរ​តួនាទី​ត្រឹម​ត្រូវ តាម​គោល​ធម៌​របស់​ព្រះពុទ្ធ​ហើយ​ឬ​នៅ​? ព្រះ​ពុទ្ធលោក​បាន​ត្រាស់​ដឹង នៅ​ក្រោម​ដើម​ពោធិព្រឹក្ស មិន​មែន​ក្នុង​ព្រះវិហារ​ដ៏​ស្កឹមស្កៃ​ទេ។ ព្រះពុទ្ធ​ផ្តល់​ពុទ្ធ​ឱវាទ​ឲ្យ​ពុទ្ធបរិស័ទ មុន​មាន​ជំនឿ​លើ​អ្វី​មួយ​ ឲ្យ​ប្រើ​បញ្ញា​ជា​ចម្បង ប៉ុន្តែ​ព្រះ​សង្ឃ​ នៅ​កម្ពុជា តែង​សូត្រ​ធម៌​ជា​ភាសា​បាលី​ ឬ​សំស្រ្កឹត ដែល​ពេល​ខ្លះ​ សូម្បី​ព្រះ​សង្ឃ​អង្គឯង មិន​យល់​អ្វី​ ដែល​ខ្លួន​បាន​សូត្រ​ផង​ទេ កុំថា​ទ្បើយ​ពុទ្ធបរិស័ទ​មិន​បាន​បួស​រៀន អាច​យល់​និង​ស្តាប់​បាន​ថា​ មាន​ន័យ​យ៉ាង​ដូច​ម្តេច​នោះ​។

ហេតុ​នេះ ​នៅ​ពេល​ប្រជាពលរដ្ឋ​មិន​យល់ ព្រះ​សង្ឃ​នេះ​ហើយ ជា​អ្នក​ដើរ​តួនាទី​ជា​អ្នក​ពន្យល់​អប់រំ ប្រជា​ពលរដ្ឋ​ជា​ពុទ្ធបរិស័ទ ហើយ​ការ​ពន្យល់​នោះ​ ក៏​មិន​គួរ​លើក​តែ​រឿង​ព្រេង រឿង​ពុទ្ធប្រវត្តិ​​នៅ​ឋាន​សួគ៌ ឋាន​ត្រៃត្រិង្ស​នោះ​ដែរ​។ ប្រជា​ពលរដ្ឋ​លោក​យល់​ថា ការ​កសាង​វត្ត​អារាម នឹង​ទទួល​បាន​ផល​កុសល​ច្រើន​ នៅ​ជាតិ​នេះ និង​អនាគត​ជាតិ ប៉ុន្តែ​សំណួរ​របស់​ខ្ញុំ​ត្រង់​នេះ​ សូម​ចោទ​សួរ​ថា តើ​ព្រះ​សង្ឃ បាន​ដើរ​តួនាទី​របស់​ខ្លួន​ត្រឹម​ត្រូវ​ហើយ​ឬ​នៅ ក្នុង​ការ​ផ្តល់​សង្ឃ​ឱវាទ ដល់​ពុទ្ធបរិស័ទ​អំពី​ការ​ធ្វើ​បុណ្យ​? ចម្លើយ​ខ្ញុំ​អាច​ឆ្លើយ​បាន​ថា មិន​ទាន់​គ្រប់​គ្រាន់​ទេ​ វត្ត​អារាម​ជា​ថ្នាល​បណ្តុះ​បណ្តាល​ចំណេះ​ដឹង​ នៅ​ក្នុង​ជំនាន់​បារាំង​បាន​គ្រប់គ្រង​ប្រទេស (​ជំនាន់​នោះ​ គេ​ហៅ​សាលា​វត្ត​បែប​ថ្មី) ប៉ុន្តែ​ព្រះ​សង្ឃ​ជំនាន់​នេះ ​បាន​ប្រព្រឹត្ត​ខុស​ធម៌វិន័យ​ជា​ច្រើន​ទាំង​ការ​បដិបត្តិ​ប្រចាំ​ថ្ងៃ និង​ការ​មិន​បាន​បំពេញ​តួនាទី​ ជា​ព្រះ​សង្ឃ ដែល​ជួយ​សង្គ្រោះ សត្វ​លោក​ប្រកប​ដោយ​គុណធម៌។

