Wednesday, 29 August 2012

ឥណ្ឌូ​ណេស៊ី​ចុះ​ហត្ថលេខា​ទិញ​​អង្ករពី​ប្រទេស​កម្ពុជា​

ឥណ្ឌូ​ណេស៊ី​ចុះ​ហត្ថលេខា​ទិញ​​អង្ករពី​ប្រទេស​កម្ពុជា​

ដាក់បញ្ចូលថ្ងៃ 29 August 2012, 17:59 AEST
នៅ​ថ្ងៃអង្គារ​ម្សិល​មិញ​នេះ ​ប្រទេស ​ឥណ្ឌូ​ណេស៊ី ​បាន​ចុះ​​ហត្ថលេខា​​លើកិច្ចព្រម​ព្រៀងទិញ​អង្ករ​​យ៉ាង​តិច​​១​សែន ​តោន​ក្នុងមួយឆ្នាំ​ពី​ប្រទេស​កម្ពុជា។​អនុស្សរណៈ​យោគយល់​ លើពាណិជ្ជកម្មស្រូវ​អង្ករនេះ ​ត្រូវបាន​ចុះ​​ហត្ថលេខា​​រវាង​​រដ្ឋមន្រ្តីក្រសួង​ពាណិ​ជ្ជកម្ម​នៃ​ប្រទេស​ កម្ពុជា ​លោក ​ចម ​ប្រសិទ្ធ ​និង​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម ​ឥណ្ឌូណេស៊ី​ លោក ​Gita Wijrawan ​​នៅ​​ក្រុង​​សៀម​រាប។​
លោក  រដ្ឋមន្រ្តី ​​ចម​ ប្រសិទ្ធ មាន​​ប្រសាសន៍​​ប្រាប់​អ្នកយក​ព័ត៌មាន ​នៅ​ក្រោយ​ពិធីចុះ​ហត្ថ​លេខា​ថា យោង​ទៅ​តាម​ក្រោម​កិច្ចព្រមព្រៀង​នេះ ​ប្រទេស​ឥណ្ឌូណេស៊ី ​នឹង​ទិញ​អង្ករ​យ៉ាងតិច​​១​សែន​តោន ​ក្នុង​​មួយឆ្នាំ​ពី​ប្រទេស​កម្ពុជា។ ​
លោក ​​​ចម​​ ​ប្រសិទ្ធ ឲ្យដឹង​ដែរថា​ ថា​​ថ្លៃអង្ករ​លក់នេះ ​នឹ​ងផ្អែក​ទៅ​លើ​តម្លៃ​នៅ​លើ​ទីផ្សារ ​​និង​ថា​នេះជា​​​លើក​ទីមួយហើយ​​ដែល​ប្រទេស​កម្ពុជា​នឹងលក់​អង្ករទៅ​​អោយ​ ប្រទេស​​ឥណ្ឌូ​ណេស៊ី។​
ជា​មួយគ្នា​នេះ​ដែរ ​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​នៃប្រទេស​ឥណ្ឌូណេស៊ី​លោក Gita Wijrawan មាន​​ប្រសាសន៍ថា ​អនុស្សរណៈ​យោគយល់​នេះ ​ជា​ជំហាន​ដំបូង​នៃ​ជំហានជា​ច្រើន​ទៀតក្នុង​កិច្ច​​សហ​ប្រតិបត្តិការ​លើ​​ ស្រូវ ​អង្ករ ​ដែល​ឥណ្ឌូ​ណេស៊ី ​នឹងមាន​លទ្ធភាព​អាច ពង្រឹង​ទំនាក់ទំនង​ជា​មួយ​​ប្រទេស​កម្ពុជា។​
លោក​ភូ  ពុយ​​ ប្រធាន​​សមាគម​ម៉ាស៊ីន​កិនស្រូវ​កម្ពុជា ​មាន​​ប្រសាសន៍ថា ​កិច្ច​​ព្រមព្រៀង​លក់​អង្ករទៅ​​ប្រទេស​​ឥណ្ឌូណេ​ស៊ីនេះ​ មាន​ភាព​​ប្រសីរ​ណាស់​ពីព្រោះ​​ប្រទេស​​កម្ពុជា​​មាន​សល់​ស្រូវ​អង្ករ​​ គ្រប់​គ្រាន់​​សម្រាប់​នាំចេញ។​
លោក ភូ ពុយ ​មាន​​ប្រសាសន៍​​ឲ្យផង​ដែរ​ថា ​​នៅពេល​​ច្រើន​ឆ្នាំកន្លង​ទៅនេះ​ ឥណ្ឌូ​ណេស៊ី​​ក៏ធ្លាប់​បាន​ទំនាក់​ទំនង​ទិញអង្ករ​​ពី​​ប្រទេស​​កម្ពុជា​ដែរ ប៉ុន្តែ​មិន​ត្រូវគ្នា​នឹង​​តម្លៃ​​ដោយ​សារ​​ឥណ្ឌូណេ​ស៊ី​ប្រៀប​ប្រដូច​​ថា​ ​អង្ករ​​វៀតណាម​មាន​​តម្លៃ​ថោក​ជាង​អង្ករកម្ពុជា។​
សូម​រំលឹក​ថា ​នៅ​​ឆ្នាំ​កន្លងទៅ​នេះ​ប្រទេស​កម្ពុជា​​ផលិត​​ស្រូវ​បាន​ជាង​៨​លាន​តោន។ ​ដោយ​មាន​អង្ករ​សេស​សល់​ជាង​២​លាន​៥​សែន​តោន​សម្រាប់​នាំចេញ​នៅ​ឆ្នាំនេះ​។ យោង​ទៅ​តាម​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​ឲ្យដឹង​ថា ​នៅ​​ឆ្នាំកន្លង​ទៅនេះ​​កម្ពុជា​​បាន​នាំចេញ​អង្ករ​ប្រមាណ​១​សែន​៧ ម៉ឺន​តោន៕​

ABC Radio Australia http://www.radioaustralia.net.au/khmer/radio/onairhighlights/1007726

No comments:

Post a Comment