ព្រះសង្ឃមិនមែនជាអ្នករុញច្រានសង្គមឲ្យធ្លាក់ចុះទេ
- Tuesday, 07 August 2012
- សុចរិត
ក្រោយ ពីបានអានលិខិតរបស់លោកមានចំណងជើងថា «កម្ពុជាត្រូវសង់វត្តបន្ថែម ឬមជ្ឈមណ្ឌល ស្រាវជ្រាវមន្ទីរពិសោធន៍?» ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១២ លើទំព័រកាសែតភ្នំពេញបុស្តិ៍ ខ្ញុំសូមអនុញ្ញាតព្យាយាមបកស្រាយតាមការចេះដឹងតិចតួច ឆ្លើយតបទៅលោកជាបញ្ញវន្តខ្មែរដ៏ឧត្តុង្គឧត្តម ដូចតទៅនេះ៖
នៅ កម្ពុជា អ្វីដែលមានភាពរឹងមាំ និងមិនងាយនឹងដួលរលំបានមានពីរយ៉ាងគឺ ស្តេច (ព្រះមហាក្សត្រ) និងសាសនា (សាសនាព្រះពុទ្ធ=ព្រះសង្ឃ)។ ជនពីរជំពូកនេះ ដើរតួនាទីសំខាន់ណាស់ក្នុងសង្គមកម្ពុជា តាំងពីបរមបុរាណមក ក៍ដូចជាក្នុងពេលបច្ចុប្បន្ន និងទៅអនាគតយូរអង្វែងទៅទៀត។ បច្ចុប្បន្ននេះ ដោយមើល ឃើញពីសារៈសំខាន់ នៃសាសនាព្រះពុទ្ធនេះហើយ ទើបរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រទីពីរ នេះបានកំណត់ថា (ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ)។
វត្តអារាម ជាទីដែលព្រះសង្ឃគង់នៅ ជាទីដែលពុទ្ធសាសនិកធ្វើបុណ្យទាន ធ្វើអំពើល្អ សន្សំកុសល សម្រាប់សេចក្តីសុខនាជាតិនេះ និងជាតិខាងមុខ (អារាម=ទីជ្រះថ្លា) ពីព្រោះតែជំនឿរបស់ពុទ្ធសាសនិក គឺធ្វើល្អបានល្អ នរណាសាងអ្នកនោះជាអ្នកទទួល ហើយក្រោយពេលស្លាប់ប្រាកដជាកើតឡើងវិញ គ្រាន់តែពុំដឹងថា នឹងត្រូវកើតជាអ្វី (ព្រះព្រហ្ម ព្រះឥន្ទ្រ ទេវតា មនុស្ស តិរច្ឆាន អសុរកាយ ប្រេត ឬ នរក) ទៅតាមអំពើ ដែលបុគ្គលបានសាង។ តាំងពីដើមរៀងមក វត្តអារាម ក៏ជាទីកន្លែងសម្រាប់ថែរក្សាវប្បធម៌ និងភាសាខ្មែរ ឱ្យនៅគង់វង្ស សម្រាប់ពូជសាសន៍ខ្មែរគោរពប្រតិបត្តិ និងសិក្សារៀនសូត្ររហូតដល់សព្វថ្ងៃ។ សម័យអាណានិគមនិយមបារាំង ដែលបានដាក់នឹមត្រួតត្រាលើខ្មែរ ៩០ឆ្នាំ បានព្យាយាមបំបាត់វប្បធម៌ និងភាសាខ្មែរតែមិនអាចទៅរួចទេ ព្រោះតែខ្មែរ មានសាសនាដ៏រឹងមាំ គឺទាំងវប្បធម៌ និងភាសាត្រូវជ្រកក្រោមវត្តអារាម។ នៅកម្ពុជាក្រោមសព្វថ្ងៃភាសាខ្មែរនៅតែបន្តបង្រៀននៅតាមវត្តអារាម ទោះបីមិនត្រូវបានអនុញ្ញាតឱ្យបង្រៀន នៅតាមសាលារដ្ឋក៏ដោយ។
ការ កសាងវត្តអារាមសព្វថ្ងៃនេះ មិនមែនជាកាតព្វកិច្ចរបស់រដ្ឋជាអ្នកត្រូវសាងសង់ ដូចការសាងសង់ សាលារៀន មន្ទីរពេទ្យ មន្ទីរពិសោធន៍ស្រាវជ្រាវ...ទេ ហើយក៏មិនមានការចែងក្នុងគោលនយោបាយរបស់រដ្ឋាភិបាល អំពីការត្រូវសង់វត្តបន្ថែមដែរ។ ទោះបីថា ការសង់វត្តអារាមមួយៗត្រូវចំណាយ លុយរហូតដល់ ពី ២០ ទៅ ៣០ម៉ឺនដុល្លារក្តី តែជាវិភាគទានដ៏ស្មោះស្ម័គ្ររបស់ពុទ្ធសាសនិកសុទ្ធសាធ។