ការ​មិន​ប្រព្រឹត្ត​ត្រឹម​ត្រូវ​តាម​ធម៌​ វិន័យ​យ៉ាង​ដូច​ម្តេច និង​មិន​បំពេញ​តាម​គុណធម៌​យ៉ាង​ដូច​ម្តេច​? ខ្ញុំ​ធ្លាប់​ជា​ក្មេង​វត្ត​ម្នាក់​ រស់​នៅ​ក្នុង​វត្ត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​សម្តេច​សង្ឃ​គង់​នៅ​។​ អំទ្បុង​ពេល​ស្នាក់​នៅ​វត្ត​ ខ្ញុំ​ឃើញ ដោយ​ផ្ទាល់​ភ្នែក​ នូវ​សកម្មភាព​ព្រះ​សង្ឃ​ ក្នុង​វត្ត​នេះ ដែល​មាន​សង្ឃ​ខ្លះ​ លេង​បៀរ សង្ឃ​ខ្លះ​មាន​កាំភ្លើង សង្ឃ​ខ្លះ​មាន​សង្សារ​រហូត​មក​ដេក​ជា​មួយ​គ្នា ក្នុង​កុដិ​យ៉ាង​គួរ​ឲ្យ​អាម៉ាស់​បំផុត​។ ការ​ប្រព្រឹត្ត​របស់​សង្ឃ​ខុស​គោល​ធម៌​ដើម ពិត​ជា​រឿង​របស់​បុគ្គល​។

ចំណុច ​មួយ​ទៀត ដែល​លោក​សុចរិត​លើក​ទ្បើង​ថាបុគ្គល​ជា​បុរស​ភេទ ​បើ​បាន​បួស​ម្តង​ជា​បុគ្គល​ដែល​ប្រសើរ​បំផុត។ ខ្ញុំ​សូម​បដិសេធ​ក្នុង​ចំណុច​នេះ។ បដិសេធ​ត្រង់​ថា បុគ្គល​ដ៏​ប្រសើរ​ មិន​ចាំបាច់​បួស​តែ​ក្នុង​ពុទ្ធសាសនា​ទេ ពួក​គេ​អាច​សិក្សា​នៅ​ខាង​ក្រៅ​បាន ព្រោះ​ចំណេះ​ដឹង​ រៀន​នៅ​ទីណា​ក៏​បាន មិន​ចាំ​បាច់​រៀន​តែ​ពី​វត្ត​អារាម​ឬ​តាម​គោល​ធម៌ ​នៃ​ពុទ្ធសាសនា​តែ​មួយ​មុខ​នោះ​ទេ។ បុគ្គល​មួយ​ចំនួន​ដោយ​សារ​ខ្ជិល ជួយ​ធ្វើ​ការ​ឪពុក​ម្តាយ បាន​សុំ​លោក​មាន​គុណ​មក​បួស ដែល​មិន​ត្រឹម​តែ​ដើម្បី​គេចវេះ​ពី​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​បង្ក​ការ​លំបាក​ជា​ច្រើន ដល់​គ្រួសារ ដើម្បី​ចំណាយ​ផ្សេងៗ​ ដល់​ការ​បំបួស​ និង​ក្រោយ​ការ​បំបួស​ហើយ​បាន ៤ ទៅ​ ៥​ព្រះវស្សា​ក៏​លា​ចាក​សិក្ខាបទ និង​សុំ​ឲ្យ​ឪពុក​ម្តាយ​ដណ្តឹង​ប្រពន្ធ​ឲ្យ​ទៀត ដែល​ជា​ការ​បន្ថែម​បន្ទុក​ចំណាយ​កាន់​តែ​ច្រើន​ដល់​គ្រួសារ នៅ​ពេល​ខ្លួន​មិន​បាន​ជួយ​រក​ចំណូល​អ្វី​សោះ​ ដល់​ឪពុក​ម្តាយ​របស់​ខ្លួន​។

លោក ​ សុច​រិត​ បាន​លើក​ជា​សំណួរ​ថា តើ​ការ​ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជិត ២ លាន​នាក់​ជា​កំហុស​របស់​ព្រះ​សង្ឃ​ដែរ​ឬ​ទេ? ចម្លើយ​ពិត​ជា​មិន​មែន​ទេ។ ប៉ុន្តែ​លោក​សាទ្បុតស​(ប៉ុល​ពត)​ជា​បុគ្គល​មួយ​រូប ធ្លាប់​រស់​នៅ​ក្នុង​វត្ត​បទុមវតី​រាជធានី​ភ្នំពេញ។ អំទ្បុង​ស្នាក់​នៅ​ក្នុង​វត្ត​នេះ គាត់​មាន​ចិត្ត​ស្អប់​ព្រះ​សង្ឃ​យ៉ាង​ខ្លាំង និង​បាន​ចាត់​ទុក​ព្រះ​សង្ឃ​ ជា​ពួក​ព្រូន​ ឬ​ប៉ារ៉ាស៊ីត​។ ខ្ញុំ​មិន​គាំទ្រ​ការ​លើក​ទ្បើង​ហួស​ហេតុ​បែប​នេះ​ទេ ប៉ុន្តែ​តាម​ខ្ញុំ​ដឹង​ នៅ​លើ​ពិភពលោក ​មិន​មាន​ប្រទេស​ណា​មួយ មាន​ប្រជាជន​ត្រឹម​ជិត ១៤​ លាន​នាក់ ប៉ុន្តែ​មាន​ព្រះ​សង្ឃ​ជាង​ ៥០០០០ អង្គ​បែប​នេះ​នោះ​ទ្បើយ​។

ពិត​ណាស់​ រដ្ឋាភិបាល​ ក៏​មិន​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​គ្រប់គ្រាន់​សម្រាប់​កសាង​ប្រទេស នេះ​ ឲ្យ​មាន​ភាព​ស៊ីវិល័យ​នៅ​ទ្បើយ​ទេ​។ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ មេ​ដឹក​នាំ​ខ្មែរ គិត​តែ​​ផល​ប្រយោជន៍​បុគ្គល និង​រិះរក​គ្រប់​មធ្យោបាយ ​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​អាច​គ្រប់​គ្រង​ប្រទេស និង​ប្រជាជន​បាន​យូរ​។ មេ​ដឹក​នាំ​ខ្មែរ​ដើរ​តួជា​ឥសី ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ ខណៈ​ពួក​គេ ជា​អ្នក​ធ្វើ​បាប​ប្រជាពលរដ្ឋ​ទាំង​នោះ​ដោយ​ខ្លួន​ឯង។​
ប៉ុន្តែ​អ្វី​ ដែល​គួរ​ឲ្យ​សោក​ស្តាយ​បន្ថែម​ទៀត​នោះ គឺ​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ អ្នក​នយោបាយ​ខ្មែរ​ បាន​លូក​ដៃ​កកូរកកាយ ​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​សង្គម​សង្ឃ ដើម្បី​ទាក់ទាញ​ប្រជាប្រិយ​ភាព​ ពី​ព្រះ​សង្ឃ និង​ពុទ្ធបរិស័ទ​ទាំង​ទីក្រុង និង​ទីជនបទ ដែល​ចំណេះ​ដឹង​ពួក​គាត់​នៅ​មាន​កម្រិត ​ក្នុង​វិស័យ​ពុទ្ធចក្រ​។ ពួក​គេ​អះអាង​ថា ជា​ពុទ្ធបរិស័ទ ប៉ុន្តែ​នៅ​ពេល​យើង​សាកល្បង​សួរ​ពួក​គេ​ថា អ្វី​ទៅ​ជា​សីល​៥ សីល​ ៨ និង​សីល ១០ ហើយ​ពួក​គេ បាន​អនុវត្តតាម​សាសនា ដែល​ខ្លួន​មាន​ជំនឿ​ដែរ​ឬ​ទេ? ចម្លើយ​គឺ​អត់​ទេ។

សរុប​សេចក្តី​មក ការ​ចូល​រួម​កសាង​វត្ត​អារាម ជា​ការ​បរិច្ចាគ​ថវិកា​ដោយ​ស្ម័គ្រ​ចិត្ត​ មិន​មាន​អ្នក​ណា​បង្ខិត​បង្ខំទេ ប៉ុន្តែ​សំណួរ​នៅ​ទីនេះ ​ត្រង់​ថា តើ​ពុទ្ធបរិស័ទ​បាន​និង​កំពុង​ប្រើប្រាស់​ថវិកា​ចំ​ទិសដៅ​ឬ​នៅ ឬ​ពុទ្ធបរិស័ទ​បរិច្ចាគ​ថវិកា​ជា​ច្រើន ដើម្បី​ទទួល​បាន​ការ​កោត​សរសើរ ​ឬ​ក៏​គួរ​បរិច្ចាគ​ដល់​ប្រជា​ពលរដ្ឋ​ នៅ​ក្បែរ​នោះ ដែល​គ្មាន​សម្លៀក​បំពាក់​សមរម្យ និង​មិន​បាន​ចូល​សាលារៀន​ ឬ​យ៉ាង​ណា?​

យីន លាងគង់ អតីត​ក្មេង​វត្ត​ក្នុង​រាជធានី​ភ្នំពេញ
The Phnom Penh Post  http://postkhmer.com/index.php/national/letter-to-editor/83587-2012-08-08-04-05-50 

No comments:

Post a Comment