ម៉្យាង ទៀតក្នុងមួយជីវិតរបស់ពុទ្ធសាសនិក ជាបុរស (ឧត្តមភេទ) បើបានបួសជាព្រះសង្ឃបានម្តង គឺជាជីវិតដ៏ប្រសើរបំផុត ហើយក៏មិនមានការកំណត់ថា ត្រូវតែបួសនៅវ័យចាស់ជរា នៅពេលបាត់បង់សម្បទា វិជ្ជាជីវៈនោះដែរ ព្រោះសង្ខារគឺមិនទៀង មិនដឹងថា ត្រូវស្លាប់ពេលណា បើមានឱកាសម្តេចក៏មិនសាងអំពើជាកុសលធ្វើបុណ្យ ធ្វើទានបណ្តើរៗទៅ។
ដូច្នេះ ការយល់ឃើញថា វ័យ ១៨-៣៥ ឆ្នាំ គឺជាវ័យដ៏សស្រាក់សស្រាំក្នុងការងារដើម្បីប្រយោជន៍គ្រួសារ និងសង្គមជាតិ គឺជាគំនិតចង្អៀតចង្អល់ របស់ស្មេរ ព្រោះព្រះសង្ឃ វ័យពេញកម្លាំងទាំងនោះ មិនមែនបួសជារៀងរហូតឯណា (មួយចំនួនធំបួសដើម្បីសងគុណឪពុក-ម្តាយ និង ដើម្បីលើកតម្កើងសាសនា) គឺបួសមួយរយៈកាលតែប៉ុណ្ណោះ ហើយក្រៅពីព្រះសង្ឃជាង ៥ ម៉ឺនអង្គ សង្គមកម្ពុជា សព្វថ្ងៃ នៅមានយុវជនច្រើនណាស់ជាសសរទ្រូងរបស់ប្រទេសជាតិ ជាទំពាំងស្នងឫស្សី ប្រកបដោយសក្កានុពល ជាកម្លាំងចលករ ជំរុញការអភិវឌ្ឍជាតិ ហើយព្រះសង្ឃក៏ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិតាមរយៈព្រះពុទ្ធ សាសនាយ៉ាងសកម្មដែរ។ ទន្ទឹមនឹងនេះ ការដែលសីលធម៌សង្គមរបស់ខ្មែរធ្លាក់ចុះ តើជាកំហុសរបស់ព្រះសង្ឃ ឬក៏ជាការទទួលខុសត្រូវរបស់ព្រះសង្ឃឬ? បើយល់ឃើញដូច្នេះ តើការស្លាប់របស់ប្រជាជនខ្មែរជិត ២ លាននាក់ ក្នុងរបបខ្មែរក្រហម និងក្នុងពេលសង្គ្រាមជាង ២ ទសវត្សរ៍ និងការនាំប្រទេសជាតិធ្លាក់ចូលទៅក្នុងជ្រោះជ្រៅនៃគ្រោះមហន្ត រាយស្ទើររលាយសាបសូន្យ ពីផែនទីពិភពលោកនោះ ជាកំហុសរបស់ព្រះសង្ឃដែរឬ? ការពិត វាជាការទទួលខុសត្រូវរបស់អ្នកនយោបាយ អ្នកដឹកនាំប្រទេសជំនាន់នោះឯង។
រីឯបញ្ហាបទល្មើស ដែលចេះតែកើតឡើងព្រោងព្រាត នាពេលសព្វថ្ងៃ គឺអាស្រ័យលើចំណាត់ការ មិនមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលទេដឹង? ដែលមានទាំងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ រាប់ម៉ឺននាក់ តុលាការគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរគ្រប់ឋានានុក្រមទៀតផង ហេតុអ្វីបានជាបទល្មើស ចេះតែកើនឡើងមិនថមថយ? តើនេះមិនបង្ហាញឱ្យឃើញពីប្រព័ន្ធគ្រប់គ្រងសង្គមមួយ ដែលកាន់តែខ្សោយទៅៗ មានការកែទម្រង់តិចតួច ដែលពិបាកនឹងស្តារឡើងវិញបានទេឬ?(សូមលោកចង្អុលឲ្យចំបញ្ហា កុំសម្លឹងផ្កាជេរផ្លែ)? ឯការអប់រំប្រៀនប្រដៅ របស់ព្រះសង្ឃ តាមឱវាទ ព្រះពុទ្ធសាសនា គឺអប់រំឱ្យបុគ្គល ធ្វើអំពើល្អ...ព្រះសង្ឃ មិនមានអំណាចចាប់បង្ខំឱ្យមនុស្សត្រូវតែធ្វើអំពើល្អ នោះទេ។ តាមដឹង គ្រប់របបទាំងអស់មានតែសម័យខ្មែរក្រហមទេ ដែលមិនត្រូវការសាសនា កម្ទេចវត្ត អារាម ធ្វើគុតព្រះសង្ឃ និងបង្ខំឱ្យលាចាកសិក្ខាបទ ព្រោះពួកនោះយល់ឃើញថា ព្រះសង្ឃជិះជាន់កម្លាំង ពល-កម្ម ធ្វើឱ្យខាតកម្លាំងផលិត ចាំតែហូបស្រាប់ តែទីបំផុតរបបទមិឡឥតសាសនា និងព្រៃផ្សៃមួយនេះវិនាសអន្តរាយទៅ។ មិនថា ក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលទេ មនុស្សត្រូវតែជឿលើព្រះ ឯព្រះសង្ឃ ជាស្រែបុណ្យប្រៀនប្រដៅមនុស្សតាមព្រះពុទ្ធឱវាទ រឿងសង្ឃមួយចំនួនតូច ប្រព្រឹត្តខុស គឺជារឿង របស់បុគ្គល មិនប៉ះពាល់ ដល់សាសនាព្រះពុទ្ធទាំងមូលទេ ហើយសាសនាដទៃ ក៏មានបញ្ហាដូចគ្នាដែរ។
ទោះជាយ៉ាងណាខ្ញុំសូមឯកភាពជាមួយ លោកថា សហគមន៍អាស៊ានឆ្នាំ ២០១៥ (សហគមន៍តែមួយ វាសនាតែមួយ) នឹងមានបញ្ហាប្រឈមច្រើនណាស់សម្រាប់កម្ពុជា ព្រោះតែកម្ពុជាមានវាសនានៅដាច់ឆ្ងាយ ពីគេពេក ដែលមិនងាយនឹងយិតយោងឱ្យទៅនៅក្បែរគេបានណាស់ ក៏ព្រោះតែមេដឹកនាំកម្ពុជាសព្វថ្ងៃ ចូលចិត្ត និយាយច្រើនជាងធ្វើ ហើយមានការត្រៀមខ្លួនតិចតួចនៅឡើយសម្រាប់ឱកាសនោះមកដល់ គឺគេជាប់រវល់ត្រៀមខ្លួនដើម្បីអំណាចច្រើនជាង។ ដូច្នេះ ដើម្បីអាចប្រកួតប្រជែង ជាមួយបណ្តាប្រទេសក្នុងតំបន់ សម្រាប់សហគមន៍អាស៊ានឆ្នាំ ២០១៥ កម្ពុជា មិនត្រឹមតែត្រូវកសាងត្រឹមមន្ទីរពិសោធន៍មួយមុខនោះទេ គឺត្រូវការកែទម្រង់គ្រប់វិស័យ អភិវឌ្ឍគ្រប់វិស័យ អប់រំធនធានមនុស្ស បច្ចេកវិជ្ជា សុខាភិបាល កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ច្បាប់ តុលាការ នយោបាយ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ៘ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រាជរដ្ឋាភិបាល ផ្នែកឯកជន សង្គមស៊ីវិល និងប្រជាពលរដ្ឋ ហើយត្រូវតម្កល់ឧត្តមប្រយោជន៍ជាតិ ខ្ពស់ជាងអ្វីៗទាំងអស់ដោយពួតដៃគ្នាជាធ្លុងមួយរវាងជនជាតិខ្មែរ គ្រប់និន្នាការទុកបញ្ហាប្រទាំងប្រទើសផ្នែកនយោបាយ មួយអន្លើ ដើម្បីនាំកូនខ្លាវ័យក្មេងមួយក្បាលនេះ ឡើងលើសង្វៀនសហគមន៍អាស៊ានឆ្នាំ២០១៥ ដ៏ខ្លីខាងមុខ ។
ខ្ញុំសូម ជូនពរលោកមានសុខភាពល្អ បញ្ញាភ្លឺស្វាង ដើម្បីសម្រេចគោលដៅរបស់លោក និងត្រលប់មក មាតុភូមិភូមិវិញ ជាមួយចំណេះដឹង ជំនាញ ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រទទួលស្គាល់ពីសង្គម មានក្រមសីលធម៌ល្អប្រកបដោយការគិតត្រូវមិនដូចបញ្ញវន្តខ្មែរ ខ្លះសិក្សានៅបរទេសសម័យមុន ដែលនាំប្រទេសធ្លាក់ ចូលក្នុងភ្នក់ភ្លើងសង្គ្រាម វិនាសហិនហោចខ្លោចផ្សាឱ្យសោះ ហើយសង្ឃឹមថា លោកនឹងរួមចំណែកជួយជាតិប្រកបដោយសម្បជញ្ញៈ មនសិការ និងលើកតម្កើងសាសនាព្រះពុទ្ធជាសាសនា របស់រដ្ឋ។ ដើម្បីក្លាយខ្លួន ជាធនធានមនុស្ស មានចំណេះដឹងពេញលេញ ត្រូវតែសិក្សាទាំងផ្នែក អាណាចក្រ និងសាសនាចក្រ (ពុទ្ធចក្រ) គឺមានន័យសាមញ្ញថា ត្រូវសិក្សាទាំងផ្លូវលោក និង ផ្លូវធម៌៕
ពី សុចរិត អតីតនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ (RULE Cambodia)
The Phnom Penh Post http://postkhmer.com/index.php/national/letter-to-editor/83529-2012-08-07-04-43-53
No comments:
Post a Comment